អ៊ុក វណ្ណដេ៖ “ខ្ញុំ​បង្រៀនអត់​យក​លុយ​ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ”

លោក អ៊ុក វណ្ណដេ បានបង្កើតសាលាច្នៃពីសំរាមឈ្មោះថា «សាលាដូង» «ផ្ទះសំរាម» និង«សាលាកង់ឡាន» ដើម្បីធ្វើជាកន្លែងផ្ដល់ចំណេះដឹងផ្នែកភាសាអង់គ្លេស ផ្នែកសំរាម និងកុំព្យូទ័រដល់ក្មេងៗ នៅលើកោះដាច់ក្នុងភូមិ រនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមិនយកប្រាក់កម្រៃ មួយកាក់មួយសេនឡើយ ប៉ុន្តែយកតែសំរាមប៉ុណ្ណោះ។ ដូច្នេះសូមស្ដាប់បទសម្ភាសន៍រវាងលោក វណ្ណដេ ជាមួយ Sabay ទាំងអស់គ្នា!

អ៊ុក វណ្ណដេ៖ “ខ្ញុំ​បង្រៀនអត់​យក​លុយ​ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ”

Sabay៖ ជម្រាបសួរលោកគ្រូ អ៊ុក វណ្ណដេ! តើសាលាដូងរបស់លោកបង្កើតបានប៉ុន្មានឆ្នាំហើយ? បង្កើតក្នុងគោលបំណងអ្វី?

លោក អ៊ុក វណ្ណដេ៖ សាលារបស់ខ្ញុំនេះបង្កើតបាន ៣ ឆ្នាំ ៦ ខែហើយ។ ខ្ញុំបង្កើតឡើងដើម្បីមិនចង់ឱ្យប្រជាជនខ្មែរយើង បោះសំរាមចោលផ្ដេសផ្ដាស និងចង់ឱ្យពួកគាត់ កែច្នៃសំរាមឱ្យក្លាយជាប្រយោជន៍ដល់សង្គម ដូចជាសាលា សួនច្បារ កៅអី តុអីជាដើម។ ជាពិសេសចង់ជួយក្មេងៗនៅលើកោះឱ្យបានរៀន កុំព្យូទ័រ អង់គ្លេស និងផ្នែកសំរាមឥតគិតថ្លៃផងដែរ។

Sabay៖ តើលោកបង្រៀនសិស្សយកប្រាក់ដែរឬទេ?
លោក អ៊ុក វណ្ណដេ៖ ខ្ញុំបង្រៀនក្មេងៗអត់យកលុយទេ ខ្ញុំយកតែសំរាមប៉ុណ្ណោះ ហើយថែមទាំងឱ្យសៀវភៅពួកគេរៀនទៀតផង។ ឱ្យតែមានសំរាមមករៀនបានហើយ។ ខ្ញុំឱ្យពួកគេយកសំរាមពីផ្ទះ ដូចជាដប កំប៉ុង ថង់អីជាដើម បើផ្ទះគាត់គ្មានសំរាមទេ ខ្ញុំស្នើឱ្យពួកគេរើសពីកន្លែងផ្សេងៗ ដើម្បីឱ្យខ្ញុំច្នៃជាសាលារៀន សួនច្បារអីចឹងទៅ។

Sabay៖ មកពីក្មេងៗទាំងអស់ហ្នឹងក្រីក្រមែនទេ បានជាលោកបង្រៀនយកតែសំរាមពីពួកគេ?

លោក អ៊ុក វណ្ណដេ៖ នៅលើកោះហ្នឹងថាក្រីក៏ម្យ៉ាងដែរ តែសំខាន់ការសិក្សារបស់គាត់ ត្រូវឆ្លងកាត់សាឡាងទៅរៀន។ វាអាចបង្កឱ្យគាត់មានគ្រោះថ្នាក់ ដូចជាលិចសាឡាងជាដើម។ បើមានរលកធំៗ ឬមានភ្លៀងអីទៅ គាត់អាចខកខានរៀន។ ពេលយើងបង្កើតសាលានៅលើកោះ គាត់អាចរៀនអង់គ្លេស កុំព្យូទ័រ និងផ្នែកសំរាមឥតគិតថ្លៃ ហើយនៅជិតផ្ទះរបស់គាត់ទៀត។

Sabay៖ តើការបើកសាលានេះ មានទទួលស្គាល់ពីក្រសួងអប់រំ ឬបរិស្ថានដែរឬទេ?

លោក អ៊ុក វណ្ណដេ៖ បាទ! អត់ទេ! សាលាយើងនេះក្រៅប្រព័ន្ធ។ ខ្ញុំបើកហ្នឹងអត់មានពាក់ព័ន្ធនឹងរដ្ឋទេ ហើយខាងបរិស្ថានក៏គាត់អត់ដែលមកពិនិត្យអីដែរ។ ខ្ញុំបើកអង់គ្លេស កុំព្យូទ័រ និងផ្នែកសំរាម រដ្ឋអត់មានទេ។ និយាយទៅសាលានៅលើកោះនេះ បង្កើតឡើងលក្ខណៈក្រៅប្រព័ន្ធ ដើម្បីឱ្យសិស្សបានរៀនឥតគិតថ្លៃ។

អ៊ុក វណ្ណដេ៖ “ខ្ញុំ​បង្រៀនអត់​យក​លុយ​ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ” អ៊ុក វណ្ណដេ៖ “ខ្ញុំ​បង្រៀនអត់​យក​លុយ​ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ”លោក អ៊ុក វណ្ណដេ

Sabay៖ តើសាលានៅលើកោះនេះ មានសិស្ស និងគ្រូបង្រៀនប៉ុន្មាននាក់? បង្រៀនយ៉ាងម៉េចដែរ?
លោក អ៊ុក វណ្ណដេ៖ សព្វថ្ងៃមានសិស្សជាង ២០០ នាក់ និងគ្រូស្ម័គ្រចិត្ត ៧នាក់។ ចំពោះគ្រូស្ម័គ្រចិត្ត គាត់ពេញចិត្តជួយ រីឯការបង្រៀន យើងបែងចែកតាមកម្រិតតាមក្រុម ដូចជា English for Children, Beginner ចឹងទៅ។ យើងបង្រៀនតាមកម្រិត គ្រូម្នាក់គ្រប់គ្រងមួយក្រុម ៣០-៤០ នាក់។ ចំណែកកុំព្យូទ័រដូចគ្នា រៀនវគ្គ Word, Excel, Power point។ សព្វថ្ងៃសិស្សគ្រប់អាយុរៀនកុំព្យូទ័រមាន ខ្ទង់ ៩០ នាក់ ហើយយើងមានកុំព្យូរទ័រ ១៣ គ្រឿង។

Sabay៖ តើមានការគាំទ្រពីឪពុកម្ដាយសិស្សដែរឬទេ?

លោក អ៊ុក វណ្ណដេ៖ ពីដំបូងឡើយពួកគាត់អត់ទុកចិត្តយើងទេ ពួកគាត់យល់ថា ធ្វើសាលាចឹងមិនល្អ ហើយខ្លាចយើងប្រើកូនកាត់ធ្វើអីចឹងទៅ ប៉ុន្តែក្រោយមកពួកគាត់យល់ច្រើន ហើយសិស្សក៏ចេះតែកើនឡើង។

Sabay៖ យល់ម៉េចដែរ ពេលឪពុកម្ដាយសិស្សគាំទ្រ និងទុកចិត្តអ៊ីចឹង?

លោក អ៊ុក វណ្ណដេ៖ ឱ្យសប្បាយចិត្ត មិនសប្បាយទេ ព្រោះត្រូវធ្វើការកាន់តែធ្ងន់ ស្មាកាន់តែធ្ងន់ធ្ងរជាងមុន។ ណាមួយយើងបង្រៀនអត់យកលុយទេ ឱ្យរីករាយអត់រីករាយទេ។ ពីមុនយើងបើកបីឆ្នាំថា បើអត់មានអ្នករៀនយើងអាចបិទបាន តែឥលូវពួកគាត់មានចលនាមករៀនច្រើន ចឹងយើងត្រូវតែបន្ត ធ្វើឱ្យសាលានេះដើរ។ ដូចខ្ញុំនិយាយលេងថា ជួយគេរហូតជំពាក់គេជុំទិស។ ឥលូវជំពាក់គេក៏ច្រើនដែរ។

Sabay៖ ចំពោះដីថ្លីវិញ ជារបស់អ្នកណា? ខាងមេភូមិជាគាំទ្រអត់?

