អាវុធ​នុយក្លេអ៊ែរ​សល់​មិនសូវ​ច្រើន តែ​ទំនើប​បំផុត រួច​ពុំ​មាន​ប្រទេស​ណា​ត្រៀម​បោះបង់​ចោល​ឡើយ

យោង​តាម​របាយ​កា​រាំ​ណ៍​ប្រចាំឆ្នាំ​មួយ​របស់​វិទ្យាស្ថាន​អន្តរជាតិ​ស្រាវជ្រាវ​សន្តិភាព​ក្រុង​ស្តុក​ខូ​ល SIPRI ថា ចំនួន​អាវុធ​នុយក្លេអ៊ែរ​មានការ​ថយ​ចុះ​លើ​ពិភពលោក ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ការ​ធ្វើ​ឱ្យ​ទំនើប​នូវ​អាវុធ​មហា​ប្រល័យ​នេះ​នៅ​តែ​បន្ត ។

SIPRI បន្ត​ថា ទោះបី​យ៉ាងណា ពុំ​មាន​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ​ណាមួយ​ត្រៀមខ្លួន​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​ឡើយ ។ យោង​តាម​ទិន្នន័យ​នា​ដើមឆ្នាំ​២០១៦ ប្រទេស​៩ គឺ រុ​ស្ស៊ី សហរដ្ឋ​អា​េ​ម​រិ​ក អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ា​គី​ស្ថាន អីុ​ស្រា​អែ​ល និង​កូរ៉េ​ខាងជើង មាន​អាវុធ​នុយក្លេអ៊ែរ​សរុប​ជិត​១៥.៣៩៥​គ្រាប់ ។ ពិតជា​តិច​ជាង​ឆ្នាំ​២០១៥ បន្តិច ដែល​មាន​១៥.៨៥០​គ្រាប់ ក្នុង​នោះ​៤.១២០​គ្រាប់ កំពុង​ធ្វើ​ប្រតិបត្តិការ ។

ពួក​អ្នកវិភាគ​របស់ SIPRI ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ធ្វើការ​កត់​សម្គាល់ថា ការ​ថយ​ចុះ​នៃ​ចំនួន​អាវុធ​នុយក្លេអ៊ែរ ដោយសារ​ជា​ពិសេស​ការ​កាត់​បន្ថយ​របស់​រុ​ស្ស៊ី និង​អាមេរិក ដែល​តំណាង​ឱ្យ​ជាង​៩៣%​នៃ​សក្តានុពល​នុយក្លេអ៊ែរ ពិភពលោក ។ ក៏​ប៉ុន្តែ​ដំណើរការ​កាត់​បន្ថយ​គឺ​យឺត ទោះបី​មាន​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា​ក្តី ។ ទំនើប​កម្ម​សក្តានុ​ពល​នុយក្លេអ៊ែរ ក៏​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ដែរ តែ​នៅ​បន្ត ។ ក្នុង​ន័យ​នេះ សហរដ្ឋ​អា​មេ​រិ​ក​គ្រោង​ចំណាយ​៣៥៩​ពាន់​លាន​ដុល្លារ រវាង​ឆ្នាំ​២០១៥ ទៅ​២០២៤ សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ការ​ធ្វើ​ឱ្យ​ទំនើប​កម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន ។

អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​ឯទៀត​ៗ​ដូច​ជា​ចិន ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ជាដើម ទោះបី​ពុំ​មាន​ច្រើន ក៏​ប៉ុន្តែ​ប្រទេស​ទាំងនេះ​កំពុង​តែ​ធ្វើការ​អភិវឌ្ឍន៍​ថែម ហើយ​ពង្រីក​ប្រព័ន្ធ​បញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ថ្មី​ៗ ។

ពួក​អ្នក​ជំនាញការ​ក៏​មិន​បដិសេធ​ដែរ ដែល​កូរ៉េ​ខាងជើង​បច្ចុប្បន្ន​មាន​សម្ភារ​ដែល​អាច​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន​១០​គ្រាប់ ក៏​ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ពុំ​ទាន់​ដឹង​ប្រាកដ​ថា​តើ​អាវុធ​ទាំងនេះ​បង្កើត​រួច​ហើយ​ឬ​យ៉ាងណា ។

នាយក​ស្រាវជ្រាវ​របស់ SIPRI លើ​អាវុធ​នុយក្លេអ៊ែរ លោក SHANNON KAIL ថ្លែង​ថា ទោះបី​មានការ​ចុះ​ថយ​អាវុធ​ទាំងនេះ តែ​ទស្សនវិស័យ​នៃ​ការ​អភិវឌ្ឍន៍​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​នៅ​តែ​សកម្ម​ជា​និច្ច ៕