ប្រពន្ធ​និង​កូន​យួន៖ សម រង្ស៊ី ចូលរួម​ឈឺចាប់​ជា​មួយ ហ៊ុន សែន

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានសម្តែង«ការសោកស្តាយយ៉ាងខ្លាំង» ចំពោះទង្វើ​របស់​ជន​ណា​ដែល​លោក​ថា បានប្រើពាក្យពេចន៍មិនសមរម្យ ទៅលើក្រុមគ្រួសាររបស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។ នេះ​បើ​គេ​យោង​តាម​លិខិត​មួយ ដែលមកដល់ដៃអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃអង្គារនេះ។
ប្រពន្ធ​និង​កូន​យួន៖ សម រង្ស៊ី ចូលរួម​ឈឺចាប់​ជា​មួយ ហ៊ុន សែន

ពីឆ្វេងមកស្ដាំ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតសហការី)

បើនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស​យករឿងជីវិតឯកជនរបស់លោក ប្រាប់ទៅបណ្ដាមេដឹកនាំបរទេស ឲ្យ​ជួយ​ឈឺចាប់ជាមួយលោក កាលពីថ្ងៃម្សិលម៉ិញនោះ នៅថ្ងៃនេះ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដែល​កំពុងនិរទេសខ្លួន​នៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួននោះ បានចេញលិខិតមួយច្បាប់ សម្ដែង​ការ​សោក​ស្ដាយ និងចូលរួមការឈឺចាប់ ក្នុងករណីនេះ ជាមួយលោកនាយករដ្ឋមន្រ្តី។ មិនត្រឹមតែប៉ុណ្ណឹង ប្រធាន​គណបក្សសង្គ្រោះជាតិ ថែមទាំងបានប្រកាសថ្កោលទោស ចំពោះជនណា ដែលប្រឌិតរឿងចោទប្រកាន់ ទៅ​លើ​រឿងរ៉ាវ​ឯកជន នៃក្រុមគ្រួសាររបស់លោក ហ៊ុន សែន នោះទៀតផង។

លោក សម រង្ស៊ី បានសរសេរនៅក្នុងលិខិតមួយច្បាប់ ចុះហត្ថលេខាដោយលោកផ្ទាល់ នៅថ្ងៃអង្គារនេះដដែល ផ្ញើរទៅលោក ហ៊ុន សែន ដោយមានសរសេរថា៖ «ក្នុងនាមថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងក្នុងនាមខ្ញុំ (លោក សម រង្ស៊ី) ផ្ទាល់ យើងខ្ញុំសូមសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់ជនទាំងឡាយ ដែល​បានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ថ្លៃថ្នូរ ប្រមាថ និងចោទប្រកាន់ មកលើកូនប្រុសរបស់សម្តេច និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលធ្វើឲ្យសម្តេច និងក្រុមគ្រួសារទទួលនូវការឈឺចាប់»។

ប្រធានគណបក្សសង្គ្រោះជាតិ បានចុះហត្ថលេខា​លើលិខិតនេះ ពីទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដែល​បានមកដល់ដៃ​អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃអង្គារនេះ។ លោក សម រង្ស៊ី បានសរសេរបន្តថា៖ «ខ្ញុំសូម​បញ្ជាក់​ជាថ្មីទៀត ជូនសម្តេចជ្រាបថា គោលនយោបាយគណបក្សសង្រ្គោះជាតិ ប្រឆាំងដាច់ខាត នូវការ​ប្រើប្រាស់​អំពើ​ហិង្សា ការលាបពណ៌ ការប្រមាថ និងអំពើទាំងឡាយណា ដែលនាំឲ្យមានការឈឺចាប់​ដល់​អ្នក​ដទៃ។ យើងខ្ញុំសូមចូលរួមរំលែកនូវការឈឺចាប់ ជាមួយសម្តេចហើយ និងថ្កោលទោសចំពោះទង្វើអសីលធម៌ ទាំង​ឡាយ​ណា ដែលធ្វើឲ្យប៉ះបាំល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេច និងក្រុមគ្រួសារ»។

