សែន វ៉ា​ឌី បាក់ទឹកចិត្ដ​នឹង​អាជីព​ប្រដាល់

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​កាលពី​ថ្ងៃអាទិត្យ​ទី​១២ មិថុនា ហើយ​ត្រូវ​កីឡាករ​ថៃ​វាយ​ឱ្យ​ខូចដៃ គេ​កត់​សម្គាល់ថា កីឡាករ​ជើង​ខ្លាំង​សែន រ៉ា​ឌី បាត់បង់​ជំហរ​តស៊ូ​ចង់​បន្ត​អាជីព​ប្រដាល់​យ៉ាង​ខ្លាំង​។ ក្នុង​នោះ​ក៏​មានការ​ទម្លាយ​ឱ្យ​ឃើញ​ពី​ជីវិត​ដ៏​សង្វេគ​របស់​លោក​ធ្វើ​ឱ្យ​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់​អាណិតអាសូរ និង​រិះគន់​ដល់​ចំណាត់ការ​របស់​មន្ត្រី​គ្រប់គ្រង​ការ​ប្រដាល់ និង​វ៉ូ​វី​ណា​ម​ដែល​កីឡាករ​នេះ​ជ្រកកោន​ផង​ដែរ ។

សែន រ៉ា​ឌី បាន​អះអាង​ថា លោក​លែង​ចង់​ឡើង​ប្រដាល់​ដូច​មុន​ទៀត​ហើយ ដោយសារ​តែ​ការ​ឡើង​ប្រដាល់​មួយ​លើក​ៗ​លោក​ទទួល​បាន​ថវិកា​មិន​ច្រើន ហើយ​ក្រោយ​ការ​ប្រដាល់​ត្រូវ​បញ្ចប់​ក៏​ដេក​ឈឺខ្លួន​គួរ​ឲ្យ​សង្វេគ ។ អ្វី​ដែល​លោក​ទម្លាយ​ឱ្យ​ដឹង​នោះ​គឺ​ខ្លួន​ជា​កីឡាករ​ល្បី តែ​ជីវិត​ស្ថិត​នៅ​ក្នុង​វត្ត ទើប​បរិយាកាស​ក្នុង​ការ​រស់នៅ​ត្រូវ​ប្រឈម​នឹង​ភាព​អាប់អួ​យ៉ាង​ខ្លាំង ដែល​ផ្ទុយ​ពី​កេរ្តិ៍ឈ្មោះ​ជា​កីឡាករ​ល្បី ។ លោក​និយាយ​ថា ខ្លួន​មិនសូវ​បាន​ឡើង​ប្រកួត​នោះ​ទេ ដោយសារ​តែ​ការ​ប្រកួត​ម្ដង​ៗ​គេ​តម្រូវ​ឱ្យ​វាយ​អស់ពី​សមត្ថ​ភាព ប៉ុន្តែ​ថវិកា​ដែល​ខ្លួន​ទទួល​បាន ម្ដង​ៗ​មិន​ស្មើនឹង​ការ​លះបង់ ។ លោក​ហាក់​បង្ហាញ​នូវ​ភាព​នឿយណាយ និង​អស់សង្ឃឹម​បន្តជីវិត​តស៊ូ បើ​ទោះជា​បាន​ក្លាយ​ខ្លួន​ជា​កីឡាករ​ល្បីឈ្មោះ​ក្រោយ​ពី​ទទួល​បាន​ខ្សែក្រវាត់​ជើងឯក​ពី​ការ​ប្រដាល់ និង​ទទួល​បាន​មេដាយ​អន្តរជាតិ​ពី​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​កន្លង​មក​ក្ដី ។

