មេធាវី​៖ គ្រាន់តែ​បញ្ចេញមតិ​ជាប់គុក​៧​ឆ្នាំ រីឯ​អ្នក​វាយ​តំណាងរាស្ត្រ ជាប់គុក​តែ​១​ឆ្នាំ និពន្ធដោយ : ម៉ៅ សុផា       June-14-2016, 10:19 pm         821

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេធាវី​៖ គ្រាន់តែ​បញ្ចេញមតិ​ជាប់គុក​៧​ឆ្នាំ រីឯ​អ្នក​វាយ​តំណាងរាស្ត្រ ជាប់គុក​តែ​១​ឆ្នាំ​ភ្នំពេញ​៖ ក្រុម​ជនល្មើស ដែល​វាយ​ដំលោក គង់ សភា និង​លោក ញ៉យ ចំរើន ដែលជា​តំណាងរាស្ត្រ​គណបក្ស​ស​ង្គោះ​ជាតិ នៅក្បែរ​វិមាន​រដ្ឋសភា កន្លងទៅ ត្រូវបាន​តុលាការ ប្រកាស​សាលក្រម ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៤ ដោយ​ក្នុងនោះ ពួកគេ​អនុវត្ត​ទោស​តែ​១​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ព្យួរទោស​៣​ឆ្នាំ​។
ដោយឡែក​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ​៣​នាក់​ទៀត ត្រូវបាន​តុលាការ​ចេញ​សាលក្រម សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៧​ឆ្នាំ​។ សាលក្រម​ចំពោះ​សំណុំរឿង​ទាំងពីរ​នេះ ធ្វើ​ឲ្យ​មេធាវី​ការពារ​ក្តី​របស់​តំណាងរាស្ត្រ​និង​សកម្មជន​បក្សប្រឆាំង​ទាំងនោះ មានការ​សោកស្តាយ​យ៉ាងខ្លាំង ហើយ​ចាត់ទុក​ការកាត់ក្តី​របស់​តុលាការ ថា​មិន​ត្រឹមត្រូវ​។

​នៅ​ថ្ងៃទី​១៣ ខែមិថុនា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចំនួន​៣​នាក់​ទៀត ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ ចេញ​សាលក្រម សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ក្នុង​ម្នាក់ៗ ។ ពួកគេ ត្រូវបាន​ចោទ​ពីបទ​ចូលរួម​ធ្វើ​កុបកម្ម​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ​។​

​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​របស់​សកម្មជន​បក្ស​ប្រឆាំង​ទាំង​៣​នាក់ បានចាត់ទុក​សាលក្រម​របស់​តុលាការ​ជាន់​ទាប ថា​មិន​ហេតុផល ហើយ​មិនអាច​ទទួលយកបាន​នោះទេ​។ បើតាម​លោក សំ សុ​គង់ កូនក្តី​របស់ខ្លួន ធ្លាប់​លើកឡើង​នៅក្នុង​សវនាការ​ថា ពួកគេ​ទាំង​៣​នាក់ មិនបាន​នាំគ្នា​ទៅធ្វើ​កុបកម្ម​ឡើយ ពោលគឺ​អ្នក​ទាំងនោះ គ្រាន់តែ​ចូលរួម​បញ្ចេញមតិ​តែប៉ុណ្ណោះ​។

​មេធាវី​រូបនេះ បន្ថែមទៀតថា អំពើហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ឆ្នាំ​២០១៤​នោះ គឺ​កើតឡើង​ពី​ក្រុម​សន្តិសុខ មិនមែន​កូនក្តី​របស់លោក ជា​អ្នកបង្ក​នោះទេ​។ យ៉ាងណាក៏ដោយ លោក សំ សុ​គង់ នឹង​ជួប​កូនក្តី​របស់លោក ដើម្បី​ពិភាក្សាគ្នា ក្នុង​ការប្តឹង​ឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង​សាលក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ​។  សកម្មជន​បក្សប្រឆាំង​ទាំង​៣​នាក់​នោះ គឺ លោក​រឿន ចិ​ត្រា​, លោក យន់ គឹមហួន និង​លោក យា ថុង​។​

​បន្ទាប់ពី​សម្តែង​ការហួសចិត្ត​ចំពោះ​សាលក្រម​របស់​តុលាការ​រួចហើយ លោក សំ សុ​គង់ ក៏​រំឭក​រឿងក្តី​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​២​រូប ដែល​រង​នូវ​ការវាយដំ​ពី​សំណាក់​ជនដៃដល់​មួយក្រុម នៅក្បែរ​វិមាន​រដ្ឋសភា កាល់ពី​ថ្ងៃទី​២៦ ខែតុលា​ការ ឆ្នាំ​២០១៥ ។ លោក អះអាងថា​អំពើហិង្សា​ដែល​កើត​ឡើងលើ​តំណាងរាស្ត្រ នៅក្បែរ​វិមាន​រដ្ឋសភា មាន​លក្ខណ​ព្រៃផ្សៃ​ជាង​អំពើ​ហិ​ង្ស​ដែល​នៅ​ទីលាន​ប្រជាធិបតេយ្យ​។

​ប៉ុន្តែ​តុលាការ​បែរជា​ផ្តន្ទាទោស​ជនល្មើស ដែល​វាយ​តំណាងរាស្ត្រ ឲ្យ​ជាប់ពន្ធនាគារ ត្រឹមតែ​១ ឆ្នាំ​ហើយ​ព្យួរទោស​រហូតដល់​ទៅ​៣​ឆ្នាំ​ទៅវិញ​។ នេះ​ជាការ​បញ្ជាក់​របស់លោក សំ សុ​គង់ ហើយ​លោក​ក៏បាន​បន្ថែមទៀតថា សូម្បីតែ​សំណង​ដែល​ផ្តល់​ឲ្យ​តំណាងរាស្ត្រ​ទាំង​២​រូប ដែលជា​កូនក្តី​របស់ខ្លួន ក៏​មិន​សមរម្យ​ដែរ​។

​មេធាវី​រូបនេះ បាន​សង្កត់ធ្ងន់ៗ​ដូច្នេះ​ថា​៖«​មិនមែន​តែ​ខ្ញុំ​ជា​មេធាវី​ទេ សូម្បីតែ​អ្នកតាមដាន​សភាពការណ៍​នៅ​កម្ពុជា ក៏​គេ​មើលឃើញថា​ប្រព័ន្ធយុត្តិធម៌​នេះ មាន​លក្ខណ​មិន​ត្រឹមត្រូវ​ដែ ហើយ​ធ្វើ​ឲ្យ​ការអនុវត្ត​ច្បាប់​ហ្នឹង មាន​លក្ខណ​ខុសគ្នា​។ [………] វា​ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​សោះ​»​។

​កាលពី​ថ្ងៃទី ២៧ ឧសភា ឆ្នាំ​២០១៦ តុលាការក្រុង​ភ្នំពេញ បានប្រកាស​សាលក្រម ដោយ​ចោទ​ជន​ទាំង​៣​នាក់ ដែល​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ ពីបទ «​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ហើយ​ផ្តន្ទាទោស​ពួកគេ​ឲ្យ​ជាប់​ពន្ធនាការ​ចំនួន​៤​ឆ្នាំ តែ​អនុវត្ត​ទោស​តែ​១​ឆ្នាំ​ប៉ុណ្ណោះ ហើយ​៣​ឆ្នាំ​ទៀត ត្រូវបាន​ព្យួរ​។ ជន​ទាំង​៣​នាក់​នោះ គឺ​លោក ចាយ សារិទ្ធ លោក​ម៉ៅ ហឿន និង​លោក​សុ​ត វណ្ណ​នី​៕