​លោក កឹម សុខា មិន​ចូលខ្លួន តែ​មេធាវី​ការពារ​សិទ្ធិ​មិនអាច​ឆ្លើយ​ដោះសារ​ជំនួស​ជន​ត្រូវ​ចោទ​បានទេ

ភ្នំពេញ​:
លោក​លី សុ​ផា​ណា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ​ចៅក្រម​ស៊ើបសួរ​បាន​ពិនិត្យ​លើ​ករណី​មិន​ចូលខ្លួន​របស់លោក កឹម សុខា ហើយនឹង​បន្ត​ចំណាត់ការ​ស៊ើបសួរ​លើ​សំណុំ​រឿងនេះ​ទៀត​។

​លោក​បាន​បន្តថា មេធាវី​ដែល​ការពារ​សិទ្ធិ​អោយ​ជន​ត្រូវ​ចោទ​មិនអាច​ឆ្លើយ​ដោះសារ​ជំនួស​ជន​ត្រូវ​ចោទ​បានទេ ហើយក៏​មិនមាន​ប្រយោជន៍សម្រាប់ការដោះបន្ទុកនោះដែរ​ក្រៅពី​ចម្លើយ​ដោះសារ​របស់​ជន​ត្រូវ​ចោទ​ក្នុង​កិច្ច​ស៊ើបសួរ​។​

​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ទៅ​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធការបដិសេធមិនចូលខ្លួនក្នុងរឿងអំពើសញ្ចារកម្មនា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ តាម​ការកោះហៅ​នោះទេ​។ ​ការមិន​ទៅ​ចូលខ្លួន​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា លោក​កឹម សុខា មាន​អភ័យឯកសិទ្ធិសភា​។​

​លោក​អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​បញ្ជាក់​ទៅកាន់​សមាជិក​របស់ខ្លួន និង​អ្នក​កាំ​ទ្រ នៅ​ថ្ងៃទី​១៣ ខែមិថុនា នេះ​ថា តំណាងរាស្ត្រ​របស់​គណ​បក្ស សង្គ្រោះ​ជាតិ គឺ​មិន​អនុញ្ញាត​ឲ្យ​លោក​កឹម សុខា ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​។

​លោក​បាន​បញ្ជាក់ថា ការមិន​ឲ្យ​ទៅ​ចូល​តុលាការ គឺ​ដោយសារ​លោក​កឹម សុខា មាន​អភ័យឯកសិទ្ធិសភា​។ហើយបើតុលាការចង់ឲ្យលោកកឹមសុខាទៅឆ្លើយបំភ្លឺដរាបណា​ទាល់តែ​រដ្ឋសភា​លើក​អភ័យឯកសិទ្ធិ​របស់លោក​សិន​។ ហើយ​លោក​កឹម សុខា នឹង​ចាត់តាំង​ឲ្យ​មេធាវី​ទៅ​ជួប​ចៅក្រម​ស៊ើបសួរ ដើម្បី​នាំនូលិខិតជូនដំណឹងអំពីមូលហេតុ​សមស្រប​ដែល​លោក​មិន​ទៅ​តុលាការ និង​ជូន​សារ​ណា​ទៅ​ចៅក្រម​ស៊ើបសួរ​៕s​