សែន រ៉ា​ឌី បាន​សារភាព​ថា លោក​រស់នៅ​វត្តថា​ន់ និង​មានជីវិត​មិន​ខុស​ពី​ក្មេង​វត្ត​ទាំងឡាយ​នោះ​ទេ ដោយ​សូ​ម្បី​តែ​ថវិកា​ដែល​បាន​ពី​ការ​ប្រដាល់​ម្ដង​ៗ​ក៏​ត្រូវ​ចែកចាយ​ជួយ​ដល់​ក្រុម​គ្រួសារ​ខ្លះ​ៗ ទើប​មិនសូវ​បាន​ផ្គត់​ផ្គត់​របប​អាហារ​របស់​ខ្លួន​ឱ្យ​បាន​ដិត​ដល់ ។ លោក​បាន​ក្លាយជា​កីឡាករ​មាន​របួស​ដៃ​រហូត​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤​នៅ​ពេល​ដែល​លោក​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ផុ​ន សា​រ៉ាត កាលពី​ថ្ងៃអាទិត្យ​នៅ​ប៉ុស្ដិ៍​អប្សរា​។ នៅ​មិន​ទាន់​ដឹង​ថា ក្រោយ​ជា​សះស្បើយ​តើ​កីឡាករ​រូប​នេះ​នឹង​បញ្ចេញ​ជំហរ​បែប​ណា​សម្រាប់​​អាជីព​ប្រដាល់​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បង្ហើប​ថា លែង​ចង់​ឡើង​រេញ​ព្រោះតែ​មិន​អាច​បាន​ប្រាក់​ឱ្យ​សម​នឹង​កេរ្តិ៍ឈ្មោះ​ដែល​លោក​ប្រឹងប្រែង ។ 

នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ឯណោះ​វិញ គេ​កត់​សម្គាល់ថា មានការ​បង្ហាញ​នូវ​ក្ដី​អាណិតអាសូរ​ចំពោះ​កីឡាករ​សែន រ៉ា​ឌី យ៉ាង​ខ្លាំង​បន្ទាប់​ពី​ម្នាក់​ៗ​ដឹង​ថា លោក​គឺជា​កីឡាករ​ល្បី​តែ​មានជីវិត​ខាងក្រៅ​នៅ​វត្ត ដែល​កន្លង​មក​មិន​ត្រូវ​បាន​គេ​ចាប់អារម្មណ៍ ។ ម្នាក់​ៗ​បាន​បង្ហោះ​ពី​ជីវិត​កម្សត់​របស់​លោក និង​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​នឹង​ស្ថានភាព​របស់​កីឡាករ​ល្បី​ម្នាក់​ដែល​មាន​មេដាយ​រាប់​មិន​អស់​ប៉ុន្តែ​ត្រូវ​នៅ​វត្ត ហើយ​ត្រូវ​គេ​ដឹង​ថា មានជីវិត​មិន​ប្រសើរ ។

ក្នុង​នោះ​គេ​កត់​សម្គាល់ថា មានការ​រិះគន់​ជាងគេ​ចំពោះ​ស្ថាប័ន​ដែល​សែន រ៉ា​ឌី ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក ដូច​ជា​ពី​ប៉ុស្ដិ៍​អប្សរា និង​PNN ប៉ុន្តែ​ចុង​ក្រោយ​ស្ថាប័ន​ទាំងនោះ​មិន​មាន​ស្ថាប័ន​ណាមួយ​ផ្ដល់​ជា​ប្រាក់ខែ​ដើម្បី​គេ​អាច​មាន​លទ្ធភាព​ហ្វឹកហាត់​ដោយ​ស្រួល​ចិត្ត​នោះ​ទេ ។ ម្ចាស់​គណនី​ម្នាក់​និយាយ​ថា​៖«​វា​ពិតជា​សង្វេគ​ខ្លាំង​ណាស់​ដែល​កីឡា​ករ​​ល្បី​ម្នាក់​មាន​ខ្សែក្រវាត់​២-៣ បែរជា​គ្មាន​ប្រាក់ខែ ដោយ​ទាល់តែ​ឡើង​វ៉ៃ​ទើបបាន​លុយ ហើយ​លុយ​ដែល​បាន​ម្ដង​ៗ​គឺ​សឹង​មិន​គ្រាន់តែ​នឹង​មើលខ្លួន​ទៀត​! ឱ​កីឡាករ​ខ្មែរ ល្បី​ប៉ុណ្ណឹង​ហើយ​នៅ​តែ​ចឹ​ង​ចុះ​ទម្រាំ​អ្នក​គ្មាន​ស្នាដៃ​ដូច​គាត់​»​។ ម្ចាស់​គណនី​ជា​ច្រើន​បាន​បង្ហាញ​ពី​ការ​អាណិតអាសូរ​ចំពោះ​សែន រ៉ា​ឌី ដែល​រស់នៅ​វត្ត​យ៉ាង​លំបាក និង​បាន​ធ្លាក់​ខ្លួន​ខូចដៃ​ដោយសារ​តែ​ខ្វះ​លទ្ធភាព​បំប៉ន​សមត្ថភាព​មុន​ពេល​ឡើង​ប្រកួត ។

