ខ្មែរ​មាន​ជំនឿ​បែប​ណា​ទាក់​ទង​នឹង​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ?

នៅ​ពេល​មាន​បាតុភូត​ផ្សេង​ៗ​ខុស​ប្រក្រតី ខ្មែរ​តែង​មាន​ជំនឿ​ថា​មាន​ប្រផ្នូល​ណា​មួយ​នឹង​កើត​ឡើង​ ដែល​ពេល​ខ្លះ​ជា​គ្រោះ​ល្អ ខ្លះ​ជា​គ្រោះ​អាក្រក់។

 

ខ្មែរ​មាន​ជំនឿ​បែប​ណា​ទាក់​ទង​នឹង​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ?

 

ជាក់​ស្ដែង​នៅ​ថ្ងៃ​នេះ គេ​ឃើញ​មាន​ថ្ងៃ​បាំង​ឆត្រ​រះ​ធំ​លើ​ផ្ទៃ​មេឃ​ផ្អើល​មនុស្ស​ម្នាល ដែល​ក្រឡេក​ភ្នែក​ប្រទះ​នឹង​បាតុភាព​នេះ ។ សម្រាប់​ប្រជាជន​កម្ពុជា​វិញ មួយ​ចំនួន​យល់​ថា​វា​ជា​ប្រផ្នូល​មួយ។

 

ពាក់​ព័ន្ធ​នឹង​ជំនឿ​នេះ​កញ្ញា ចរិយា ប្រាប់​ថា បើ​តាម​ពុក​ម៉ែ​ធ្លាប់​ប្រាប់ គឺ អ្នក​ធំ​មាន​ទុក្ខ។ បុគ្គលិក​នៅ​អង្គការ​ដដែល​បន្ថែម​ថា មិន​ត្រឹម​តែ​ធ្លាប់​ឃើញ​ព្រះអាទិត្យ​បាំង​ឆត្រ​ធំ​បែប​នេះ​នោះ​ទេ សូម្បី​លោក​ខែ​បាំង​ឆត្រ​ធំ​ក៏​កញ្ញា​ធ្លាប់​ឃើញ​ដែរ គឺ​ព្រឺ​ខ្លួន​តែ​ម្ដង។

 

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​ស្រី សូ​ណា ប្រាប់​ថា ​​រឿង​រ៉ាវ​​​ជឿ​លើ​បារមី​ព្រះ​អាទិត្យ​បាំង​ឆត្រ​នេះ​បើ​តាម​ចាស់​ៗ​តំណាល គឺ​អ្នក​ធំ​ឬ​ព្រះ​រា​ជា​នឹង​មាន​បញ្ហា​ណា​មួយ​ពិបាក​ចិត្ត។ តែ​ការ​ពិត​ឬ​យ៉ាង​ណា អ្នក​ស្រី​មិន​ច្បាស់​ទេ គ្រាន់​តែ​តាម​ការ​ចំណាំ​កន្លង​មក​ដូច​ជា​ត្រូវ​ខ្លះ​ៗ​ដែរ។

 

ស្ត្រី​អាយុ​ខ្ទង់​៦០​ឆ្នាំ​រូប​នេះ​បន្ត​ថា កាល​អ្នក​ស្រី​នៅ​ក្មេង​ៗ​ឃើញ​ព្រះអាទិត្យ​បាំង​ឆត្រ​ធំ​បែប​នេះ​ម្ដង​ដែរ ហើយ​ក្រោយ​មក​ស្រុក​ទេស​ចលាចល​រឿង​លោក​លន់​ណុល​ធ្វើ​រដ្ឋ​ប្រហារ។ មួយ​ទៀត​អំឡុង​ឆ្នាំ​២០១១ ក៏​មាន​លោក​ខែ​បាំង​ឆត្រ​ធំ​មួយ​ផង​ដែរ​ ស្រប​ពេល​សម្ដេច​ក្រុម​ព្រះ​ចង់​យាង​មក​ឆាក​នយោបាយ​វិញ។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៣ មាន​បាតុភូត​ថ្ងៃ​បាំង​ឆត្រ​កណ្ដាល​ផ្ទៃ​មេឃ​ នៅ​ពេល​ក្រុម​បាតុករ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

 

យ៉ាង​ណា​នេះ​គ្រាន់​ជា​ជំនឿ​ប៉ុណ្ណោះ។ តែ​បើ​តាម​​ការ​ឲ្យ​ដឹង​ពី​​វិទ្យុ Earth​​​​​ Skyផ្សាយ​​​ពី​វិទ្យាសាស្ត្រ​និង​ធម្មជាតិ​​នៃ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ ថា បាតុភូត​បែប​នេះ​កើត​ឡើង​ពី ពពក​ស្បៃ ​​(cirrus clouds) ដែល​ជា​ញឹក​ញាប់​គេ​ឃើញ​​វា​កើត​​មាន​ជា​សញ្ញា​​មុន​ពេល​ព្យុះ​​​កើត​ឡើង​ ខិត​ជិត​មក​ដល់​។

 

ពពក​ស្បៃ​​នោះ​​មាន​ផ្ទុក​​គ្រីស្តាល់​​ដូច​ទឹកកក​​តូច​ល្អិត​ៗ​​រាប់​ លាន ដែល​បណ្ដាល​ឲ្យ​​មាន​​ដំណើរ​ងាក​នៃ​កាំរស្មី​ ឬ​កើត​មាន​​ចំណាំង​ប្លាត​​​​ពេល​ពន្លឺ​នៃ​ព្រះអាទិត្យ​ឬ​ព្រះចន្ទ​ចាំង​មក បង្កើត​ជា​បាតុភូត​នេះ​ឡើង​​៕

 

អត្ថបទ៖ លឹម សុ​នា