តែ​មួយ​យប់​សោះ ប្រមូល​អស់រលីង​គ្មាន​សល់

ខេត្តពោធិ៍សាត់ ៖ គ្រួសារ​មួយ​ត្រូវ​ចោរ​​បំពុល​ឆ្កែ​ងាប់ រួច​ចូល​ទៅ​​រើ​កកាយ​ប្រមូល​ទ្រព្យសម្បត្តិ​មាន​តម្លៃ​អស់រលីង​គ្មាន​សល់ រហូត​ទល់​ភ្លឺ​ទើបបាន​ដឹងម្ចាស់​បាន​ដឹង ។ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​២​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ត្រពាំង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភព​ពី​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មួយ​គ្រួសារ​ដេក​លក់​មិនដឹង​អ្វី​ទាំងអស់​ហាក់ដូចជា​ត្រូវ​ថ្នាំ​សណ្ដំ​អ៊ីចឹង ។ បើ​តាម​ការ​ប៉ាន់​ស្មាន​គឺ​នៅ​ម៉ោង​ប្រមាណ​២​​រំលង​អធ្រាត្រ​ក្រុម​ចោរ​បាន​ដាក់​ថ្នាំ​បំពុល​ឆ្កែ​ឲ្យ​ងាប់ រួច​ចូល​រើ​កកាយ ប្រមូល​យក​ទ្រព្យសម្បត្តិ​មាន​តម្លៃ លុយកាក់ និង​មាសប្រាក់ អស់​គ្មាន​សល់ រួច​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​ដោយ​គ្មាន​អ្នក​ណា​ដឹង​ម្នាក់​ឡើយ ។

សមត្ថកិច្ច​បញ្ជាក់​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ សំ​រិ​ទ្ធ នឿ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ។ ចំណែក​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ចោរ​ប្រមូល​យក​ទៅ​អស់នោះ​មាន​ដូច​ជា លុយ​ខ្មែរ​៣៦​ម៉ឺន​រៀល កុំព្យូទ័រ​យួរដៃ​(Laptop)១​គ្រឿង ទូរ​សព្ទ័​ដៃ​១​គ្រឿង ខ្សៃ​.​ក​ប្លា​ទី​ន​ទម្ងន់​៣,៥​ជី​១​ខ្សែ កងដៃ​ប្លា​ទី​ន​១,៥​ជី​១​កង ចិញ្ចៀន​ប្លា​ទី​ន​៣​វង់​ក្នុង​១​វង់​៣​ជី និង​ងាប់​ឆ្កែ​១​ក្បាល​ផង​ដែរ ៕