លោក អេ ភូ​ថង បាន​អះអាង​ថា រ៉ា​ឌី គេ​រស់នៅ​វត្តថា​ន់​យូរ​ឆ្នាំ​មក​ហើយ ហើយ​បើ​ទោះជា​គេ​បាន​ក្លាយជា​កីឡាករ​ជួរ​មុខ​ម្នាក់​ក៏​គេ​នៅ​តែ​អាស្រ័យ​បាយ​វត្ត​ដដែល ការពារ​ក្រែង​ថ្ងៃ​ណា​មិន​បាន​ឡើង​ប្រកួត​ហើយ​រក​អ្វី​ដោះស្រាយ​ក្រពះ​មិន​បាន ។ លោក​ថា ជីវិត​របស់​សែន រ៉ា​ឌី បើ​ធៀប​នឹង​កេរ្តិ៍ឈ្មោះ គឺ​ខុស​គ្នា​ដូច​មេឃ​និង​ដី​តែ​ម្ដង ។ អ៊ីចឹង​ហើយ​ទើប​ក្នុង​ពេល​ខ្លះ​កីឡាករ​រូប​នេះ​ហាក់​បាក់ទឹកចិត្ត​ដែល​ធ្វើ​ឱ្យ​គេ​មិន​អាច​រក្សា​លំនឹង​ភាព​ខ្លាំង​បាន​ដូច​ចិត្ត ។ លោក​ថា កីឡាករ​ស្រុក​ខ្មែរ បើ​មានការ​បំប៉ន និង​មាន​តម្លៃ​ខ្លួន​ខ្ពស់ គឺ​ពិតជា​មាន​សមត្ថភាព​ខ្លាំង ហើយ​លោក​ថា​កីឡាករ​ម្នាក់​ក៏​មិន​អាច​បង្ខំ​ឡើង​រេញ​មួយ​ខែ​៣​ដង ឬ​៤​ដង​ដើម្បី​ឱ្យ​បាន​ប្រាក់​ច្រើន​បំពេញ​កង្វះខាត​នោះ​ដែរ ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​។ លោក​ថា កីឡាករ​ម្នាក់​បើ​ឱ្យ​ប្រកួត​មួយ​ខែ​ម្ដង ឬ​២​ខែ​ម្ដង​ទើប​ពេញកម្លាំង​ល្អ ប៉ុន្តែ​ចំពោះ​ករណី​នេះ​សម្រាប់​កីឡាករ​កម្ពុជា​គឺ​ពិតជា​ដាច់​បាយ​តែ​ម្ដង ទើប​តម្រូវ​ឱ្យ​កីឡា​ករ​​ភាគច្រើន​សុំ​ឡើង​រេញ​២​ដង​យ៉ាងតិច​ដើម្បី​ទប់​នឹង​តម្លៃ​ខ្លួន​ដែល​នៅ​មាន​កម្រិត​នៅឡើយ  ៕