លោក សម រង្ស៊ី បញ្ជាក់​ពី​បញ្ហា​ជំនួយ​អន្តរជាតិ និង​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​កម្ពុជា​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅថ្ងៃនេះ បានបញ្ជាក់​ថា​លោក​បាន​ទៅដល់​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក ហើយ​លោក​បានធ្វើការ​កត់សម្គាល់ ពី​បញ្ហា​ជំនួយ​អន្តរជាតិ និង​លទ្ធិប្រជាធិបតេយ្យ ។ ការបញ្ជាក់​របស់លោក សម រង្ស៊ី បានធ្វើ​ឡើង​ស្រប​ពេលដែល​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំអក​ឲ្យ​ម្ចាស់ជំនួយ​អន្តរជាតិ​ដែល​ព្រមាន​ផ្តាច់ជំនួយ​មក​ប្រទេស​កម្ពុជា​ជុំវិញ​ករណី​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា​ក្នុង​ការទទួល​ជំនួយ​អន្តរជាតិ របប​ផ្តាច់ការ​នីមួយៗ​តែងតែ​ចាប់​ប្រជាពលរដ្ឋ​ដែល​ខ្លួន​គ្រប់គ្រង ធ្វើជា​ចំណាប់ខ្មាំង ដោយ​អះអាងថា បើ​សហគមន៍​អន្តរជាតិ​កាត់​ជំនួយ នោះ​ប្រជាពលរដ្ឋ​ទេ​ដែល​នឹង​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ ពីព្រោះ​មេដឹកនាំ​ប្រទេស និង​ក្រុមគ្រួសារ​គេ​នៅតែមាន​ជីវភាព​ធូរធារ​ជានិច្ច​។ លោក សម រង្ស៊ី បាន​បន្តថា មេដឹកនាំ​ផ្តាច់កា​រណា​ក៏​ធ្វើជា​មិន​យល់ថា សហគមន៍​អន្តរជាតិ​ម្ចាស់ជំនួយ គេ​មាន​បំណងល្អ​ទេ ក្នុងការ​ជំរុញ​ប្រទេស​ក្រីក្រ​ដែល​ទទួល​ជំនួយ​ពី​គេ ឲ្យ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែល​នឹង​នាំមក​នូវ​អភិបាលកិច្ច​ល្អ​។ ប្រទេស​ម្ចាស់ជំនួយ​ដែលជា​ប្រទេស​ប្រជាធិបតេយ្យ គេ​អត់​មាន​ផលប្រយោជន៍​អ្វី​ទេ ក្រៅពី​ចង់ឃើញ​ប្រទេស​ដែល​ទទួល​ជំនួយ​ពី​គេ បាន​ស្គាល់​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ដូច​គេ​ដែរ ហើយ​ថ្ងៃ​ណាមួយ​មិនចាំបាច់​សុំ​ជំនួយ​ពី​គេ​ទៀត​។​

ក្នុង​ស្ថានការណ៍​បច្ចុប្បន្ននេះ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ប្រទេស​កម្ពុ​ជាមាន​ជម្រើស​ពីរ ៖​ទី​១-​មេដឹកនាំ​មិន​ព្រម​កែខ្លួន ពេលនោះ​ប្រទេស​នឹង​បាត់​ជំនួយ​។ ទី​២-​មេដឹកនាំ​ចេះ​កែខ្លួន​ដោយ​ចាប់ផ្តើម​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ពេលនោះ​ជំនួយ​នៅតែ​បន្ត ហើយ​មានតែ​កើនឡើង​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា គ្មាន​ព្រហ្ម​លិខិត​ណា​តម្រូវ​ឲ្យ​យើង​យក​ជម្រើស​ទី​១​ទេ ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ទាំង​សេរីភាព ទាំង​ជំនួយ​អន្តរជាតិ​។ ផ្ទុយទៅវិញ យើង​ត្រូវ​ជំរុញ​ឲ្យ​ប្រទេស​យើង​យក​ជម្រើស​ទី​២​វិញ ដែល​ធ្វើ​ឲ្យ​យើង​ទទួលបាន​ទាំង​សេរីភាព ទាំង​ជំនួយ​អន្តរជាតិ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ពេលនេះ ជំនួយ និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​រូបភាព​ថ្មី និង​សំខាន់​ពីរ​យ៉ាង ដែល​អាច​ផ្តល់​ផលប្រយោជន៍​ដ៏​ធំធេង សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ៖ ទី​១- ទីផ្សារ​ដ៏​ធំ​ទូលំទូលាយ ដែលមាន​លក្ខណៈ​អនុគ្រោះ សម្រាប់​ទំនិញ​ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា​។ ទី​២- ការវិនិយោគ​ពី​សហគ្រាស​ធំៗ ដែលមាន​ទីតាំងនៅ​សហរដ្ឋអាមេរិក និង​ទ្វីបអឺរ៉ុប​។ ការវិនិយោគ​ប្រកបដោយ​គុណភាព នឹង​នាំមក​នូវ​ការងារ​ល្អៗ ជំនាញ​ខ្ពស់ ប្រាក់ខែ​ច្រើន សម្រាប់​ពលករ​នៅ​ប្រទេស​កម្ពុជា​។ ការវិនិយោគ​បែបនេះ មិនមែន​គ្រាន់តែ​ផ្តល់​ជាដើម​ទុន​ទេ តែ​នឹង​នាំមក​ផងដែរ​នូវ​ការផ្ទេរ​បច្ចេកវិទ្យា គឺ​ការផ្តល់​ជំនាញ​វិជ្ជាជីវៈ និង​ចំណេះដឹង​ជាច្រើន ដែល​នឹង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន​។​

​គួរ​បញ្ជាក់ថា នៅថ្ងៃនេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សជំទាស់ បានបញ្ជាក់​គោលជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ថា បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ពេញចិត្ត​របៀប​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​មន្ត្រី​សង្គម​ស៊ីវិល​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់ឃើញ​ម្ចាស់ជំនួយ​អន្តរជាតិ​ផ្តាច់ជំនួយ​មកលើ​ប្រទេស​កម្ពុជា​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ពិសេស​ពលរដ្ឋ​ក្រីក្រ​៕

13394206_1124020840987981_7897715333732426822_n