តើ​ទឹក​ក្រោម​ដី​មាន​សារៈសំខាន់​អ្វីខ្លះ​ដល់​ប្រាង្គ​ប្រាសាទ?

តើ​ទឹក​ក្រោម​ដី​មាន​សារៈសំខាន់​អ្វីខ្លះ​ដល់​ប្រាង្គ​ប្រាសាទ?



ខេត្តសៀមរាប ៖ ទឹក​ក្រោម​ដី​គឺជា​ទឹក​ដែល​សល់​ពី​ការ​ប្រើប្រាស់​និង​ហួត ឬ​ជា​ទឹក​ដែល​ស្ថិត​នៅ​ក្នុង​ស្រទាប់ដី ស្រទាប់​ថ្ម​អា​ចប​ម្លា​ស់​ទី​ធ្វើ​ចលនា​បាន ។ ទឹក​នៅ​លើ​ដី​ជា​ប្រភព​នៃ​ទឹក​ក្រោម​ដី​តាម​រយៈ​ការ​ជ្រាប​ចូល​ក្នុង​ដី ។

កាលណា​ទឹក​នៅ​លើ​ដី​រីងស្ងួត​អស់វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹក​ក្រោម​ដី ដូច​គ្នា​ដែរ បើ​គេ​ប្រើប្រាស់​ទឹក​ក្រោម​ដី​ច្រើន​ក៏​នឹង​ធ្វើ​ឱ្យ​ទឹក​លើ​ដី​ឆាប់​រីងស្ងួត​ដែរ ។ ដូច្នេះ ក្រៅពី​គ្រប់គ្រង​ទឹក​លើ​ដី ទឹក​ក្រោម​ដី​ក៏​គេ​ត្រូវ​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​ផង​ដែរ ជា​ពិសេស​ក្នុង​តំបន់​អង្គរ​ដែល​គ្រឹះ​ប្រាសាទ​ទាំងអស់​សុទ្ធតែ​ត្រូវការ​សំណើម​ជា​ប្រចាំ ធ្វើ​ឱ្យ​កំហាប់​ខ្សាច់​រឹង​មាំ​អាច​ទ្រ​ទម្ងន់​រាប់​លាន​តោន​នៃ​ថ្ម​ប្រាសាទ​បាន ។

អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​តួនាទី​អភិរក្ស​ថែរក្សា​តំបន់​រមណីយដ្ឋាន​អង្គរ តែង​យកចិត្តទុកដាក់​ជា​ប្រចាំ​លើ​ការ​តាមដាន​បម្រែបម្រួល​ទឹក ទាំង​ទឹក​ក្រោម​ដី និង​ទឹក​លើ​ដី ។

លោក ភឿន សុ​ឃី​ម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អា​ជា្ញ​ធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា ការ​គ្រប់គ្រង​ទឹក​ក្រោម​ដី​នេះ គឺ​ក្រុមការងារ​ជំនាញ​បាន​ចុះ​ទៅ​វាស់​ទឹក​អណ្តូង​ជា​ប្រចាំ​ពេញ​ក្នុង​១​ឆ្នាំ ដើម្បី​តាមដាន​កម្ពស់​ទឹក​អណ្តូង ដោយ​ជ្រើសរើស​យក​១៣​ភូមិ​ស្មើនឹង​៨៧​អណ្តូង​នៅ​ក្នុង​តំបន់អង្គរ ។

ការ​តាមដាន​ដូច្នេះ ដើម្បី​ធានា​ថា​ការ​ប្រើប្រាស់​ទឹក​ក្រោម​ដី​របស់​ប្រជាពលរដ្ឋ​សព្វថ្ងៃ ជា​ពិសេស គឺ​នៅ​ក្នុង​ក្រុង​សៀមរាប​ទាំងមូល​នឹង​មិន​គំរាមកំហែង​ដល់​កម្ពស់​ទឹក​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើយ ។

