អាស៊ី​ប៉ាស៊ីហ្វិកជា​ថ្នាំ​ប៉ូវ​ទីផ្សារ​អាវុធ​ពិភពលោក

ទីផ្សារលក់អាវុធបានស្គាល់ការលូតលាស់និងកើនឡើងយ៉ាងខ្លាំង ក្នុងកំរិត ប្រមាណ១១,៣% នៅឆ្នាំ២០១៥ ពោលគឺមានទំហំដល់ទៅ ៦៥ពាន់លានដុល្លារអាមេរិក។ ការកើនឡើងនេះ ក៏ដោយសារភាពស្រេកឃ្លានរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកខាងផ្នែកតម្រូវការអាវុធ។ នេះបើតាមរបាយការណ៍របស់ការិយាល័យឯកទេសអង់គ្លេស ឈ្មោះថា IHS Jane’s ចេញផ្សាយនៅថ្ងៃចន្ទទី ១៣មិថុនាឆ្នាំ២០១៦។

អាស៊ី​ប៉ាស៊ីហ្វិកជា​ថ្នាំ​ប៉ូវ​ទីផ្សារ​អាវុធ​ពិភពលោក

គិតជាសរុបសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ការនាំចូលលអាវុធបានកើនឡើងដល់ទៅ ៧១% នៅរវាងពីឆ្នាំ២០០៩៨ ដល់ឆ្នាំ២០១៦។ ហើយបើក្នុងកំរិតពិភពលោក ទីផ្សារអាវុធបានកើនឡើង៦,៦ពាន់លានដុល្លារ នៅរវាងឆ្នាំ២០១៤និង២០១៥។ ជាការកើនឡើងយ៉ាងខ្ពស់ និងយ៉ាងប្រសើរខ្លាំងបំផុត មិនធ្លាប់មានឡើយក្នុងប្រវត្តិទីផ្សារអាវុធ។ ២០១៥ ជាឆ្នាំឯកទត្តកម្ម។

បើតាមការគូសបញ្ជាក់របស់អ្នកឯកទេស IHS Jane’sអង់គ្លេស មានប្រទេសចំនួនបីដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្តូរផ្លាស់ទស្សនវិស័យទីផ្សារអាវុធ នោះគឺប្រទេសវៀតណាម ហ្វីលីពីន និងបង់ក្លាដែសដែលមានតម្រូវការនាំចូលអាវុធខ្លាំង។ ប្រទេសទាំងនេះព្រួយបារម្ភនឹងការពង្រាតទីរបស់ចិន នៅក្នុងសមុទ្ទចិនខាងត្បូង។
ចំណែកកូរ៉េខាងត្បូង ដែលធ្លាប់ស្ថិតនៅលំដាប់ទី៧ និងបានឡើងចំណាត់ថ្នាក់មកទី៥នៅឆ្នាំ២០១៤-១៥ ដោយមានកញ្ចប់ថវិកាសម្រាប់ទិញអាវុធដល់ទៅ ២២០០លានអឺរ៉ូ នឹងក្លាយទៅជាប្រទេសនាំចូលអាវុធដ៏ធំទីបួន នៅលើពិភពលោក នៅឆ្នាំ២០១៦។ អូស្ត្រាលី ក៏នឹងបង្កើនការនាំចូលអាវុធដែរ ដើម្បីក្លាយជាប្រទេសទីបី នៅពីក្រោយអារ៉ាប៊ីសាអូឌីត (លេខ១) និងឥណ្ឌា (លេខ២) ខាងត្រូវការទិញអាវុធចូលស្រុក។

ទីផ្សារអាវុធ នឹងបន្តស្គាល់ការរីកចម្រើនខ្លាំងទៀតនៅឆ្នាំ២០១៦នេះ។ ព្រោះឥណ្ឌាដែលមិនទាន់មានសមត្ថភាពផលិតអាវុធប្រកបដោយគុណភាពដោយខ្លួនឯង ត្រូវការ ក្នុងរយៈពេល១០ឆ្នាំខាងមុខ ធ្វើទំនើបកម្មវិស័យយោធា ទិញយន្តហោះចម្បាំង នាវមុជទឹក និងប្តូរផ្លាស់អាវុធយុទ្ធភណ្ឌកញ្ចាស់ៗចេញពីឃ្លាំង។

ខាងប្រទេសនាំចេញវិញ អាល្លឺម៉ង់ក្លាយជាប្រទេសលក់អាវុធលំដាប់ទីបី បន្ទាប់មកបារាំង (ទីបួន) និង អង់គ្លេសជាប់លេខ៥។ អាមេរិកនិងរុស្ស៊ី នៅតែជាប្រទេសលក់អាវុធធំជាងបង្អស់ទីមួយនិងទីពីរ ដដែល៕

ប្រភពៈ RFI