ឌុច ថា​ការ​បដិសេធ​របស់​ជន​ជាប់​ចោទ ខៀវ សំផន ថា​ជា​ការ​ភូតភរ​គ្មាន​ភាព​ក្លាហាន

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បន្ត​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ «-២១» ឬ​គុក​ទួល​ស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច។ សក្ខីកម្ម​របស់​សាក្សី ឌុច ចូល​ដល់​ថ្ងៃ​ទី​៥ ហៅ​ការ​បដិសេធ​របស់​ជន​ជាប់​ចោទ ខៀវ សំផន ថា​ជា​ការ​ភូតភរ។

សាក្សី ឌុច ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​ថ្ងៃ​អង្គារ ទី​១៤ មិថុនា ថា ការ​បដិសេធ​របស់​ជន​ជាប់​ចោទ ខៀវ សំផន ដែល​ថា​មិន​បាន​ដឹង​ឮ​អំពី​ការ​ចាប់​មនុស្ស​សំខាន់ៗ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម បញ្ជូន​ទៅ​មន្ទីរ​សន្តិសុខ «-២១» ឬ​គុក​ទួល​ស្លែង ជា​ការ​ភូតភរ​គ្មាន​ភាព​ក្លាហាន ជាពិសេស​ការ​ចាប់​កម្មាភិបាល​ក្រសួង​ពាណិជ្ជកម្ម ឈ្មោះ កុយ ធួន ហៅ ឃួន៖ «»

ក្នុង​រយៈពេល ៥​ថ្ងៃ​មក​នេះ សាក្សី ឌុច បាន​ផ្ដល់​សក្ខីកម្ម​ជា​ហូរហែ​អំពី​ការ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​ជន​ជាប់​ចោទ នួន ជា នៅ​ក្នុង​ការ​ចាត់​ចែង​ការងារ​នៅ​មន្ទីរ​សន្តិសុខ «-២១» បន្ត​ពី​នាយ​អគ្គសេនាធិការ​កងទ័ព​ឈ្មោះ សុន សេន។

កាល​ពី​ថ្ងៃ​ទី​៧ មិថុនា សាក្សី ឌុច ថ្លែង​ថា លោក​ភ្ញាក់​ផ្អើល​ជា​ខ្លាំង និង​ស្មាន​មិន​ដល់ នៅ​ពេល​ដែល​ជន​ជាប់​ចោទ នួន ជា ប្រាប់​តុលាការ​ថា មិន​បាន​ដឹង​អំពី​គុក​ទួល​ស្លែង។ លោក ឌុច អះអាង​ថា លោក​មាន​ឯកសារ​ដែល​និយាយ​អំពី​ជន​ជាប់​ចោទ នួន ជា ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាត់​ចែង​ការងារ​នៅ​មន្ទីរ «-២១» ឬ​គុក​ទួល​ស្លែង​នោះ។ លោក​អះអាង​ទៀត​ថា កម្មាភិបាល​គ្រប់គ្រង​សាខា​មន្ទីរ «-២១» ដែល​ធ្វើ​ស្រែ​នៅ​ព្រៃ​ស ឈ្មោះ ហ៊ុយ​ស្រែ ក៏​ជន​ជាប់​ចោទ នួន ជា ជា​អ្នក​សម្រេច​ឲ្យ​ចាប់​ដែរ៖ «ខាង​លើ​ដែល​សម្រេច​កាល​នោះ គឺ​ពូ នួន មិន​មែន​បង សុន សេន ទេ គឺ​ពូ នួន។ ខ្ញុំ​ជា​មួយ​មិត្ត ហ៊ រៀបចំ​ការ​ចាប់​តាម​សេចក្ដី​សម្រេច​ខាង​ថ្នាក់​លើ ពូ នួន គឺ​លោក នួន ជា នេះ។ កាល​ប្ដី​ទៅ​ហើយ ស្វ័យ​ប្រវត្តិ ប្រពន្ធ​គេ​ចាប់​ហើយ។ ដូច្នេះ​មិត្ត «-២១» ចាប់​កូន​ហ្នឹង​នៅ​តូច​ប្រហែល​អាយុ​មិន​ទាន់​ដល់​មួយ​ឆ្នាំ​ផង ក៏ «-២១» ចាប់ ព្រោះ​នេះ​គោលការណ៍​កំណត់​របស់​ខាង​លើ»

