គ្រាប់បែកនុយក្លេអ៊ែរ​ខ្លាំង​បំផុត​របស់​រុ​ស្ស៊ី TSAR BOMBA

មាន​ប្រវែង​៨​ម៉ែត្រ ទម្ងន់​២៥​តោន ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មានឈ្មោះ​ថា TSAR BOMBA ជា​គ្រាប់បែកនុយក្លេអ៊ែរ​ដែល​ខ្លាំង​បំផុត​នៃ​ប្រវត្តិសាស្ត្រ ជា​និមិត្តរូប​នៃ​សម័យកាល​អភិវឌ្ឍន៍​ដែល​ពួក​សូ​វៀត និង​អា​​មេ​រិ​ក​វាស់​ស្ទង់​កម្លាំង​គ្នា​ខាង​គ្រាប់បែកបរមាណូ រួច​គ្រាប់បែកនុយក្លេអ៊ែរ​ដ៏​ខ្លាំង​នេះ​ត្រូវ​បាន​គេ​យក​មក​ដាក់​តាំង​បង្ហាញ​ជា​លើក​ដំបូង​នៅ​ក្រុង​មូ​ស្គូ ។

សាកល្បង​កាលពី​ឆ្នាំ​១៩៦១ ដោយ​អាជ្ញាធរ​សហភាព​សូ​វៀត គ្រាប់បែក​អីុ​ត្រូ​ហ្សែ​ន TSAR BOMBA ឈ្មោះ​ពិត​ហៅ AN602 បង្កើត​ទាំង​មោទនភាព​ទាំង​ការ​ភ័យ​ខ្លាច ។ ការ​តាំង​បង្ហាញ​គ្រាប់បែកនុយក្លេអ៊ែរ​ខ្លាំង​នេះ​នៅ​ក្បែរ​កំពែង​វិមាន​ក្រឹម​ឡាំង​បង្ហាញ​ពី​ប្រវត្តិ​ដ៏​ខ្លាំង​នៃ​នុយក្លេអ៊ែរ​រុ​ស្ស៊ី ។ គ្រាប់បែក​ដែល​យក​មក​ដាក់​តាំង​នេះ តាម​ពិត​គេ​យក​រំសេវ​នុយក្លេអ៊ែរ​ចេញ​អស់ហើយ ។

ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​១៩៦១ គ្រាប់បែក​ដែល​មាន​កម្លាំង​ប្រមាណ​ជា​៥០​មេ​ហ្គា​តោន​នេះ ផលិត​ដោយ​អ្នកប្រាជ្ញ​សូ​វៀត​មួយ​ក្រុម ក្រោម​ការ​ដឹកនាំ​របស់​ជ័យ​លា​ភី​ពានរង្វាន់​ណូ​បែល​​សន្តិភាព លោក ANDREI SAKHAROV ត្រូវ​បាន​សាកល្បង​ប្រកបដោយ​ជោគជ័យ​នៅ​ឯ​ទីតាំង​សាកល្បង NOVAIA ZEMLIA (​ដែនដី​ថ្មី​) ក្នុង​តំបន់​មហាសមុទ្រ​អាក់​ទិ​ក​របស់​រុ​ស្ស៊ី ។ ការ​សាកល្បង​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ស្រាវជ្រាវ​ធំ​ៗ តាម​បញ្ជា​របស់​ចូ​សេ​ប​ស្តា​លី​ន កាលពី​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​១៩៤៥ ក្រោយ​បញ្ចប់សង្គ្រាម​លោក​លើក​ទី​២​បន្តិច ដែល​សំដៅ​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​របស់​សូ​វៀត ហើយ​ឱ្យ​ទទួល​បាន​តុល្យភាព​កម្លាំង​ជាមួយ​សហរដ្ឋ​អា​េ​ម​រិ​ក​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​រួច​ហើយ ៕