Toyota សម្រេចបន្តការប្រកួត Toyota Mekong Club នៅឆ្នាំនេះទៀត

ក្រុមហ៊ុន Toyota Motor Asia Pacific (TMAP) បានសម្រេចបន្តរៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Toyota Mekong Club Championship រដូវកាលទី៣ ឆ្នាំ២០១៦ នាពេលខាងមុខនេះ បន្ទាប់ពីការប្រកួត២ឆ្នាំកន្លងមក បានទទួលជោគជ័យដ៏គួរឲ្យកត់សម្គាល់នោះ។

mm4 _TMCC Photo for Mdeia

បើតាមឯកសារផ្លូវការរបស់ក្រុម TMAP បានឲ្យដឹងថា៖ «ក្រុមហ៊ុន Toyota បានសម្រេចចិត្តបន្តរៀបចំការប្រកួត Toyota Mekong Club Championship ក្នុងឆ្នាំ២០១៦ទៀត ដោយសារតែមានការបង្ហាញពីឆន្ទៈមោះមុត ភាពស្វាហាប់របស់កីឡាករ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រពីបណ្តាប្រទេសនីមួយៗ ក្នុងការប្រកួតកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥កន្លងមក»។

mm3 _TMCC Photo for Mdeia

ការមើលឃើញនូវគុណប្រយោជន៍ជាច្រើន ពិសេសការបង្រួបបង្រួមសហគមន៍តាមរយៈការលេងបាល់ទាត់រវាងបណ្តាប្រទេសនានា ដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គ និងការចូលរួមគាំទ្រចំពោះការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងប្រទេស ដែលស្ថិតនៅតាមតំបន់ទន្លេមេគង្គ ក៏ជាកត្តាដ៏សំខាន់ ដែលបានជំរុញឲ្យក្រុមហ៊ុន Toyota សម្រេចរៀបចំឲ្យមានការប្រកួត Mekong Club Championship លើកទី៣ នៅឆ្នាំនេះផងដែរ។

mm2 _TMCC Photo for Mdeia

ទាក់ទងទៅនឹងការប្រកួតរដូវកាលថ្មី លើកទី៣នេះ តំណាងរបស់ក្រុមហ៊ុន TMAP បានប្រាប់ឲ្យដឹងថា នឹងត្រូវចាប់ដំណើរប្រកួតពីខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ថ្ងៃខែមករា ឆ្នាំ២០១៧ ដោយមានការចូលរួមពីក្រុមម្ចាស់ជើងឯកលីកកំពូលរបស់ប្រទេសចំនួន៥ នោះមានថៃ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា និងឡាវ ហើយព័ត៌មានបន្ថែមទៀត ស្តីពីការប្រកួតនេះ នឹងត្រូវប្រកាសជាផ្លូវការ នៅក្នុងសន្និសីទកាសែត នាខែតុលា ខាងមុខ។

mm1 _TMCC Photo for Mdeia

គួរបញ្ជាក់ថា ការប្រកួត Mekong Club Championship ត្រូវបានធ្វើឡើងជាលើកដំបូង នៅប្រទេសវៀតណាម ដោយមានក្រុមលីកកំពូលតំណាងឲ្យប្រទេស៤បានចូលរួម ក្នុងនោះមានវៀតណាម កម្ពុជា(ភ្នំពេញក្រោន) ឡាវ និងមីយ៉ាន់ម៉ា ហើយលទ្ធផលគឺក្រុមម្ចាស់ផ្ទះ Becamex Binh Duong FC បានក្លាយជាម្ចាស់ជើងឯក។

ចំណែកការប្រកួតរដូវកាលទី២ ឆ្នាំ២០១៥ មានបន្ថែមក្រុមលីកកំពូលរបស់ថៃមួយទៀត ហើយជាលទ្ធផលក្រុមបឹងកេតអង្គររបស់កម្ពុជា បានទម្លាក់ក្រុម Lao Toyota FC របស់ឡាវ និងក្រុម Yangon United FC របស់មីយ៉ាន់ម៉ា ក្នុងវគ្គជម្រុះ និងឈ្នះក្រុម Becamex Binh Duong FC របស់វៀតណាម ៣-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែបានទៅចាញ់ ក្រុម Buriram United FC របស់ថៃ ដែលដាក់ឲ្យអង្គុយចាំនៅវគ្គផ្តាច់ព្រ័ត្រ ១-០ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២ ហើយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា របស់បឹងកេត បានក្លាយជាកីឡាករលេងល្អប្រចាំព្រឹត្តិការណ៍ កាលពីឆ្នាំ២០១៥នោះ៕

រូបភាពទាំងនេះត្រូវបានផ្តល់ដោយក្រុមហ៊ុន Toyota