ទាក់ទង​នឹង​ការ​បោស​សម្អាត​ខ្មាំង​ផ្ទៃ​ក្នុង​យក​ទៅ​សម្លាប់ រួម​ទាំង​កម្មាភិបាល​នៅ​គុក​ទួល​ស្លែង​មក​ពី​កង​ពល​៧០៣ ជាច្រើន​នាក់ នៅ​ឆ្នាំ​១៩៧៨ សាក្សី ឌុច ថ្លែង​ថា អនុប្រធាន​របស់​លោក​ឈ្មោះ ហ៊ ជា​អ្នក​រាយការណ៍​ឲ្យ​ចាប់ ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​ខ្លួន​ក្នុង​បក្ស។ លោក​ឲ្យ​ដឹង​ថា លោក និង​អនុប្រធាន​លោក មិន​ដែល​ហ៊ាន​ធ្វើ​អ្វី​រំលង​ការ​សម្រេច​របស់​អ្នក​ដឹក​នាំ​របស់​លោក​ទេ គឺ​ជន​ជាប់​ចោទ នួន ជា៖ «អ្នក​ដែល​ហ៊ាន​រំលង ពួក​ប្រធាន​មន្ទីរ​នគរបាល សុទ្ធតែ​អត់​រួច​ខ្លួន​ទេ ក្រោយ​មក​ត្រូវ​តែ​កម្ទេច​ជិត​ប្រធាន​មន្ទីរ​នគរបាល​នៅ​ស្រុក​ខ្មែរ​ត្រូវ​ស្លាប់ ឬ​មួយ​ដោយសារ​ចាប់​អត្តនោម័តិ ឬ​មួយ​ដោយសារ (ខុស) សីលធម៌ ឬ​មួយ​ដោយសារ​ជ័យភណ្ឌ។ នេះ​តាម​ការ​ពិចារណា​របស់​ខ្ញុំ»

អតីត​ប្រធាន​គុក​ទួល​ស្លែង​រូប​នេះ​បន្ត​ថា លោក​បាន​ជួប​ប្រជុំ​ជាមួយ​អតីត​ប្រធាន​រដ្ឋ ខៀវ សំផន ម្ដង​នៅ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​ណែនាំ​លោក​ឲ្យ​បន្ត​ធ្វើ​ការងារ​ធម្មតា នៅ​ពេល​កងទ័ព​វៀតណាម វាយ​ចូល​កម្ពុជា។ លោក​ថ្លែង​ថា ជន​ជាប់​ចោទ ខៀវ សំផន គឺ​ជា​មនុស្ស​ពូកែ​លាក់​ការណ៍​ជា​សម្ងាត់ មិន​ដែល​បរិហារ​រឿង​អ្វី​ទេ។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង គ្រោង​ស្ដាប់​សក្ខីកម្ម​របស់ ឌុច រយៈពេល ៩​ថ្ងៃ នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ នេះ ដែល​ប្រឆាំង​ជន​ជាប់​ចោទ នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​អតីត​ប្រធាន​រដ្ឋ គឺ​ជន​ជាប់​ចោទ ខៀវ សំផន ទាក់ទង​នឹង​រឿង​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ «-២១» ឬ​គុក​ទួល​ស្លែង។ លោក​នឹង​ត្រូវ​បន្ត​ផ្ដល់​សក្ខីកម្ម​ចូល​ដល់​ថ្ងៃ​ទី​៦ នៅ​ថ្ងៃ​ពុធ ទី​១៥ មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។