ស​.​រ​.​អា​.​ជំរុញ​ឲ្យ​អ្នក​ផលិត​ចំណីអាហារ​កាត់បន្ថយ​បរិមាណ​អំបិល​១​ភាគ​៣​នៅក្នុង​ចំណីអាហារ​ និពន្ធដោយ : VOA       June-14-2016, 1:39 pm         65

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ស​.​រ​.​អា​.​ជំរុញ​ឲ្យ​អ្នក​ផលិត​ចំណីអាហារ​កាត់បន្ថយ​បរិមាណ​អំបិល​១​ភាគ​៣​នៅក្នុង​ចំណីអាហារ​​វ៉ាស៊ីនតោន​៖ អាជ្ញាធរ​ចំណីអាហារ និង​ឱសថ​របស់​សហរដ្ឋអាមេរិក ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ផលិត​ចំណីអាហារ និង​ភោជនីយដ្ឋាន​នានា​កាត់បន្ថយ​បរិមាណ​អំបិល​ឲ្យ​បាន​១​ភាគ​៣​ក្នុង​ចំណីអាហារ​របស់​ពួកគេ នៅក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ​។​

​ឯកសារ​ព្រាង​នៃ​គោលការណ៍​ណែនាំ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​១​ខែមិថុនា គឺ​ស្ថិតក្នុង​លក្ខណៈ​ជាការ​អនុវត្ត​ស្ម័គ្រ​ដោយ​ចិត្ត​នៅឡើយ ប៉ុន្តែ​អាជ្ញាធរ​ចំណីអាហារ​និង​ឱសថ​សង្ឃឹមថា ការកាត់បន្ថយ​បរិមាណ​អំបិល​សូ​ដ្យូ​ម​នៅក្នុង​ចំណីអាហារ​របស់​ជនជាតិ​អាមេរិក នឹង​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឡើង​សម្ពាធ​ឈាម​ខ្ពស់ ឬ​ការ​លើសឈាម ដែល​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​បាន​ឆក់យក​ជីវិត​មនុស្ស​១.០០០​នាក់ ជា​រៀងរាល់ថ្ងៃ​នៅ​សហរដ្ឋអាមេរិក​។​

​តាម​ព័ត៌មាន​ដែល​បាន​បង្ហោះ​លើ គេហទំព័រ​ផ្លូវការ​របស់​អាជ្ញាធរ​ចំណីអាហារ​និង​ឱសថ បានសរសេរថា​៖ «​ការប្រើប្រាស់​អំបិល​សូ​ដ្យូ​ម និង​សម្ពាធ​ឈាមមាន​ទំនាក់ទំនង​គ្នា​យ៉ាងខ្លាំង និង​ត្រូវបាន​គេ​រកឃើញ​យ៉ាង​ជាក់ច្បាស់​។ សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជា​កត្តា​នៃ​គ្រោះថ្នាក់​ដ៏​ខ្ពស់​សម្រាប់​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។ ការរកឃើញ​បែបនេះ ក៏មាន​ការឯកភាព​ពី​ស្ថាប័ន​ជំនាញ​នានា​ផងដែរ ដូចជា​វិទ្យាស្ថាន​សុខាភិបាល ដោយ​ស្នើ​ឲ្យ​មានការ​កាត់បន្ថយ​ការប្រើប្រាស់​អំបិល​សូ​ដ្យូ​ម​ឲ្យ​តិចជាង​២.៣០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​»​។​

​បច្ចុប្បន្ននេះ ប្រជាជន​អាមេរិកាំង​ជា​មធ្យម ប្រើប្រាស់​អំបិល​សូ​ដ្យូ​ម​៣.៤០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ បញ្ហា​នេះ​មិនមែន​ដោយសារ​ប្រជាជន​ប្រើប្រាស់​បរិមាណ​អំបិល​ច្រើន​នៅពេល​បង់​ទៅលើ​ម្ហូបអាហារ​របស់​ពួកគាត់​ទេ​។ ប៉ុន្តែ​បញ្ហា​គឺ​ដោយសារ​ចំណីអាហារ​ដែល​ផលិត​ចេញពី​រោងចក្រ​នោះ​មាន​ផ្ទុក​បរិមាណ​អំបិល​ច្រើន​រួចស្រេច​ទៅហើយ​។​

​លោក​វេជ្ជបណ្ឌិត Thomas Frieden ដែលជា​មន្ត្រី​ជំនាញ​សុខភាព​សាធារណៈ​ដ៏​ឆ្នើម​បំផុត​មួយរូប​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការទប់ស្កាត់ និង​បង្ការ​ជំងឺ​របស់​រដ្ឋ ក៏បាន​យល់ស្រប​ទៅនឹង​ការកម្រិត​ការប្រើប្រាស់​បរិមាណ​អំបិល​សូ​ដ្យូ​ម​នេះដែរ ដូចដែល​លោក​បាន​ផ្សព្វផ្សាយ​ក្នុង​អត្ថបទ​ដែល​ចុះ​នៅលើ​គេហទំព័រ​នៃ​ព្រឹត្តិបត្រ​របស់​សមាគម​សុ​ខា​ភិ​បាល​អាមេរិកាំង​។​

​លោក Frieden និយាយថា ការកាត់បន្ថយ​បរិមាណ​អំបិល​សូ​ដ្យូ​ម​១២​ភាគរយ​ជាប្រចាំ​ក្នុង​ចំណីអាហារ នឹង​អាច​បង្ការ​ជំងឺ​គាំងបេះដូង​ចំនួន​៣២.០០០​ករណី និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ចំនួន​២០.០០០​ករណី ជា​រៀងរាល់ឆ្នាំ​។​

​លោកស្រី Sylvia Burwell រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស បាន​និយាយថា​៖ «​ប្រជាជន​អាមេរិកាំង​ជាច្រើន ចង់​កាត់បន្ថយ​បរិមាណ​អំបិល​សូ​ដ្យូ​ម​ក្នុង​របប​អាហារ​របស់​ពួកគេ ប៉ុន្តែ វា​ពិបាក​នឹង​កាត់បន្ថយ​ណាស់ នៅពេលដែល​ចំណីអាហារ​ដែល​ពួកគេ​ទិញ​ពី​ហាង និង​នៅក្នុង​ភោជនីយដ្ឋាន មាន​ផ្ទុក​បរិមាណ​អំបិល​សូ​ដ្យូ​ម​ច្រើន​រួច​ស្រាប់​ទៅហើយ​។ ការប្រកាស​ព័ត៌មាន​នៅពេលនេះ គឺ​ចង់​ផ្តល់​សិទ្ធិអំណាច​ដល់​អ្នកប្រើប្រាស់​វិញ​ទេ ដើម្បី​ឲ្យ​ពួកគាត់​អាច​គ្រប់គ្រង​លើ​បរិមាណ​អំបិល​ក្នុង​ចំណីអាហារ​ដែល​ពួកគាត់​បរិភោគ និង​ជួយ​លើកកម្ពស់​សុខភាព​រប​ស់​ពួកគេ​»​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ អ្នកវិទ្យាសាស្ត្រ​មួយចំនួន បាន​អះអាងថា ទំនាក់ទំនង​ខ្លាំង​រវាង​ការប្រើប្រាស់​អំបិល​សូ​ដ្យូ​ម​ជាមួយនឹង​ជំងឺ​បេះដូង មិនទាន់បាន​រកឃើញ​ច្បាស់​នៅឡើយ​។​

​លោក Steven Nissen ដែលជា​ប្រធាន​នៃ​ក្រុម​ព្យាបាល​សរសៃឈាម​បេះដូង នៅ​គ្លីនិក Cleveland បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន USA Today ថា​៖ «​វិទ្យាសាស្ត្រ​មិនទាន់​រកឃើញ​បញ្ហា​នេះ​ជាក់លាក់​ទេ ដូច្នេះ ប្រសិនបើ​យើង​និយាយ​ជាទូទៅ ខ្ញុំ​មិនអាច​គាំទ្រ​អនុសាសន៍​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​បរិមាណ​អំបិល​សូ​ដ្យូ​ម ដែល​មិនមាន​ការរកឃើញ​តាមបែប​វិទ្យាសាស្ត្រ​ឲ្យ​ប្រាកដប្រជា​នោះទេ​»​។​

​មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​ចំណីអាហារ និង​ឱសថ លោកស្រី Susan Mayne និយាយថា អនុសាសន៍​របស់​អ្នករៀបចំ​គោលនយោបាយ គឺធ្វើឡើង​យ៉ាង​ប្រយ័ត្នប្រយែង​។ លោកស្រី​បាន​សរសេរ​នៅលើ​គេហទំព័រ​របស់​អាជ្ញាធ​រ​ចំណីអាហារ និង​ឱសថ​ថា​៖ «​យើងទាំងអស់គ្នា​ដឹងថា អំបិល​សូ​ដ្យូ​ម​មាន​មុខងារ​សំខាន់​ជាច្រើន​សម្រាប់​ចំណីអាហារ ដូចជា​ឱជា​រស កម្រិត​រសជាតិ​ខ្លាំង​ឬ​ស្រាល និង​សុវត្ថិភាព​គ្មាន​មីក្រុប​ក្នុង​ចំណីអាហារ​។ ហើយ​យើង​មិនអាច​ចេះតែ​ដក​បរិមាណ​អំបិល​សូ​ដ្យូ​ម ដោយ​មិនបាន​គិតគូរ​ពី​មុខងារ​សំខាន់​ទាំងអស់នេះ​បានឡើយ​»៕

​ប្រែ​សម្រួល​ដោយ កោះ សុគ​ន្ធី​