ហ៊ី​ឡា​រី គ្លី​ន​តុ​ន រិះគន់​សម្ព័ន្ធមិត្ត​អារ៉ាប់​ដែល​គាំទ្រ​ចលនា​ជ្រុលនិយម​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-14-2016, 4:40 pm         138

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ហ៊ី​ឡា​រី គ្លី​ន​តុ​ន រិះគន់​សម្ព័ន្ធមិត្ត​អារ៉ាប់​ដែល​គាំទ្រ​ចលនា​ជ្រុលនិយម​​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អះអាងថា ខ្មាន់កាំភ្លើង​ដែល​វាយប្រហារ​ក្លឹប​កម្សាន្ត​នៅ​Orlando សម្លាប់​មនុស្ស​អស់​ប្រហែល ៥០​នាក់ នោះ​ជា​ជន​ជ្រុលនិយម​តែ​គេ​មិន​បានទទួល​ការណែនាំ​ពី​បរទេស​ឡើយ​។ វា​ន័យ​ថា​ការប្រកាស​របស់​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh) ថា​ខ្លួន​នៅ​ពីក្រោយ​ការវាយប្រហារ​នោះ​ទំនងជា​មិន​ពិត​ទេ​។
ដោយឡែក អ្នកនយោបាយ​អាមេរិក​ជាពិសេស​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​បក្ស​ចាប់ផ្តើម​វាយប្រហារ​គ្នា​ខ្លាំង​ជុំវិញ​ការកំណត់​វិធានការ​សន្តិសុខ​ជាតិ​។ ដូ​ណា​ល់​ត្រាំ ស្នើ​ជាថ្មី​ឲ្យ​ហាមឃាត់​រាល់​ប្រជាជន​ដែល​មកពី​ប្រទេស​ដែលមាន​ចលនា​ភេរវកម្ម មិន​ឲ្យ​ចូល​អាមេរិក​បណ្តោះអាសន្ន​។ ចំណែក ហ៊ី​ឡា​រី គ្លី​ន​តុ​ន បន្ទោស​និង​ស្នើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​រដ្ឋ​អារ៉ាប់​ទប់ស្កាត់​ការកើនឡើង​ចលនា​ជ្រុលនិយម​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ការវាយប្រហារ​ដោយ​ខ្មាន់កាំភ្លើង​សម្លាប់​រង្គាល​មនុស្ស​អស់​៥០​នាក់​នោះ​នៅ​រដ្ឋ Florida ក្លាយជា​សោកនាដកម្ម​ធំ​បំផុត​មួយ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​អាមេរិក​។ បច្ចុប្បន្ន​ក្រុម​ស៊ើបអង្កេត​កំពុង​បន្តការងារ​ដើម្បី​ស្វែងរក​ហេតុផល​ដែល​នៅ​ពីក្រោយ​ការប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​នេះ​ឡើង​ផងដែរ ក្រោយ​មានការ​អះអាងថា ជន​ខ្មាន់កាំភ្លើង Omar Mateen ជា​សកម្មប្រយុទ្ធ​ក្រុម​ភេរវជន​ដែ​ស្ហ​។ ក្រុម​ភេរវជន​ដែ​ស្ហ​នេះ​ក៏បាន​ប្រកាសថា​ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ករណី​វាយប្រហារ​នេះដែរ​។  

​យ៉ាងណាមិញ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ពន្យល់​និង​បកស្រាយ​ក្នុងពេល​ផ្តល់​សុន្ទរកថា​ថ្ងៃ ១៣ មិថុនា ម្សិលមិញ​ថា ជនល្មើស​ជា​ពិតជា​ជន​ជ្រុលនិយម ប៉ុន្តែ​មិនមាន​ភស្តុតាង​ណា​បង្ហាញថា​ជននេះ​ត្រូវបាន​គេ​បញ្ជា​ពី​ក្រៅប្រទេស​ជាពិសេស​ត្រូវបាន​បញ្ជា​ដោយ​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ​ឡើយ​។ ប្រធានាធិបតី​រូបនេះ​ពន្យល់​បន្តថា ជាធម្មតា Omar Mateen បាន​រង​ឥទ្ធិពល​មនោគមន៍វិជ្ជា​ជ្រុលនិយម​ដែលមាន​នៅតាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត ហើយ​អ្វីដែល​គេ​ប្រព្រឹត្ត​នោះ​ជំរុញ​ឡើង​ដោយសារ​ទង្វើ​ជ្រុលនិយម​និង​គំនិត​ស្អប់ខ្ពើម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​។​