លោក អ៊ុក វណ្ណដេ៖ ដីជារបស់អ្នកភូមិ ខ្ញុំអត់ស្គាល់គាត់ទេ តែគាត់យល់ថា កូនគាត់រៀននៅហ្នឹងដែរ គាត់ឱ្យប្រើដីហ្នឹងសិនទៅ ហើយគាត់ក៏អត់ដែលរករឿងយើងដែរ។ គាត់គាំទ្រគម្រោងរបស់យើង។ ចំណែកមេភូមិវិញ ខ្ញុំជូនដំណឹងគាត់ថា ខ្ញុំចង់បង្កើតសាលាជួយក្មេងៗ គាត់ក៏យល់ព្រមគាំទ្រដែរ។

អ៊ុក វណ្ណដេ៖ “ខ្ញុំ​បង្រៀនអត់​យក​លុយ​ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ”

Sabay៖ តើមានខាងណាគេជួយទេ ហើយបើមានអង្គការណាមួយចង់ចាប់ដៃគូជាមួយ តើលោកយល់ព្រមទេ?

លោក អ៊ុក វណ្ណដេ៖ មិនមានជាស្ថិតស្ថេរទេដូចជាមួយវឹបៗអ៊ីចឹងណា ហើយបើមានអង្គការល្អៗមកជួយអី ខ្ញុំចង់ឱ្យប្រគល់សាលាឱ្យទៅគេទៀតផង បើសិនខ្ញុំមើលថាប្រវត្តិល្អ ហើយហ្នឹងគោរពលក្ខខណ្ឌខ្ញុំពីរទៅបានហើយ។

Sabay៖ មុននឹងបង្កើតសាលាខាងលើ តើលោកគ្រូមានបានរៀនពីផ្នែកសំរាមនៅទីណាទេ?
លោក អ៊ុក វណ្ណដេ៖ ខ្ញុំអត់បានរៀនទេ តែបន្ទាប់ពីខ្ញុំជិះកង់ដើរលេង ឃើញប្រជាជនខ្មែរយើងបោះសំរាមចោលពាសវាលពាសកាល ខ្ញុំក៏ចាប់ផ្ដើមថា ចង់ច្នៃរបស់អស់នេះជាប្រយោជន៍ជាពិសេសចង់ធ្វើសាលាឱ្យក្មេងរៀន។ មុននឹងធ្វើសាលានេះ ខ្ញុំក៏បានយកសំរាមច្នៃជារបស់ប្រើប្រាស់នៅផ្ទះរបស់ខ្ញុំដែរ។

សាលារបស់លោក អ៊ុក វណ្ណដេ បើកបង្រៀននៅថ្ងៃច័ន្ទ – សុក្រ ចាប់ពីម៉ោង ៥៖៣០នាទីល្ងាច ដល់ ៨៖៣០នាទីយប់ ចំណែកថ្ងៃសៅរិ៍-អាទិត្យ ចាប់ពីម៉ោង ១០ ព្រឹកដល់ ៨៖៣០នាទីយប់។

លើផ្ទៃដីទំហំទទឹង ១៦ និងបណ្ដោយ ៦៥ ម៉ែត្រនៃកោះដាច់លោកគ្រូ វណ្ណដេ បានបង្កើតសាលាចំនួនបីទីមួយ «សាលាដូង» ធ្វើពីដូងសុទ្ធ «ផ្ទះសំរាម» ជាបណ្ណាល័យ និងថ្នាក់កុំព្យូទ័រ ដែលធ្វើពីសំរាម ៩០% និង «សាលាកង់ឡាន» ធ្វើពីកង់ឡានជាង២០០គ្រាប់។

ជាចុងក្រោយលោកសូមផ្ដាំទៅយុវជនខ្មែរ ងាកមកចាប់អារម្មណ៍នឹងការកែច្នៃសំរាមទៅជារបស់មានប្រយោជន៍សម្រាប់សហគមន៍ នៅគ្រប់ខេត្ត។ លោកគ្រូវ័យ ៣១ឆ្នាំ មកពីខេត្តបាត់ដំបងរូបនេះ បាននិយាយថា៖ “សំរាមជាសម្បត្តិតែមួយគត់របស់ខ្ញុំ”៕

អ៊ុក វណ្ណដេ៖ “ខ្ញុំ​បង្រៀនអត់​យក​លុយ​ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ” អ៊ុក វណ្ណដេ៖ “ខ្ញុំ​បង្រៀនអត់​យក​លុយ​ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ” អ៊ុក វណ្ណដេ៖ “ខ្ញុំ​បង្រៀនអត់​យក​លុយ​ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ” អ៊ុក វណ្ណដេ៖ “ខ្ញុំ​បង្រៀនអត់​យក​លុយ​ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ”

ប្រភព៖ sabay

  • អ៊ុក វណ្ណដេ៖ “ខ្ញុំ​បង្រៀនអត់​យក​លុយ​ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ”已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:ជីវិតនិងសង្គម
Tags: