សមាជិក​ក្រុមប្រឹក្សា​ស្រុក​ខ្សាច់​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​(CNRP)​បើក​ម៉ូតូ​បុក​ខឿន​ថ្ម​ដួល​ស្លាប់

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ខ្សាច់​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​(CNRP)​បើក​ម៉ូតូ​បុក​ខឿន​ថ្ម​ដួល​ស្លាប់



កណ្តាល​ ៖​ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ខ្សាច់​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) មួយ​រូប​បាន​បាត់បង់​ជីវិត​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បើក​ម៉ូតូ​បុក​ខឿន​ថ្ម​​​​​កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ២០១៦ វេលា​ម៉ោង​១១និង៣០​នាទី​ លើ​ផ្លូវ​លេខ​៣៨០​ភូមិ​ព្រែក​ល្វា​ ឃុំ​ព្រែក​តា​កូវ​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្ដាល។

នគរបាល​ស្រុក​ខ្សាច់ កណ្ដាល​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ឈ្មោះ យី យ៉ិ​ន​ ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​តាកែវ​១​ ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់​កណ្ដាល ​ខេត្ត​កណ្ដាល​ ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​គណបក្ស​សង្គ្រោះ​ជាតិ។

សាក្សី​ឃើញ​ហេតុការណ៍​និយាយ​ថា ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក​ស៊ុយ​សា​គី​ឃ្លិក​​​ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​1CG-3747​ ភ្នំពេញ​ ក្នុង​​​ទិស​​ដៅ​ពី​ជើង​ទៅ​ត្បូង​ ដោយ​​​ល្បឿន​លឿន​​​ លុះ​ដល់​ចំណុច​កើតហេតុ ក៏​រេ​ចង្កូត​ហួស​ផ្លូវ​ទៅ​បុក​នឹង​ខឿន​ថ្ម​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​តែម្តង។

នគរបាល​បញ្ជាក់​ថា ករណី​នេះ​បង្ក​ដោយ​ខ្លួនឯង (​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​មាន​ការប្រុងប្រយ័ត្ន​ស្ថានភាព​ខាងមុខ​)៕