មិន​ព្រម​ដោះស្រាយ​សំណង​ហើយ បង្កការ​រំខាន​សិស្ស​រៀន​ទៀត

ខេត្តបាត់ដំបង ៖ ប្រជា​កសិករ​ជាង​២០​គ្រួសារ នៅ​ភូមិ​ដូន​មា​យ ឃុំ​ស្ដៅ ស្រុក​រតនៈ​មណ្ឌល បាន​នាំ​គ្នា​ឡើង​មក​តវ៉ា​ដល់​សាលាខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍ ផ្អាក​សកម្មភាព​ក្រុមហ៊ុន​ចិន​មួយ​ដែល​កំពុង​បំផ្ទុះ​ថ្មភ្នំ​រុករក​រ៉ែ និង​ថ្មកំបោរ​នៅ​«​ភ្នំ​ដូន​មា​យ​» ជា​បណ្ដោះអាសន្ន ព្រោះតែ​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​បាន​រំខាន​ដល់​ការ​សិក្សា​របស់​សិស្ស និង​រំលោភ​បំពាន​យក​ដីចម្ការ​របស់​ប្រជាពលរដ្ឋ​មិន​ព្រម​ដោះស្រាយ​សំណង​ទៅ​តាម​ផ្លូវច្បាប់ទៀត ។

ពលរដ្ឋ​ដែល​កំពុង​តវ៉ា​បាន​និយាយ​ថា សំណុំរឿង​នេះ​បាន​កើតឡើង​យូរហើយ តែ​អាជ្ញាធរ​ស្រុក​រតនៈ​មណ្ឌល ហាក់​មិន​បាន​អើពើ​និង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ទេ ។ ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​ធ្វើ​ពាក្យបណ្ដឹង​ដាក់​ចូល​រដ្ឋបាល​សាលាខេត្ត ដើម្បី​ស្នើ​សុំ​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ ។ ពលរ​ដ្ធ​បាន​និយាយ​ថា ក្រុមហ៊ុន​ចិន​ឈ្មោះ «BATTAMBANG KT CEMENT CO.,LTD.» ដែល​មាន​ស្នាក់​ការ​នៅ​រាជធានី​ភ្នំពេញ បាន​ចូល​ទិញ​ដីចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​«​ភ្នំ​ដូន​មា​យ​» តាម​រយៈ​អាជ្ញាធរ​ស្រុក​រតនៈ​មណ្ឌល ដែល​អះអាង​ថា ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រុករក​ថ្មកំបោរ និង​រ៉ែ​ផ្សេង​ៗ ។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិន​ទាន់​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ដីចម្ការ​ពលរ​ដ្ធ​រួចរាល់​ផង ស្រាប់តែ​បញ្ជូន​គ្រឿងចក្រ​ចូល​ដំណើរការ​ខួង​បំផ្ទុះ​ថ្មភ្នំ​លាន់​កក្រើក​រាល់ថ្ងៃ រំខាន​ដល់​ការ​សិក្សា​របស់​សិស្ស​ដែល​នៅ​ក្បែរ​ជើងភ្នំ​នោះ និង​រំលោភ​បំពាន​លើ​ដីចម្ការ​ប្រជាពលរដ្ឋ ។

ពលរដ្ឋ​បញ្ជាក់​ថា រីឯ​អាជ្ញាធរ​ស្រុក​ក៏​មិន​ព្រម​ចេញ​មុខ​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទៀត បើ​ទោះជា​ពលរ​ដ្ធ​ស្នើ​សុំ​ដ៏​ទទូច​ឲ្យ​ជួយ​ដោះស្រាយ​ក្ដី ។ មិន​ត្រឹមតែ​មិន​ជួយ​រក​ដំណោះស្រាយ​ទេ អាជ្ញាធរ​ស្រុក​នេះតែងតែ​​ប្រើ​ពាក្យ​គំរាមកំហែង បោក​បញ្ឆោត​បង្ខំ​ឲ្យ​ពលរដ្ឋ​លក់​ដីចម្ការ​ឲ្យ​ក្រុមហ៊ុន​ចិន​ក្នុង​តម្លៃ​ទាប​ថែម​ទៀត ។