ថ្ងៃនេះ ប្រធានាធិបតី​វៀតណាម​ផ្តើម​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ត្រាន់ ដាយ ខ្វាង (Tran Dai Quang) ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​ផ្លូវការ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នេះ​ដែរ លោក​ប្រធាន​រដ្ឋ​វៀតណាម នឹង​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​, ជួប​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ឋ​សភា​, ជួប​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​, ជួប​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ចូល​ថ្វាយបង្គំ​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះសង្ឃរាជ​នៃ​គណៈមហានិកាយ និង សម្តេច​អភិ​សិរី​សុ​គ​ន្ឋា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី សម្តេចព្រះសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ផង​ដែរ ។

សូម​បញ្ជាក់​ថា លោក ត្រាន់ ដាយ ខ្វាង (Tran Dai Quang) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា មួយ​ថ្ងៃមុន​ផ្តើម​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ៕