សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន២៧​នាក់​ក្នុង​ករណី​ឆ​បោក​តាម​អីុនធឺណិត

ក្រុមមន្ត្រីបាននិយាយថា ជនជាតិចិននិងចិនតៃវ៉ាន់ចំនួន២៧នាក់ត្រូវបានឃាត់ខ្លួនអំឡុងការឆ្មក់ចូលភូមិគ្រឹះមួយកន្លែងក្នុងខណ្ឌចម្ការមន នៅក្រុងភ្នំពេញ កាលពីថ្ងៃច័ន្ទ ព្រោះសង្ស័យថា ចាប់ជំរិតតាមអីុនធឺណិត។ យោងតាមលោក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃឲ្យដឹងថា បុរសនិងស្ត្រីជនជាតិចិន១៥នាក់និងជនជាតិតៃវ៉ាន់១២នាក់ត្រូវបានចាប់ខ្លួននៅភូមិគ្រឹះតាមផ្លូវលេខ៤៣០ នៅម៉ោងប្រហែលមួយល្ងាច បន្ទាប់ពីទទួលបានព័ត៌មានពីសមត្ថកិច្ចចិន។ លោកបាននិយាយថា “យើងបានឃាត់ខ្លួនពួកគេ ពីព្រោះពួកគេបានប្រព្រឹត្តអំពើជំរិតយកប្រាក់ ប៉ុន្តែយើងមិនមានព័ត៌មានពិស្តារអំពីពួកគេនៅឡើយទេ”។ និយាយដល់បច្ចេកវិជ្ជាដែលអាចឲ្យនិយាយទាក់ទងគ្នាតាមអីុនធឺណិត (VoIP) ជាឧបករណ៍ដែលគេនិយមប្រើក្នុងចំណោមអ្នកបោកប្រាស់ព្រោះអាចលាក់ប្រភពការហៅទូរស័ព្ទបាននោះ លោកបាននិយាយបន្ថែមថា “យើងបានរឹបអូស VoIP ដែលគេប្រើដើម្បីជំរិតយកប្រាក់”។ លោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្ដនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បាននិយាយថា នគរបាលបានតាមដានក្រុមនេះចាប់តាំងពីសមត្ថកិច្ចចិនបានប្រាប់ឲ្យដឹងជាងមួយខែមកហើយ។ លោកបាននិយាយថា “ឥឡូវនេះ យើងត្រូវសួរពួកគេដើម្បីឲ្យដឹងថា ពួកគេប៉ុន្មាននាក់ដែលបានប្រព្រឹត្តបទល្មើសនេះ។ ហើយប្រសិនបើមានអ្នកផ្សេងទៀតដែលមិនមានឯកសារ [ចាំបាច់] ដើម្បីរស់នៅក្នុងប្រទេសនេះ យើងនឹងនិរទេសពួកគេ”។ ប្រទេសកម្ពុជាបានក្លាយជាកន្លែងកើតមានក្រុមជំរិតពីចម្ងាយក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយសមត្ថកិច្ចមូលដ្ឋានជារឿយៗសហការជាមួយនគរបាលចិន ដើម្បីកម្ចាត់ឫសគល់ក្រុមចិនបោកប្រាស់ដ៏ធំ ដែលប្រើបច្ចេកវិទ្យា VoIP ជំរិតប្រាក់ពីពលរដ្ឋក្នុងប្រទេសកំណើតរបស់ពួកគេ។ ក្នុងករណីដ៏ធំមួយដែលមិនធ្លាប់មានពីមុនមក ជនជាតិចិន១៦៨នាក់ត្រូវបានចាប់ខ្លួននៅក្រុងព្រះសីហនុកាលពីខែវិច្ឆិកា ហើយបន្ទាប់មកបាននិរទេសទៅស្រុកកំណើតវិញ។ នៅខែមីនា មនុស្ស៣៨នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅកាស៊ីណូកំពុងសាងសង់មួយកន្លែងក្នុងក្រុងប៉ោយប៉ែត ហើយក៏ត្រូវនិរទេសដែរ៕និត   © […]

The post សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន២៧​នាក់​ក្នុង​ករណី​ឆ​បោក​តាម​អីុនធឺណិត appeared first on The Cambodia Daily.