ប្រតិកម្ម​របស់​បេក្ខជន​សេត​វិមាន​ក្រោយ​ការ​សម្លាប់​រង្គាល​នៅ ORLANDO

ការ​សម្លាប់​រង្គាល​នៅ ORLANDO ធ្វើ​ឱ្យ​រំជើបរំជួល​ដល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋ​អា​មេ​រិ​ក ហើយ​បង្ខំ​ឱ្យ​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ និង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បញ្ចេញ​ប្រតិកម្ម​រៀង​ៗ​ខ្លួន ។

ដោយ​ចោទ​គូប្រជែង​ថា លេងសើច​ជ្រុល​ចំពោះ​អ៊ិ​ស្លា​ម​រ៉ា​ឌី​កាល់ បេ​ក្ខ​នារី​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន អំពាវនាវ​ឱ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​​លើ​ការ​លក់​អាវុធ ។ លោកស្រី​មាន​ប្រសាសន៍​ថា ខ្ញុំ​គិត​ថា បណ្តា​អាវុធ​សម្រាប់​ធ្វើសង្គ្រាម​ពុំ​ត្រូវ​ឱ្យ​មាននៅ​តាម​ដង​វិ​ថី​របស់​យើង​ឡើយ ។ មែនហើយ​យើង​អាច​មានការ​ខ្វែងគំនិត​គ្នា​ទាក់ទិន​នឹង​បែបបទ​ស្តី​ពី​អាវុធ ក៏​ប៉ុន្តែ​យើង​នឹង​អាច​ស្វែងរក​ការ​ព្រមព្រៀង​គ្នា លើ​ចំណុច​សំខាន់​មួយ​ចំនួន ។

ប្រ​សិន​ពី FBI ត្រួតពិនិត្យ​អ្នក​លើ​ការ​មាន​ទំនាក់ទំនង​ជាមួយ​ភេរវកម្ម នោះ​អ្នក​នឹង​ពុំ​អាច​ដើរទៅ​ទិញ​អាវុធ​ដោយ​គ្មាន​បញ្ហា​ណាមួយ ឡើយ ។ ទោះបី​យ៉ាងណា​ចំពោះ​លទ្ធិ​ជ្រុល​និយម​លោកស្រី​បាន​បរិហារ​ចំពោះ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត គុយ​វ៉ែ​ត និង​កា​តា​ថា​ជា​អ្នក​ផ្តល់​ហិរញ្ញវត្ថុ​ពិភពលោក​ចំពោះ​មនោគមន៍វិជ្ជា​ជ្រុលនិយម ។ លោក​អះអាង​ថា​ចាំបាច់​ត្រូវ​រារាំង​ពួក​ភេរវ​ករ​កុំឱ្យ​ទទួល​បាន​អាវុធ ។

សម្រាប់​ពេល​នេះ​លោកស្រី​គ្លី​ន​តុ​ន បដិសេធ​មិន​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​សហគមន៍​អ៊ិ​ស្លា​ម​ទាំងមូល​ឡើយ ។

ចំណែក​លោក DONALD TRUMP បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​វិញ​អះអាង​ថា ពុំ​មែន​បញ្ហា​អាវុធ​ទេ ដែល​ជា​មូលហេតុ ក៏​ប៉ុន្តែ​គឺ​ពួក​អន្តោប្រវេសន៍​មក​ពី​បណ្តា​ប្រទេស​ទាក់ទិន​នឹង​គ្រោះថ្នាក់​ភេរវកម្ម ។ ដូច្នេះ​លោក​ស្នើ​ឱ្យ​ផ្អាក​អន្តោប្រវេសន៍​មក​ពី​តំបន់​ទាំងនេះ ។ លោក​គូសបញ្ជាក់​ថា យើង​ពុំ​អាច​បន្ត​បណ្តោយ​ឱ្យ​មនុស្ស​ច្រើន​ៗ​ពាន់​នាក់​ចូល​ក្នុង​ប្រទេស​យើង​ឡើយ ។ មនុស្ស​ច្រើន​នាក់​ក៏​យល់​ឃើញ​បែប​នេះ ចំពោះ​ខ្មាន់កាំភ្លើង​ដ៏​សាហាវ​នោះ​ដែរ ។ ហេតុផល​តែ​មួយ​គត់ ដែល​ឃាតករ​ស្ថិត​នៅ​អា​មេ​រិក ក៏​ព្រោះតែ​យើង​អនុញ្ញាត​ឱ្យ​គ្រួសារ​គេ​មក​កាន់​ទី​នេះ ។ នេះ​ជា​រឿង​ដែល​យើង​ត្រូវ​និយាយ ។

បញ្ហា​សន្តិសុខ​ជាតិ និង​ភេរវកម្ម​ពេល​នេះ​ជា​ប្រធានបទ​សំខាន់​បំផុត​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ៕