Cam-Tiger ​ជើង​ទី​២ ​នាំ​យក​កីឡាករ​ថ្មី​តែ​ម្នាក់​គត់

ក្រុម Cambodian Tiger ​នឹង​នាំ​យក​កីឡាករ គួច ដានី ​មក​ជួយ​ក្រុម​សម្រាប់​ជើង​ទី​២ ​ដោយ​តាម​គម្រោង​ក្រុម​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ​មាន​កីឡាករ​ថ្មី​តែ​ម្នាក់​នេះ​ទេ។

 

Cam-Tiger ​ជើង​ទី​២ ​នាំ​យក​កីឡាករ​ថ្មី​តែ​ម្នាក់​គត់គួច ដានី

 

​​លោក ហុក សុជីវ័ន្ត ​​គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់​ Cambodian Tiger ​បាន​បញ្ជាក់​​ថា​ក្រុម​របស់​លោក​មិន​មាន​ការ​ផ្លាស់ប្ដូរ​អ្វីច្រើន​​នោះ​ទេ សម្រាប់​ជើង​ទី​២​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​នេះ។ ដោយ​តាម​គម្រោង​មាន​តែ​យក គួច ដានី ​ពី​ក្រុម​ស៊ីម៉ាក់​មក​ជួយ​​តែ​ម្នាក់​គត់។

 

ក្នុង​ជុំ​ទី​មួយ ក្រុម Cam-Tiger ​ទទួល​បាន​លទ្ធផល​មិន​សូវ​ល្អ​មែន ប៉ុន្តែ​​លោក ហុក សុជីវ័ន្ត ​រំពឹង​ថា​កូន​ក្រុម​របស់​ខ្លួន​នៅ​ជុំ​​ទី​២​នឹង​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​នេះ​ ​ព្រោះ​ពួកគេ​បាន​យល់​ពី​គ្នា​ច្រើន​។ គ្រូ​បង្វឹក​រូប​នេះ​បន្ដ​ថា​បាល់ទាត់​មិន​ត្រឹម​តែ​មាន​បច្ចេកទេស​មួយ​មុខ​ទេ សំខាន់​គឺ​កីឡាករ​ម្នាក់​ៗ​ចេះ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ទើប​លេង​សហការ​គ្នា​បាន​ជោគជ័យ។

 

Cam-Tiger ​ជើង​ទី​២ ​នាំ​យក​កីឡាករ​ថ្មី​តែ​ម្នាក់​គត់លោក ហុក សុជីវ័ន្ត ​​គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់​ Cambodian Tiger

 

បន្ថែម​ពី​លើ​នេះ​ដែរ ​​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ក្រោម​អាយុ ១៩​ឆ្នាំ​ខាង​លើ​ទទួល​ស្គាល់​ដែរ​ថា​ក្រុម​របស់​លោក​ប្រឹងប្រែង​លេង​ខ្លាំង​ពេក ដោយ​កីឡាករ​ម្នាក់​ៗ​ប្រឹង​រត់​ដណ្ដើម​បាល់​ខ្លាំង ដែល​ធ្វើ​ឱ្យ​បាត់បង់​ទម្រង់​លេង​អស់។ ដូច្នេះ​ជើង​ទី​២ ​លោក​នឹង​ប្រឹងប្រែង​ស្វែង​រក​កីឡាករ​នាំ​លេង ហើយ​រក្សា​ទម្រង់​ឱ្យ​បាន​ច្បាស់។

 

ប្រកួត​ដំបូង​បើក​ឆាក​ជុំ​ទី​២ ​របស់​ក្រុម Cambodian Tiger ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ វេលា​ម៉ោង​៦​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

 

អត្ថបទ៖ មុន្នី រម្យ