អាហារដ្ឋាន​លក់​សត្វព្រៃ​មួយ​កន្លែង ត្រូវ​សមត្ថកិច្ច​ចម្រុះ​រដ្ឋបាល​ព្រៃឈើ​ ចុះ​បង្ក្រាប ​

អាហារដ្ឋាន​លក់​សត្វព្រៃ​មួយ​កន្លែង ត្រូវ​សមត្ថកិច្ច​ចម្រុះ​រដ្ឋបាល​ព្រៃឈើ​ ចុះ​បង្ក្រាប ​



ប៉ៃលិន ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន រដ្ឋបាល​ព្រៃឈើ​ខេត្ត មន្ត្រី​អភិរក្ស​សត្វព្រៃ (MJP) និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​បង្ក្រាប​អាហារដ្ឋាន​មួយ​កន្លែង ដែល​លួច​លក់​សត្វព្រៃ​ខុសច្បាប់ ​ព្រម​ទាំង​ឃាត់ខ្លួន​ម្ចាស់​ហាង​ម្នាក់ និង​រឹប​អូស​សត្វព្រៃ​ជិត​១០០​គឺ​ឡូ​ក្រាម។

ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្បែរ​ស្ពាន​ភ្នំ​ដំបង ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃ​លិន។​

ម្ចាស់​ហាង​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ទៀង សែន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​ជនពិការ​ជើងឆ្វេង រស់នៅ​ភូមិ​ខាងលើ ដោយ​រឹបអូស​បាន​សត្វព្រៃ​ដូចជា​សត្វ​ត្រកួត​ចំនួន​១៣​ក្បាល ទម្ងន់​៤៣,៩​គីឡូ​ក្រា​ម​,​ សត្វ​អណ្ដើក​ភ្នំ​ចំនួន​៥០​ក្បាល ទម្ងន់​៤៩​គីឡូក្រាម រួម​ទាំង​សាច់សត្វ​ចម្រុះ​ចំនួន​៥​គីឡូក្រាម​។​

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា​ ដោយ​បាន​សេចក្តី​រាយការណ៍​ពី​បណ្ដាញ​សំងាត់ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​សុំ​យោបល់​ពី​ លោក សេង គឹម​ឡាក់ ព្រះ​រាជ​អា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន មន្ត្រី​អភិរក្ស​សត្វព្រៃ (MJP) និង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះទៅ​បង្ក្រាប​អាហារដ្ឋាន​មួយ​កន្លែង​ក្បែរ​ក្បាលស្ពាន​ភ្នំ​ដំបង ដែល​មាន​ម្ចាស់ ​ឈ្មោះ ទៀង សែន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​ជន​ពិការ​ជើង​ឆ្វេង រស់នៅ​ភូមិ​ខាងលើ ដោយ​រឹបអូស​បាន​សត្វព្រៃ​ដូចជា​សត្វ​អណ្ដើក​ចំនួន​៥០​ក្បាល ទម្ងន់​៤៩​គីឡូ​ក្រា​ម សត្វ​ត្រកួត​ចំនួន​១៣​ក្បាល ទម្ងន់​៤៣,៩​គីឡូក្រាម រួម​ទាំង​សាច់សត្វ​ចម្រុះ​ចំនួន​៥​គីឡូក្រាម ព្រម​ទាំង​ឃាត់ខ្លួន​ម្ចាស់​ហាង​យក​មក​ធ្វើការ​សាកសួរ​ផង​ដែរ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ សត្វព្រៃ​ទាំងនេះ​ ខាង​រដ្ឋបាល​ព្រៃឈើ​នឹង​សុំ​គោលការណ៍​ពី​ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ ដើម្បី​យក​ទៅ​ព្រលែង​ចោល​នៅក្នុង​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ខៀវ។

ដោយ​ឡែក​ ជនសង្ស័យ​ខាងលើ ខាង​រដ្ឋបាល​ព្រៃឈើ កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អ​យ្យ​ការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។​

បើ​តាម​ម្ចាស់​ហាង​ដែល​ជា​ជនសង្ស័យ​ ឈ្មោះ ទៀង សែន បាន​សារភាព​ថា​ កន្លងមក​រួប​គាត់​ធ្លាប់​ទិ​ញ​សត្វ​ទាំង​នោះ​ដែរ ដោយ​គ្រាន់តែ​ទិញ​ធ្វើ​ម្ហូប​ ដើម្បី​លក់​ទទួលភ្ញៀវ​ដែល​មកលេង​កម្សាន្ត​នៅ​កន្លែ​ង​របស់​គាត់​តិចតួច​ប៉ុណ្ណោះ ដោយ​គាត់​មិន​មែន​ជា​អ្នក​ជួញដូរ​សត្វព្រៃ​អ្វី​នោះ​ទេ​។ ប៉ុន្តែ​នៅ​ថ្ងៃ​កើត​ហេតុ រូប​គាត់​បាន​ហៅ​សមត្ថកិច្ច​ម្នាក់​មក​ពិភាក្សា​រឿង​គេ​ចោទ​ប្រពន្ធ​គាត់​ថា​បញ្ជា​ក្មេង​ឲ្យ​យក​អំបែង​ដប​ទៅ​ចោល​មុខ​ហាង​គេ​លក់​ក្បែរ​នោះ ហើយ​ប៉េអិម​បាន​ចាប់​ប្រពន្ធ​គាត់​មក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ស្រាប់តែ​សមត្ថកិច្ច​ម្នាក់​នោះ​ប្រាប់​ទៅ​រដ្ឋបាល​ព្រៃឈើ ស្រប​ពេល​ដែល​មាន​ប្រជាព​លរដ្ឋ​ជាច្រើន​នាក់​សម្រុក​យក​សត្វព្រៃ មក​លក់​ឲ្យ​​គាត់ ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើ​ការ​ចាប់​ឃាត់ខ្លួន​តែម្តង។​

សូម​បញ្ជាក់​ផង​ដែរ​ថា នៅពេល​បច្ចុប្បន្ន គេ​សង្កេតឃើញ​តាម​ហាង​មួយចំនួន​ក្នុង​ខេត្ត​ប៉ៃលិន សត្វ​ព្រៃ ត្រូវ​បាន​ម្ចាស់​ហាង​ទាំងនោះ លក់ដូរ​យ៉ាង​គគ្រឹកគគ្រេង ហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​ណា ចុះ​បង្ក្រាប​នោះ​ឡើយ មិនតែប៉ុណ្ណោះ​អ្នកខ្លះ​ចូលក្នុង​ហាង​ទិញ​កុម្ម៉ង់​យក​តែ​សត្វព្រៃ​មក​ហូប​ផង​ដែរ ៕

អាហារដ្ឋាន​លក់​សត្វព្រៃ​មួយ​កន្លែង ត្រូវ​សមត្ថកិច្ច​ចម្រុះ​រដ្ឋបាល​ព្រៃឈើ​ ចុះ​បង្ក្រាប ​

អាហារដ្ឋាន​លក់​សត្វព្រៃ​មួយ​កន្លែង ត្រូវ​សមត្ថកិច្ច​ចម្រុះ​រដ្ឋបាល​ព្រៃឈើ​ ចុះ​បង្ក្រាប ​