កាលពីថ្ងៃចន្ទ ទី១៣ ខែមិថុនាម្សិលម៉ិញ លោក ហ៊ុន សែន បានថ្លែងជាសាធារណៈ ចោទជាសំនួរទៅកាន់​បណ្ដាមេដឹកនាំបរទេស ដែលមានរាប់បញ្ចូល ទាំងអគ្គលេខាធិការ​​អង្គការសហប្រជាជាតិផង ថាតើ​វា​ជា​សិទ្ធិ​បញ្ចេញ​មតិ ឬជាការមួលបង្កាច់ ទាក់ទងនឹងរឿងរ៉ាវ ចោទប្រកាន់ដ៏អាស្រូវមួយ ទៅលើសមាជិកក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី។ អ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន ម៉ាណែត ដែលជាភរិយា និងកូនច្បងរបស់លោក ហ៊ុន សែន បានរងការចោទប្រកាន់ ថាជាភរិយា និងកូនលួចលាក់ របស់អតីតមេទ័ពវៀតណាមមួយរូប ឈ្មោះ ឡេ ឌឹកថូ (Lê Đức Thọ)។ ការចោទប្រកាន់នេះ ត្រូវបានក្រុមអ្នកប្រើប្រាស់​​បណ្ដាញសង្គម និងអ្នកប្រើប្រាស់​ប្លុក (Blog) ជាច្រើន យកមកបង្ហោះ និងធ្វើការប្រៀបធៀប តាំងពីច្រើនឆ្នាំមកហើយ។

» អានអត្ថបទទាក់ទងនឹងប្រតិកម្មខ្លាំងៗ របស់លោក ហ៊ុន សែន៖ «ហ៊ុន សែន ហៅ​មេ​ដឹកនាំ​បរទេស ឲ្យ​ជួយ​​ឈឺចាប់​​រឿង​គេ​ចោទ»

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លិខិត​ខាង​លើ​នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការសម្រេច ពីគណៈកម្មាធិការ​អចិន្ត្រៃយ៍​​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បើក​​កិច្ច​ប្រជុំ​​ពិភាក្សា​គ្នា កាលពីព្រឹកថ្ងៃអង្គារនេះ។ លោកបានថ្លែងទៀតថា លោក សម រង្ស៊ី បាន​ចេញ​លិខិត​នេះ ដោយហេតុថាលោក ហ៊ុន សែន បានថ្លែងចោទដោយចំៗ មកលើគណបក្សសង្គ្រោះជាតិ ហើយក្នុង​នាម​ថ្នាក់​ដឹកនាំ​គណបក្ស លោក សម រង្ស៊ី ចាំបាច់ត្រូវបញ្ជាក់ ពីគោលការណ៍​សីលធម៌ គុណធម៌ និង​ជាគោលការណ៍​គណបក្ស។ លោក ឆៃអ៊ាង បានថ្លែងថា៖ «ក្នុងនាម​យើង​ជា​ខ្មែរ ជា​អ្នកនយោបាយ គឺ​យើង​មិន​គាំទ្រ​ទង្វើ​ប្រមាថ​មេដឹកនាំ ឬ​ក្រុមគ្រួសារ​មេដឹកនាំ​បែបនេះ​ឡើយ»។

សម្រាប់​អ្នកឃ្លាំមើល មួយចំនួនទៀត បានយល់ថា លិខិតរបស់លោក សម រង្ស៊ី ទំនងជាចង់ឲ្យស្ថានការណ៍​នយោបាយ​ដែលកំពុងមានភាពតានតឺង ត្រឡប់​មករកភាពធូរស្រាលវិញ។ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ បាន​សរសេរ​ចំអក នៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «លៗ ក្រែង​គេ​ទុក​ផ្លូវឲ្យ»៕