ជាមួយ​គ្នា​នឹង​ការ​តាមដាន​កម្ពស់​ទឹក ក្រុមការងារ​ជំនាញ​ក៏​បាន​យក​ទឹក​ក្រោម​ដី​ទៅ​ធ្វើ​ពិសោធន៍​នៅ​ក្រសួងបរិស្ថាន​ចំនួន​៤​ដង ក្នុង​១​ឆ្នាំ ទៅ​លើ​៧​ភូមិ​ក្នុង​ចំណោម​១៣​ភូមិ​ខាងលើ ដោយ​ធ្វើការ​ពិសោធន៍​រយៈពេល​៣​ខែ​ម្តង ដើម្បី​រក​សារធាតុពុល​ក្នុង​ទឹក ។ តាម​លទ្ធផល​កន្លង​មក កម្ពស់​ទឹក​អណ្តូង​ក្នុង​តំបន់​អង្គរ ស្ថិត​នៅ​ក្នុង​សភាព​ធម្មតា ហើយ​ក៏​មិន​មាន​សារធាតុពុល​ដែរ ។

ទោះជា​យ៉ាងនេះ​ក្តី លោក ភឿន សុ​ឃី​ម អះអាង​ថា ថ្វីបើ​បច្ចុប្បន្ន​ការ​ប្រើប្រាស់​ទឹក​ក្រោម​ដី​មិន​ទាន់​បង្ហាញ​សញ្ញា​បារម្ភ​ណាមួយ តែ​តាម​ការ​សិក្សា​របស់ JICA បើ​ការ​ប្រើប្រាស់​ទឹក​ក្រោម​ដី​នេះ​ចេះ​តែ​កើនឡើង​ខ្លាំង វា​អាច​នឹង​បង្ក​ការ​ប៉ះពាល់​ជា​មិន​ខាន​នា​ពេល​អនាគត ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ក្រុម​ជំនាញ​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ទឹក​លើ​ដី​ឱ្យ​មាននៅ​ជា​ប្រចាំ​គ្រប់​រដូវ តាម​រយៈ​ការ​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​អាង​ស្តុក​ទឹក​បុរាណ​ដើម្បី​រក្សា​ទឹក​ទុក ដោយ​បាន​ប្រមែប្រមូល​ទឹក​ពី​ទីកន្លែង​ផ្សេង​ៗ មក​ដាក់​ក្នុង​ប្រព័ន្ធ​ធារាសាស្ត្រ និង​អាង​ស្តុក​ទឹក​បុរាណ​ឡើង​វិញ ។

ជាមួយ​គ្នា​នេះ ក្រុមការងារ​ក៏​បាន​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ពួក​គាត់​បែរមក​ធ្វើ​ស្រូវ​និង​ដាំ​ដំណាំ​ដែល​ប្រើ​រយៈពេល​ខ្លី ចំណាយ​ទឹក​តិច និង​ឱ្យ​ពួក​គាត់​ចូលរួម​ជួយ​ថែរក្សា​ប្រព័ន្ធ​ធារាសាស្ត្រ និង​អាង​ស្តុក​ទឹក​បុរាណ ព្រមទាំង​ជួយ​ថែរក្សា​ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ​ឡើង​វិញ ។

លើស​ពី​នេះ​ទៀត នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​មាន​កិច្ចសហការ​ជា​ប្រចាំ​ជាមួយ​រដ្ឋាករទឹក​សៀមរាប ដើម្បី​រិះរក​ដំណោះស្រាយ​ផ្សេង​ៗ​ដែល​អាច​កាត់​បន្ថយ​ការ​បូមទឹក​ពីក្រោម​ដី​ប្រើប្រាស់​ច្រើន​ពេក ហើយ​និង​រក​ប្រភព​ទឹក​លើ​ដី​មក​ជំនួស​វិញ ដូច​ជាការ​ទាញ​យក​ទឹក​ពី​បារាយណ៍ទឹកថ្លា​មក​ធ្វើ​ជា​ទឹក​ស្អាត ផ្គត់ផ្គង់​ក្រុង​សៀមរាប​ជាដើម ៕