ឃាតករ​លើ​ដង​ផ្លូវ​ស្លាប់​៣នាក់​ទូទាំង​ប្រទេស

រាជធានី​ភ្នំពេញ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ មិថុនា ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៦​លើក (​យប់៤​លើក​) បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ (ស្រី​៣​នាក់) រង​របួសធ្ងន់​១៥​នាក់ (ស្រី​៩​នាក់ ) និង​របួសស្រាល​៣​នាក់ (ស្រី​​ម្នាក់) ។ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៣​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​២​គ្រឿង យាន​ផ្សេង​ៗ​៣​គ្រឿង និង​យាន​ផ្សេង​ៗ​១​គ្រឿង ។

ប្រភព​ព័​ត៌​មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន ល្មើស​ល្បឿន​៣​លើក (ស្លាប់​២​នាក់), ​ស្រវឹង​១​លើក (ស្លាប់ម្នាក់​), មិន​ប្រកាន់​ស្តាំ២​លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៥​នាក់ (យប់៤​នាក់) ។

គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួម​មាន ផ្លូវជាតិ​ចំនួន​៦​លើក ផ្លូវ​ខេត្ត​-​ក្រុង​ចំនួន​៥​លើក និង​ផ្លូវលំ​ចំនួន​១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួម​មាន ម៉ូតូ​២​លើក រថយន្ត​ធុន​តូច​៣​លើក និង​រថយន្ត​ធុន​ធំ​១​លើក ។