សង្វៀន​បញ្ជល់មាន់​នៅ​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​សង្គម​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​សង្វៀន​បញ្ជល់មាន់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​តទៅទៀត​។ ដោយហេតុថា ផ្ដើមចេញពី​សង្វៀន​បញ្ជ​ល់​មាន់នៅ​ភូមិ​វត្ត​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ បានធ្វើ​ឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​ជាច្រើន​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម​។ កន្លងមក​អភិបាលស្រុក​សង្កែ និង​អធិការនគរបាល​ស្រុក​សង្កែ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ប្រហែល​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​។

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​វត្ត​សម្ដេច បាន​ឲ្យ​ដឹងថា ក្នុងភូមិ​ពួកគាត់​មាន​គេ​បើក​សង្វៀន​បញ្ជល់មាន់​មួយកន្លែង​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ មិនទាន់មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ សង្វៀន​បញ្ជល់មាន់​នោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​បុរស​ម្នាក់​ឈ្មោះ ស្នា ដែល​ត្រូវ​ប្រជាពលរដ្ឋ​អះអាងថា​ជា​មន្ត្រីនគរបាល​ស្រុក​សង្កែ ហើយ​អាចមាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​។ សង្វៀន​បញ្ជល់មាន់​នៅ​ភូមិ​វត្ត​សម្ដេច​នេះ បាន​បើក​លេង​មួយ​សប្ដាហ៍​២​លើក គឺ​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​ព្រហស្បតិ៍ ហើយ​មាន​អ្នកចូលរួម​លេង​យ៉ាងច្រើន​កុះករ​មិនដែល​ឃើញ​សមត្ថកិច្ច​នគរបាល និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​សង្កែ ចាត់វិធានការ​បង្ក្រាប​លុបបំបាត់​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។

ដោយសារ​ព្រួយបារម្ភ​ពី​រឿង​បទល្មើស​ផ្សេងៗ​កើតឡើង​កាន់តែច្រើន​ប​ណ្ដា​ល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះ ទើប​ប្រជាពលរដ្ឋ​ឃុំ​តា​ប៉ុន អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ក្នុងភូមិ​វត្ត​សម្ដេច ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេស​ង្វៀន​បញ្ជល់មាន់​នោះ នឹងមាន​លក្ខណៈ​កាន់តែ​ធំ​ឡើងៗ​ព្រោះ​អ្នកទទួលខុសត្រូវ​ឈ្មោះ ស្នា បាន​ប្រាប់​អតិថិជន​របស់ខ្លួន​ថា គេ​បាន​បង់លុយ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​អស់ហើយ ទើប​អាច​ដំណើរការ​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ​។ ជាក់ស្ដែង​រយៈពេល​ជាច្រើន​ខែ​កន្លងទៅនេះ សង្វៀន​បញ្ជល់មាន​ក្នុងភូមិ​វត្ត​សម្ដេច ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​អ្នកភូមិ ព្រោះ​ក្នុង​មួយថ្ងៃៗ​មាន​មនុស្ស​រាប់រយ​នាក់​ទៅ​ចាក់​បញ្ជល់មាន់ ហើយ​នាំគ្នា​ស្រែក​ហ៊ោ​ឮ​កងរំពង​ពេញ​ភូមិ​៕

13394169_1718701378396553_2133720079738150420_n 13393925_1718701361729888_3285025855804147929_n​    ​