រមាស់​ស្បែក និង​មូលហេតុ​របស់​វា​

ការរមាស់ស្បែក គឺជាភាពមិនស្រួល ឬការមានអារម្មណ៍អន្ទះអន្ទែង ដែលធ្វើឲ្យ អ្នកចង់តែអេះ។ ការរមាស់ស្បែកអាចបណ្តាលមកពីការកើតកន្ទួលលើស្បែក ឬលក្ខខណ្ឌផ្សេងទៀតដូចជា ជំងឺស្បែករបកក្រហម ឬជំងឺរលាកស្បែកជាដើម ។ ការរមាស់ស្បែកអាចជារោគសញ្ញារបស់ជំងឺមួយចំនួនដូចជា ជំងឺថ្លើម ឬជំងឺខ្សោយតម្រងនោម។ អាស្រ័យទៅលើមូលហេតុនៃការរមាស់ស្បែក វាអាចធ្វើអោយស្បែកឡើងក្រហម ដុំពក ឬពងបែកលើស្បែក ។

មូលហេតុដែលអាចធ្វើអោយរមាស់ស្បែករួមមាន ៖

– ស្បែកស្ងួត ៖ ប្រសិនបើអ្នកមិនឃើញមានស្នាម ការឡើងដុំក្រហម ឬមានការប្រែប្រួលណាមួយនៅកន្លែងដែលរមាស់នោះទេ ស្បែកស្ងួត គឺអាចទំនងជាមូលហេតុចម្បង។ ស្បែកស្ងួតជាធម្មតា គឺមកពីកត្តាបរិស្ថានដូចជា អាកាសធាតុក្តៅ ឬ ត្រជាក់ដែលមិនសូវមានសំណើមធ្វើការនៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់យូរ ឬការប្រើសាប៊ូច្រើនពេក។

– សុខភាពស្បែកមិនល្អ និងការឡើងកន្ទួលលើស្បែក ៖ បញ្ហាស្បែកមួយចំនួន អាចធ្វើឲ្យអ្នករមាស់ស្បែក ដូចជាជំងឺត្រអក កមរមាស់ ចៃ និងជំងឺអុតស្វាយជាដើម។ ជាធម្មតា ការរមាស់ប៉ះពាល់ត្រង់កន្លែងជាក់លាក់ណាមួយ ហើយអមដោយសញ្ញាផ្សេងទៀត ដូចជាការឡើងក្រហមលើស្បែក ឬការមានដុំពក និងមានពងបែកជាដើម។

– ជំងឺខាងក្នុងរាងកាយ ៖ ទាំងនេះរួមបញ្ចូលទាំងជំងឺថ្លើម ជំងឺពោះវៀន ជំងឺខ្សោយតម្រងនោម ជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែក បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺមហារីក ( ជំងឺមហារីកឈាម និងមហារីក កូនកណ្តុរ)។ ជាធម្មតា ការរមាស់អាចប៉ះពាល់ពេញរាងកាយទាំងមូល។ ស្បែកមើលទៅហាក់ដូចជាមានសភាពធម្មតាលើកលែងតែអ្នកអេះវាញឹកញាប់ពេក។

– ជំងឺសរសៃប្រសាទ ៖ លក្ខខណ្ឌដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទដូចជាជំងឺទឹកនោមផ្អែម ការគៀបសរសៃប្រសាទនិងការឆ្លងវីរុស Herpes Zoster ក៏អាចបង្កអោយរមាស់ស្បែកផងដែរ។

– អាឡែហ្ស៊ីស្បែក ៖ រោមសត្វ សារធាតុគីមី សាប៊ូ និងសារធាតុដទៃទៀតអាចធ្វើអោយមានការរលាកស្បែក និងអាចបណ្តាលអោយរមាស់។ ពេលខ្លះសារធាតុដូចជា វល្លិពុលឬគ្រឿងសំអាងក៏អាចបណ្តាលអោយមានប្រតិកម្មអាលែកស៊ី ។ ប្រតិកម្មជាមួយម្ហូបអាហារ ក៏អាចបណ្តាលអោយរមាស់ស្បែកផងដែរ។

– ការប្រើប្រាស់ថ្នាំ ៖ ប្រតិកម្មទៅនឹងថ្នាំ ដូចជាថ្នាំសំលាប់ពពួកបាក់តេរី (antibiotics) ថ្នាំប្រឆាំងនឹងមេរោគផ្សិត ឬថ្នាំបំបាត់ការឈឺចាប់អាចបណ្តាលអោយមានកន្ទួលរាលដាលនិងមានការរមាស់ស្បែក។

– ការមានផ្ទៃពោះ ៖ អំឡុងពេលមានផ្ទៃពោះ ស្ត្រីមួយចំនួនអាចនឹងមានការរមាស់ស្បែកជាពិសេសនៅលើពោះ លើភ្លៅ សុដន់ និងដៃ៕

ប្រភព៖ iknow

  • រមាស់​ស្បែក និង​មូលហេតុ​របស់​វា​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:សុខភាព
Tags: