លោក សម រង្ស៊ី សម្ដែង​ការ​សោកស្ដាយ​ដែល​មាន​អ្នក​ប្រមាថ​ក្រុម​គ្រួសារ​នាយករដ្ឋមន្ត្រី

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង សម្ដែង​ការ​សោកស្ដាយ​ដែល​អ្នក​ប្រើ​ពាក្យ​មិន​សមរម្យ និង​ប្រមាថ​លើ​កូន និង​ប្រពន្ធ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លិខិត​របស់​លោក សម រង្ស៊ី ចុះ​ថ្ងៃ​ទី​១៤ មិថុនា បញ្ជាក់​ប្រាប់​លោក ហ៊ុន សែន ថា គោលការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ ប្រឆាំង​ដាច់​ខាត​នូវ​ការ​ប្រើ​ហិង្សា ការ​លាប​ពណ៌ ការ​ប្រមាថ និង​ទង្វើ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់។

លោក សម រង្ស៊ី បន្ត​ថា លោក​សូម​ចូលរួម​រំលែក​នូវ​ការ​ឈឺ​ចាប់​ជាមួយ លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ រួម​និង​ថ្កោលទោស​ចំពោះ​ទង្វើ​អសីលធម៌​នោះ​ផង។

កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដាច់​អហង្ការ​ថា លោក​នឹង​មិន​អត់ឱន​ដល់​បក្ស​ប្រឆាំង​ឡើយ ដោយ​ចោទ​មេ​បក្ស និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ ថា ជា​អ្នក​ចោទ កូន​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​កូន​របស់​អតីត​មេ​ដឹក​នាំ​កុម្មុយនីស្ត​របស់​ប្រទេស​វៀតណាម ឈ្មោះ ឡេ ឌឺកថូ (Le Duc Tho) ជាមួយ​​នឹង​ប្រពន្ធលោក គឺ​​អ្នកស្រី ប៊ុន រ៉ានី។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។