​អ្វីដែល​សំខាន់​ប្រមុខរដ្ឋ​អាមេរិក​ខាងលើ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក​រក្សា​ការអត់ធ្មត់ និង​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូ​ការ​សាមគ្គី​គ្នា​ក្នុងចំណោម​ប្រជាជន​អាមេរិក​ទប់ស្កាត់​ឲ្យ​បានការ​រើសអើង​និង​ស្អប់ខ្ពើម​គ្នា​ជាដើម​នោះ​។ លោក​រំលឹក​ឡើងវិញ​ថា​៖« ទោះជា​ជនជាតិ​អ្វី​ក៏ដោយ សាសនា និង​មាន​ជំនឿ​បែបណា​ក្តី ឬ​មាន​ភេទ​អ្វី​ក៏ដោយ យើងទាំងអស់គ្នា​សុទ្ធតែជា​ប្រជាជន​អាមេរិក​។ យើង​ត្រូវ​មើលថែ​គ្នា  និង​ការពារ​គ្នា​ទៅវិញទៅមក​ក្នុងពេលដែល​យើង​ប្រឈម​ការគំរាមកំហែង​គួរ​ឲ្យ​ភ័យខ្លាច​នេះ​»​។​

​ការលើកឡើង​បែបនេះ​ក៏ដោយ​សារ អ្នកនយោបាយ​មួយចំនួន​ព្យាយាម​ឆ្លៀតឱកាស​កេងចំណេញ​នយោបាយ ហើយ​បញ្ឆេះ​កំហឹង​និង​ការ​ស្អប់ខ្ពើម​គ្នា​ជាពិសេស​ប្រឆាំង​ប្រជាជន​ម៉ូ​ស្លី​ម​ជាដើម​។ បច្ចុប្បន្ននេះ សន្តិសុខ​ជាតិ​ក្លាយជា​រឿង​ក្តៅ​និង​រសើប​បំផុត​មួយ ហើយ​អ្នកនយោបាយ​ប្រឹងប្រែង​វាយប្រហារ​គ្នា​ទៅវិញទៅមក​ដើ​ម្ប​ទាក់ទាញ​ប្រជាប្រិយភាព​។ នយោបាយ​ជ្រុលនិយម​និង​រើសអើង​ពូជសាសន៍​និង​សាសនា​ក៏​លេចចេញ​រូបរាង​មក​ជាថ្មីទៀត​ដែរ​។​

១.​បើ​ខ្ញុំ​ជាប់ឆ្នោត ខ្ញុំ​ផ្អាក​ទទួល​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​បង្កើត​ចលនា​ភេរវកម្ម​
​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ ចេញមុខ​ដោយ​ពន្យល់​និង​បង្ហាញ​ពី​ដំណោះស្រាយ​ដើម្បី​ទប់ស្កាត់​បញ្ហា​បែបនេះ​។ លោក​ក៏​ស្នើ​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចុះ​ចេញពី​តំណែង​ផងដែរ ដោយសារ​លោក​មិន​ព្រម​លើកឡើង​ពី​«​ចលនា​ភេរវកម្ម​ជ្រុលនិយម​ឥស្លាម​»​ក្នុង​សុន្ទរកថា​របស់លោក​។​

​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ សេដ្ឋី​ម្នាក់នេះ​បាន​អំពាវនាវ​ជាថ្មី​ឲ្យ​មានការ​ហាមឃាត់​បណ្តោះអាសន្ន​ចំពោះ​ប្រជាជន​ម៉ូ​ស្លី​ម​។ ដូ​ណា​ល់ ត្រាំ បាន​បន្ត​អធិប្បាយ​ថា ការអនុញ្ញាត​ឲ្យ​ប្រជាជន​ម៉ូ​ស្លី​ម​ចូល​ទឹកដី​អាមេរិក​អាចធ្វើ​ទៅបាន​ដរាបណា​ពួកគេ​ត្រូវបាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​និង​ល្អឥតខ្ចោះ​ហើយ​នោះ​។ ក្រៅពីនេះ​សេដ្ឋី​អចលនទ្រព្យ​នេះ​ក៏បាន​បន្ថែម​វិធានការ​ថ្មី គឺ​ហាមឃាត់​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ដែលមាន​ចលនា​ភេរវកម្ម ដោយ​លែង​ផ្តោត​សំខាន់​លើ​សាសនា​ដូច​មុន​ហើយ​។​

​លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖«​បើសិនជា​ខ្ញុំ​ជាប់ឆ្នោត ខ្ញុំ​នឹង​ផ្អាក​ទទួល​ជនអន្តោប្រវេសន៍​ពី​តំបន់​ណាមួយ​ដែលមាន​ប្រវត្តិសាស្ត្រ​ធ្លាប់​បង្កើត​ចលនា​ភេរវកម្ម​ប្រឆាំង​សហរដ្ឋអាមេរិក អឺរ៉ុប និង​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេង​ទៀតផង ទម្រាំ​យើង​អាច​ស្វែងយល់បាន​ថា​តើ​ត្រូវ​កម្ចាត់​ការគំរាមកំហែង​នេះ​ដោយ​របៀប​ណា​»​។​

២.​ហ៊ី​ឡា​រី គ្លី​ន​តុ​ន​៖ អា​រ៉ា​ប៊ី​សា​អូឌីត និង​គុយ​វ៉ែត ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ចលនា​ជ្រុលនិយម​
​ចំណែក​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក៏​កំពុង​ព្យាយាម​ទាក់ទាញ​ការគាំទ្រ​ផងដែរ ដោយ​ចាប់ផ្តើម​ពន្យល់​ប្រជាជន​ពី​គោលនយោបាយ​សន្តិសុខរ​បស់​ខ្លួន​។ ជាធម្មតា​គោលនយោបាយ​លោកស្រី​មាន​លក្ខណៈ​សេរី មិន​ខុសគ្នា​ពី​អតីត​មិត្ត​រួមការ​ងារ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប៉ុន្មាន​ឡើយ​។

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ អតីតរដ្ឋមន្ត្រី​ការបរទេស​និង​ជា​បេក្ខជន​ប្រធានាធិបតី​ម្នាក់នេះ បាន​ចេញមុខ​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ចាត់វិធានការ​បង្ក្រាប​ចលនា​ជ្រុលនិយម​ដែល​កំពុង​បង្ក​គ្រោះមហន្តរាយ​ដល់​ពិភពលោក​។ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទទួលស្គាល់ថា ប្រជាជន​នៃ​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​មាន​អា​រ៉ា​ប៊ី​សា​អូឌីត គុយ​វ៉ែត កាតា សុទ្ធតែ​គាំទ្រ​ចលនា​ជ្រុលនិយម ក្នុងពេល​លោកស្រី​ថ្លែង​សុន្ទរកថា​ពាក់ព័ន្ធ​ការវាយប្រហារ​នៅ Orlando​។ ដូច្នេះ វា​ជា​រឿង​ចាំបាច់ ដែល​បណ្តា​ប្រទេស​ទាំងនោះ​ត្រូវ​សហការ​ដើម្បី​មាន​វិធានការ​ដុំកំភួន​ដើម្បី​ដោះស្រាយ​បញ្ហា​ហិង្សា​ជ្រុលនិយម​រួមគ្នា​ជាពិសេស​បញ្ឈប់​ការ​លួច​គាំទ្រ​សកម្មភាព​ជ្រុលនិយម​ពិភពលោក​។​

​លោកស្រី ក៏​លើកឡើង​ពី​ការ​រឹតបន្តឹង​លើ​ការប្រើប្រាស់​អាវុធ ជាពិសេស​ចំពោះ​អ្នក​ដែលមាន​ប្រវត្តិរូប​មិនល្អ​និង​ស្ថិតក្រោម​ការតាមដានរ​បស់​សមត្ថកិច្ច​។ លោកស្រី​សង្កត់ធ្ងន់ថា  បើសិនជា​ជន​នោះ​មាន​ពាក់ព័ន្ធ​ជាមួយ​ចលនា​ភេរវកម្ម​ឬ​មានគំនិត​ជ្រុលនិយម គេ​មិនគួរ​មានលទ្ធភាព​ទិញ​អាវុធ​ឡើយ​។ ហើយ​មួយទៀត​អាវុធ​ធុន​ធ្ងន់​សម្រាប់​ធ្វើសង្គ្រាម មិនគួរ​មាន​លក់​តាមផ្លូវ​ឡើយ​ដែរ​៕