ក្រុម​ជំនាញ​រក​ឃើញ​បញ្ហា​មួយ​ចំនួន​នៅ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

ក្រុម​ជំនាញ​ពិនិត្យ និង​​ធ្វើ​កោសល្យ​វិច័យ​ស្នាម​មេដៃ​របស់​ក្រសួង​មហាផ្ទៃ រក​ឃើញ​បញ្ហា​មួយ​ចំនួន​នៅ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្វាយ​ទៅ​ព្រះមហាក្សត្រ។

បើ​ទោះ​ជា​យ៉ាង​ណា ក្រុម​ជំនាញ​ទើប​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ស្នាម​មេដៃ​ទាំង​នោះ​នៅ​មិន​ទាន់​បាន​ពាក់កណ្ដាល​នៃ​ចំនួន​ញត្តិ​សរុប​ទាំង​ជាង ១៧​ម៉ឺន​នាក់​នោះ​នៅ​ឡើយ។

មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​បញ្ជាក់​ពី​ចំណាត់​ការ​យ៉ាង​ណា​ចំពោះ​បញ្ហា​ដែល​បាន​រក​ឃើញ​នៅ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ​ទេ។

អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិច័យ​ស្នាម​មេដៃ នាយ​ឧត្ដម​សេនីយ៍ កង សុខន ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិថុនា ថា បញ្ហា​ដែល​ក្រុម​ជំនាញ​បាន​រក​ឃើញ​នោះ​រួម​មាន ឈ្មោះ​ខ្លះ​ពុំ​មាន​ស្នាម​មេដៃ ខ្លះ​ទៀត​មាន​តែ​ស្នាម​មេដៃ​អត់​ឈ្មោះ មាន​ឈ្មោះ និង​ស្នាម​មេដៃ ខ្លះ​ទៀត​ពុំ​មាន​បញ្ជាក់​ពី​អាសយដ្ឋាន ហើយ​ក៏​មាន​ស្នាម​មេដៃ​មនុស្ស​តែ​ម្នាក់​ដូចគ្នា​ផ្ដិត​លើ​ឈ្មោះ​ផ្សេងៗ​ពី​គ្នា៖ «»។

លោក កង សុខន បន្ត​ថា ការងារ​ធ្វើ​កោសល្យ​វិច័យ​នេះ​នៅ​មិន​ទាន់​បាន​ពាក់​កណ្ដាល ឬ ៥០​ភាគរយ​នៃ​ចំនួន​ញត្តិ​របស់​ពលរដ្ឋ​ទាំង​ជាង ១៧​ម៉ឺន​នាក់​នោះ​នៅ​ឡើយ៖ «»។

គណៈកម្មការ​ពិនិត្យ និង​កោសល្យវិច័យ​លើ​ស្នាម​មេដៃ​ពលរដ្ឋ​បាន​ចាប់​ផ្ដើម​ការងារ​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ស្នាម​មេដៃ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ សម្រេច​បង្កើត​គណៈកម្មការ​នេះ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា។

កាល​ពី​ថ្ងៃ ទី​៣០ ខែ​ឧសភា នេះ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បាន​ហែ​ញត្តិ​ដោយ​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ១៧​ម៉ឺន​នាក់ ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស ៤​នាក់ មន្ត្រី គ.ជ.ប ម្នាក់ រួម​នឹង​មន្ត្រី និង​សកម្មជន​គណបក្ស​នេះ​ជា​ច្រើន​នាក់​ទៀត ព្រម​ទាំង​សុំ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​ពិនិត្យ​ស្នាម​មេដៃ​នេះ ជា​រឿង​រ៉ាវ​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​សុទ្ធសាធ។ លោក អំ សំអាត បារម្ភ​ពី​វិធាន​ការ​របស់​អាជ្ញាធរ​នៅ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ពិនិត្យ​ស្នាម​មេដៃ​នេះ៖ «»។

ក្នុង​ចំណារ​នៅ​លើ​ព្រះរាជសារ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បញ្ជាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អោយ​រៀបចំ​អោយ​មាន​ការ​ស្រាវជ្រាវ​ស្នាម​មេដៃ​តាម​រយៈ​កោសល្យវិច័យ ស្រាវជ្រាវ​ពី​ប្រជាពលរដ្ឋ​ផ្ទាល់ និង​តាម​មធ្យោបាយ​ផ្សេង​ទៀត​ដែល​អាច​រក​ឃើញ​ភាព​ត្រឹមត្រូវ។ លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា អាស្រ័យ​ដោយ​ស្នាម​មេដៃ​នោះ​ជាប់​ទាក់​ទង​ដល់​ប្រជាពលរដ្ឋ​ផង និង​ព្រះ​មហាក្សត្រ​ផង ត្រូវ​ស្រាវជ្រាវ​អោយ​បាន​ហ្មត់ចត់​បំផុត ចៀសវាង​ការ​ប្រើប្រាស់​ស្នាម​មេដៃ​បោកប្រាស់​ទាំង​ប្រជាពលរដ្ឋ ជា​ពិសេស​បោក​ទាំង​ព្រះមហាក្សត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។