ខ្មែរ​មាន​ជំនឿ​បែប​ណា​ទាក់​ទង​នឹង​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ?

នៅពេលមានបាតុភូតផ្សេងៗខុសប្រក្រតី ខ្មែរតែងមានជំនឿថាមានប្រផ្នូលណាមួយនឹងកើតឡើង ដែលពេលខ្លះជាគ្រោះល្អ ខ្លះជាគ្រោះអាក្រក់។

ខ្មែរ​មាន​ជំនឿ​បែប​ណា​ទាក់​ទង​នឹង​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ?

ជាក់ស្ដែងនៅថ្ងៃនេះ គេឃើញមានថ្ងៃបាំងឆត្ររះធំលើផ្ទៃមេឃផ្អើលមនុស្សម្នាល ដែលក្រឡេកភ្នែកប្រទះនឹងបាតុភាពនេះ ។ សម្រាប់ប្រជាជនកម្ពុជាវិញ មួយចំនួនយល់ថាវាជាប្រផ្នូលមួយ។

ពាក់ព័ន្ធនឹងជំនឿនេះកញ្ញា ចរិយា ប្រាប់ថា បើតាមពុកម៉ែធ្លាប់ប្រាប់ គឺ អ្នកធំមានទុក្ខ។ បុគ្គលិកនៅអង្គការដដែលបន្ថែមថា មិនត្រឹមតែធ្លាប់ឃើញព្រះអាទិត្យបាំងឆត្រធំបែបនេះនោះទេ សូម្បីលោកខែបាំងឆត្រធំក៏កញ្ញាធ្លាប់ឃើញដែរ គឺព្រឺខ្លួនតែម្ដង។

ស្រដៀងគ្នានេះដែរ អ្នកស្រី សូណា ប្រាប់ថា រឿងរ៉ាវជឿលើបារមីព្រះអាទិត្យបាំងឆត្រនេះបើតាមចាស់ៗតំណាល គឺអ្នកធំឬព្រះរាជានឹងមានបញ្ហាណាមួយពិបាកចិត្ត។ តែការពិតឬយ៉ាងណា អ្នកស្រីមិនច្បាស់ទេ គ្រាន់តែតាមការចំណាំកន្លងមកដូចជាត្រូវខ្លះៗដែរ។

ស្ត្រីអាយុខ្ទង់៦០ឆ្នាំរូបនេះបន្តថា កាលអ្នកស្រីនៅក្មេងៗឃើញព្រះអាទិត្យបាំងឆត្រធំបែបនេះម្ដងដែរ ហើយក្រោយមកស្រុកទេសចលាចលរឿងលោកលន់ណុលធ្វើរដ្ឋប្រហារ។ មួយទៀតអំឡុងឆ្នាំ២០១១ ក៏មានលោកខែបាំងឆត្រធំមួយផងដែរ ស្របពេលសម្ដេចក្រុមព្រះចង់យាងមកឆាកនយោបាយវិញ។ ដោយឡែកក្នុងឆ្នាំ២០១៣ មានបាតុភូតថ្ងៃបាំងឆត្រកណ្ដាលផ្ទៃមេឃ នៅពេលក្រុមបាតុករជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។

យ៉ាងណានេះគ្រាន់ជាជំនឿប៉ុណ្ណោះ។ តែបើតាមការឲ្យដឹងពីវិទ្យុ Earth Skyផ្សាយពីវិទ្យាសាស្ត្រនិងធម្មជាតិនៃសហរដ្ឋអាមេរិកបានឲ្យដឹង ថា បាតុភូតបែបនេះកើតឡើងពី ពពកស្បៃ (cirrus clouds) ដែលជាញឹកញាប់គេឃើញវាកើតមានជាសញ្ញាមុនពេលព្យុះកើតឡើង ខិតជិតមកដល់។

ពពកស្បៃនោះមានផ្ទុកគ្រីស្តាល់ដូចទឹកកកតូចល្អិតៗរាប់ លាន ដែលបណ្ដាលឲ្យមានដំណើរងាកនៃកាំរស្មី ឬកើតមានចំណាំងប្លាតពេលពន្លឺនៃព្រះអាទិត្យឬព្រះចន្ទចាំងមក បង្កើតជាបាតុភូតនេះឡើង៕

ប្រភព៖ sabay

  • ខ្មែរ​មាន​ជំនឿ​បែប​ណា​ទាក់​ទង​នឹង​ថ្ងៃ​ឬ​លោក​ខែ​បាំង​ឆត្រ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:ចំនេះដឹង
Tags: