សម្ដេច​ស​ង្ឈ ដា​ឡៃ​ឡា​ម៉ា ស្នើ​លោកស្រី ស៊ូ​ជី ឆាប់​បញ្ចប់​ជម្លោះសាសនា​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-14-2016, 9:59 pm         320

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច​ស​ង្ឈ ដា​ឡៃ​ឡា​ម៉ា ស្នើ​លោកស្រី ស៊ូ​ជី ឆាប់​បញ្ចប់​ជម្លោះសាសនា​​ប្រមុខ​ដឹកនាំ​ទី​បេ បាន​លូកដៃ​ចូលក្នុង​ជម្លោះសាសនា នៅ​មី​យ៉ាន់​ម៉ា រវាង​អ្នក​កាន់​ព្រះពុទ្ធសាសនា​ភាគច្រើន និង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ភាគតិច ដែល​គោរព​សាសនា​ឥស្លាម​ដែល​នៅតែ​បង្ក​ជា​បញ្ហា​ប្រឈម​នៅឡើយ​។ មេដឹកនាំ​ទី​បេ បានស្នើ​ឲ្យ​ទីប្រឹក្សា​រដ្ឋ លោកស្រី អ៊ុង​សាន ស៊ូ​ជី ឆាប់​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នេះ​។​

​មេដឹកនាំ​ទី​បេ សម្ដេច​ស​ង្ឈ ដា​ឡៃ​ឡា​ម៉ា បានលើកឡើង​ពី​ជម្លោះសាសនា​នៅក្នុង​រដ្ឋ Rakhine រវាង​ក្រុម​អ្នក​កាន់​ព្រះពុទ្ធសាសនា​ភាគច្រើន និង​ជនជាតិ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ភាគតិច ទៅកាន់​មេដឹកនាំ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ ក្នុងជំនួប​នោះ សម្ដេច​សង្ឃ​ទី​បេ មានបន្ទូលថា លោកស្រី ស៊ូ​ជី មានការ​ទទួលខុសត្រូវ​ផ្នែក​សីលធម៌ ក្នុង​ការជួយ​បញ្ចប់​ជម្លោះសាសនា​នេះ​។  

​ក្នុង​កិច្ចសម្ភាសន៍​មួយ ក្នុង​ក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃទី​១៣ ខែមិថុនា មេដឹកនាំ​សាសនា​អង្គ​នេះ បញ្ជាក់ថា លោកស្រី ស៊ូ​ជី ជា​ជ័យលាភី​ណូបែល​សន្តិភាព​ពិភពលោក ដូច្នេះ​លោកស្រី គួរតែ​ព្យាយាម​កាត់បន្ថយ​ភាព​តានតឹង រវាង​សហគមន៍​ពុទ្ធសាសនិក និង​សហគមន៍​អ្នក​កាន់សាសនា​ឥស្លាម​។ លោក សង្កត់ធ្ងន់ថា លោក​បាន​ប្រាប់​លោកស្រី ស៊ូ​ជី គួរតែ​និយាយ​ជា​ចំហ​ឲ្យ​បាន​ច្រើន​។​

​យ៉ាងណាមិញ សម្ដេច​ស​ង្ឈ ដា​ឡៃ​ឡា​ម៉ា និយាយ​ដែរ​ថា ទីប្រឹក្សា​រដ្ឋ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ឆ្លើយតប​នឹង​សំណើ​នេះ​វិញ​ថា ស្ថានភាព ពិតជា​ស្មុគស្មាញ​ណាស់​។ លើសពីនេះទៅទៀត បើតាម​សារព័ត៌មាន Reuters សម្ដេច​សង្ឃ ដែលជា​ជ័យលាភី​ណូបែល​សន្តិភាព​ដែរនោះ បន្តទៀតថា មាន​លោកសង្ឃ​ពុទ្ធសាសនា​ខ្លះ នៅ​មី​យ៉ាន់​ម៉ា ហាក់ដូច​ជាមាន​អាកប្បកិរិយា​អវិជ្ជមាន ចំពោះ​ជនជាតិ​មូស្លីម និង​លោកសង្ឃ​ទាំងនោះ គួរតែ​ចាំ​ព្រះ​ភ​ក្រ​ព្រះពុទ្ធ ឲ្យ​ច្បាស់​។​

​សូមបញ្ជាក់​រម្លឹក​ដែរ​ថា ក្នុង​ឆ្នាំ​២០១២ ជន​មូស្លីម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​មិន​ត្រូវបាន​ចាត់ទុកជា​ជនជាតិ​របស់​មី​យ៉ាន់​ម៉ា ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាងខ្លាំង ពី​សំណាក់​អ្នក​កាន់សាសនា​ព្រះពុទ្ធ​នៅក្នុង​រដ្ឋ Rakhine ដោយ​រួមបញ្ចូល​ទាំង​សមាជិក​ខ្លះ​របស់​គណបក្ស លោកស្រី ស៊ូ​ជី ផងដែរ​។ ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ជាង​មួយ​នាក់ ត្រូវបាន​សម្លាប់ ខណៈដែល​ច្រើនជាង​មួយ​សែន​នាក់​ទៀត រស់នៅ​ដោយ​ការគៀបសង្កត់ នៅតាម​ជំរំ​នានា​។​

​កាលពី​ខែឧសភា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានប្រកាសថា លោកស្រី ស៊ូ​ជី នឹង​ដឹកនាំ​ការចរចា ស្វែងរក​សន្តិភាព និង​ការ​អភិ​វ​ឌ្ឃ​នៅ​រដ្ឋ Rakhine​។ ប៉ុន្តែ គេ​មិនទាន់​ដឹង​ច្បាស់​ពី ផែនការ​លំអិត​នោះទេ​។ កាលពី​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ច​ន ឃេ​រី នៅ​មី​យ៉ាន់​ម៉ា លោកស្រី ស៊ូ​ជី និយាយថា មី​យ៉ាន់​ម៉ា ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ខណៈ ការប្រើប្រាស់​ពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» ក៏​ជា​បញ្ហា​ទើសទាល់​មួយ​ផងដែរ​៕