គណៈកម្មការ​ស្រាវជ្រាវ ថា ស្នាម​មេដៃ​អ្នកគាំទ្រ​CNRP មាន​ភាពមិនប្រក្រតី​ និពន្ធដោយ : ធឿន បញ្ញាឬទិ្ធ       June-14-2016, 4:15 pm         325

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គណៈកម្មការ​ស្រាវជ្រាវ ថា ស្នាម​មេដៃ​អ្នកគាំទ្រ​CNRP មាន​ភាពមិនប្រក្រតី​​គណៈកម្មការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ នៅលើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្និដ្ឋានថា ស្នាម​មេដៃ​ពលរដ្ឋ​ជាង​១៧​ម៉ឺន​ទាំងនោះ អាចមាន​ភាពមិនប្រក្រតី​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​ក្រោយពី​គណៈកម្មការ​ស្រាវជ្រាវ​បាន​បើក​កិច្ចប្រជុំ​ជា​លើក​ទី​២ នៅ​ព្រឹក​នេះ លោក កង សុខន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​ស្រាវជ្រាវ បាន​ឲ្យ​ដឹងថា ស្នាម​មេដៃ​អ្នកគាំទ្រ​លើ​ញត្តិ​គណបក្ស​សង្គ្រោះ​ជាតិ មាន​បញ្ហា​មួយចំនួន​​រួមមាន ខ្លឹមសារញត្តិ​ដូចៗ​គ្នា ដោយមាន​ស្នាម​បោះពុម្ព​ជាស្រេច ពោលគឺ​មិនមែនជា​ខ្លឹមសារ​ដែល​ប្រជាពលរដ្ឋ​តាក់តែង​សរសេរ​ដោយ​ដៃ​គាត់​ផ្ញើមក​ទេ​។ ត្រង់ចំណុច​គណៈកម្មកា​រ​អាច​សន្និដ្ឋានបានថា​ញត្តិ​នេះ​អាច​ចេញពី​ប្រភព​តែមួយ​។​

​លោក កង សុខន បាន​បន្ថែមថា ស្នាម​មេដៃ​ខ្លះ​មានតែ​ឈ្មោះ ខ្លះទៀត​មានឈ្មោះ​អត់​ស្នាម​មេដៃ និង​គ្មាន​អាស្រ័យ​ដ្ឋា​ន​ច្បាស់លាស់ ជាពិសេស​ស្នាម​មេដៃ​មនុស្សម្នា​ក់បាន​ផ្តិត​ដដែលៗ​លើ​ឈ្មោះ​ផ្សេងទៀត​ផងដែរ​។​

​បើតាម​អនុប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​រូបនេះ ក្រុមការងារ​លោក​មិនទាន់​អាច​បញ្ជាក់​ឲ្យ​បានច្បាស់លាស​នៅឡើយ​ទេ ដោយ​រងចាំ​ការត្រួតពិនិត្យ​ឲ្យ​បាន​៣០​ភាគរយ​សិន ទើប​អាចសន្និដ្ឋាន​ផ្ដល់ព័ត៌មាន​ឲ្យ​សាធារណៈជន​បានដឹង​តាម​ក្រោយ​។

​គួរ​បញ្ជាក់ថា គណៈកម្មការ​ស្រាវជ្រាវ​នេះ ត្រូវមាន​ភារកិច្ច ធ្វើ​កោសល្យ​វិ​ច្ច័​យ​ស្នាម​មេដៃ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ត្រូវ​ចុះ​ស្រាវជ្រាវ​ផ្ទា​ល់ពី​ប្រជាពលរដ្ឋ​ដែល​ផ្ដិត​ស្នាម​មេដៃ​។ ចាត់វិធានការ​ផ្សេងទៀត​តាម​នីតិវិធី ដើម្បី​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​ស្នាម​មេដៃ និង​ធ្វើ​របាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ​សម្រេច ។​

​ទាក់ទង​នឹង​ករណី​នេះដែរ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទ​ឫទ្ធិ អះអាង​កន្លងមក​ថា ការដាក់​ញត្តិ ដោយមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង​១៧​ម៉ឺន​នាក់ ដាក់ថ្វាយ​ព្រះមហាក្សត្រ គឺជា​ស្នាម​មេដៃ​ពិត​ត្រឹមត្រូវ​។ លោក អ៊ូ ច័ន្ទ​ឫទ្ធិ បាន​បន្ថែមថា បើសិនជា​មានការ​បង្កើត​ក្រុម​អ្នកត្រួតពិនិត្យ​លើ​ស្នាម​មេដៃ​នេះ លោក​ស្នើ​ឲ្យ​មានការ​ចូលរួម​ផ្ទៀងផ្ទាត់​ពី​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ផង ដោយ​គណបក្ស​លោក​នឹង​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ខ្លួន​ចំនួន​១៧​ម៉ឺន​នាក់ ដែល​បាន​ផ្តិតមេដៃ​នោះ​ទៅ​បង្ហាញ​នៅមុខ​ព្រះបរមរាជវាំង ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​គណបក្ស​។

​តែ​យ៉ាងណា​សម្ដេច ហ៊ុន សែន បាន​ចំអក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​ថា កុំ​ទាន់​អាល​ភ័យព្រួយ ហើយ​មិនចាំបាច់​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ខ្លួន ដែល​បាន​ផ្តិតមេដៃ​នោះមក​បង្ហាញ​នៅមុខ​ព្រះបរមរាជវាំង​នោះទេ ព្រោះ​គណៈកម្មាការ​ស្រាវជ្រាវ គេ​គ្រាន់តែ​ចង់​ត្រួតពិនិត្យ​លើ​ស្នាម​មេដៃ​នេះ​ប៉ុណ្ណោះ​។​

​កាលពី​ថ្ងៃទី​៣០​ឧសភា​កន្លងមក តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ញត្តិ​ចំនួន​១៨​ដុំ ដែលមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង​១៧​ម៉ឺន​នាក់ យក​ថ្វាយទៅ​ព្រះមហាក្សត្រ ៕