ចាប់​បាន​ម្នាក់ ២​នាក់​ទៀត​រត់​ប្រាស​អាយុ​បាត់

ខេត្តកណ្តាល ៖ ជនសង្ស័យ​ជា​មុខសញ្ញា​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់​ម្នាក់ ក្នុង​ចំណោម​បក្សពួក​3​នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ ឃាត់ខ្លួន និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​5​កញ្ចប់​តូច និង​ម៉ូតូ​ម៉ាក​គុប​មូល​មួយ​គ្រឿង រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ មិថុនា ២០១៦ វេលា​ម៉ោង​០២​និ​៣០​នាទី​យប់ ខណៈ​កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ​ជិះ​ម៉ូតូ​ដើរ​ល្បាត ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​។ ស្រាប់តែ​មក​ដល់​ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ក៏​បានឃើញ​ជន​សង្ស័យ​​មាន​គ្នា​3​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ពេល​យប់​អធ្រាត្រ ដោយ​មានការ​សង្ស័យ​កម្លាំង​នគរបាល​ក៍បាន​ហៅ​សួរនាំ តែ​ក្រុម​ជនសង្ស័យ​មានខ្លួន ក៏​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន។ ចំណែក​កម្លាំង​ព័ទ្ធ​ស្ទាក់​ចាប់​បាន​ម្នាក់​ឈ្មោះ​វ​ណ្ណី ណា​រ៉ុ​ត ហៅ​ប៊ី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ។

រីឯ​2​នាក់​ទៀត​រត់គេច​ខ្លួន ១-​ឈ្មោះ ឡុ​ង ហៅ​យួន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជនជាតិ​វៀតណាម  មាន​ទីលំនៅ​ភូមិ​ពពាក​ខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ និង​២-​ឈ្មោះ ដេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្ដៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​។ ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ត្រូវ​នគរបាល​ប៉ុស្តិ៍​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​បន្ត​តាម​នីតិវិធី​៕