វិធានការ​ថ្មី​មួយទៀត របស់​អភិបាល​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ព្រមាន​ទៅ​ក្រុមហ៊ុន​ឯកជន ធ្វើ​ផ្លូវ ដាក់​ប្រព័ន្ធ​លូ ឬ​កាត់​ថ្នល់ ដើម្បី​ដាក់​លូ ខ្សែកាប ត​ភ្ជាប់​បណ្តាញទឹក ភ្លើង ជាដើម ក្នុង​រាជធានី​ភ្នំពេញ ដែល​មិន​មាន​ដាក់​បង្ហាញ​ឈ្មោះ និង​ស្លាក​សញ្ញា​សម្គាល់​ក្រុមហ៊ុន​របស់​ខ្លួន​នៅ​តាម​ការដ្ឋាន​ឲ្យ​មហាជន​បានដឹង គឺ​ក្រុមហ៊ុន​នោះ ត្រូវ​មានទោស​ស្មើ​និង​លួច ហើយ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​មាន​សមត្ថកិច្ច​នឹង​ធ្វើការ​ឃាត់ខ្លួន ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។

ការ​ព្រមាន​របស់​លោក ប៉ា សុ​ជាតិ​វង្ស បែប​នេះ ធ្វើ​ឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ឆ្លើយ​បំភ្លឺ ចំពោះ​សំណើ សំណូមពរ ក្នុង​វេទិការ​សាធារណៈ និង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អណ​ត្តិ​ទី​២ ដែល​បាន​ធ្វើ​តាម​ខណ្ឌ​ទាំង​១២ ក្នុង​ឆ្នាំ​២០១៥​កន្លង​មកនេះ ។ លោក ប៉ា សុ​ជាតិ​វង្ស មាន​ប្រសាសន៍​ទៀត​ថា  ចាប់ពី​ពេល​នេះ​តទៅ​រាល់​ការ​ជីក​ឬ​កាត់​ផ្លូវ​តាម ការដ្ឋាន​ទាំងអស់ បើ​អត់​មាន​ដាក់​ស្លាក ឬ​យីហោ​ក្រុមហ៊ុន​នោះ​ទេ អាជ្ញាធរ និង​សមត្ថកិច្ច​ត្រូវ​ឃាត់ខ្លួន ។

ព្រោះ​កន្លង​មក​មាន​ក្រុមហ៊ុន​ខ្សែកាប ក្រុមហ៊ុនអគ្គីសនី រដ្ឋាករទឹក លប​ជីក​កាត់​រូង​ផ្លូវ​ខូច​សណ្តាប់ធ្នាប់ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មាន​ថ្នាំងថ្នាក់​ជាមួយ​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​ផង​ដែរ ។ ដូច្នេះ គ្រប់​អង្គភាព​ពាក់ព័ន្ធ​ដែល​មាន​កាតព្វកិច្ច​ត្រូវធ្វើ​ទាំង​ក្នុង​ដី និង​លើ​អាកាស ត្រូវ​ដាក់​ស្លាក​ក្រុមហ៊ុន និង​អង្គភាព​របស់​ខ្លួន ព្រោះ​ការ​ដាក់​ស្លាក​សញ្ញា​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​និង​ផ្នែក​ជំនាញ​បានដឹង​ឮ ងាយ​ត្រួតពិនិត្យ ហើយ​ម្យ៉ាងទៀត​កន្លង​មក មានការ​រិៈ​គន់​ពី​ប្រជាពលរដ្ឋ ឬ​មហាជន​បាន​ចោទ​ទៅ​លើ​ស្ថាប័ន​នេះ ស្ថាប័ន​នោះ នឹង​កុំ​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញា ធរ​មូលដ្ឋាន​មានការ​ឆ្លើយ​ដាក់​គ្នា​បន្ត​ទៅ​ទៀត​តែ​ម្តង ។

ទាក់ទិន​ទៅ​នឹង​វិធានការ​របស់​លោក ប៉ា សុ​ជាតិ​វង្ស ខាងលើ​នេះ មន្ត្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញ មានការ​គាំទ្រ​ជា​ខ្លាំង ព្រោះ​កន្លង​មក​មាន ក្រុមការងារ​មួយ​ក្រុម មាន​ឯកសណ្ឋាន តែ​មើលទៅ​មិនដឹង​ជា​អង្គភាព​ណា​ទេ បាន​ជីក​ផ្លូវ រូង​ដាក់​ខ្សែ​ក្រោម​ដី ដែល​ធ្វើ​ឲ្យ​លំបាក​ក្នុង​ការ​កត់សម្គាល់ ឬ​រាយ​ការ​ណ៏ ជា​ពិសេស​ការងារ​ទំនាក់ទំនង​បច្ចេកទេស​តែ​ម្តង  ៕