បង្កើត​បញ្ហា ដោយសារ​មុត​អំបែង​ដប​ក្នុង​ស្ទឹង

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ឈ្មោះ​សេង នាង អាយុ​៥៣​ឆ្នាំ ជា​អាជីវករ​លក់ដូរ រស់នៅ​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​អះអាង​ថា គាត់​ត្រូវ​ប្រពន្ធ​លោក​មេ​ភូមិ​ភ្នំ​ដំបង​ចោទប្រកាន់​ថា បាន​ប្រើ​ក្មេង​ប្រុស​ម្នាក់​ឱ្យ​វាយ​បំបែក​ដប​ស្រា​បៀ រួច​យក​ទៅ​បោះចោល​នៅ​ក្នុង​ទឹកស្ទឹង​ក្បែរ​ក្យូ​ស​របស់​អ្នកមាន​អំណាច​ម្នាក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បណ្តាល​ឱ្យ​មុត​ជើង​ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាក់ ។

ការ​ប្តឹង​ចោទប្រកាន់​នេះ ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ហៅ​ទៅ​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០១៦ បន្ទាប់​ពី​សាកសួរ​ទៅ​លើ​កុមា​រា​ម្នាក់​ដែល​ស្នាក់​នៅ​ជាមួយ​គាត់​រួច​មក ។

ស្ត្រី​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា ការ​ចោទប្រកាន់​របស់​ប្រពន្ធ​មេ​ភូមិ​ថា គាត់​បាន​បញ្ជា​ឱ្យ​ក្មេង​ប្រុស​ម្នាក់​យក​អំបែង​ដប​ស្រា​បៀរ​យក​ទៅ​បោះចោល​នៅ​ទីនោះ គឺ​គាត់​សូម​បដិសេធ​ទាំងស្រុង ព្រោះ​អី​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ហាម​មិន​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​នៅ​ក្បែរ​មាត់​ស្ទឹង​លក់​ស្រា​បៀរ​ដប​ដែល​មាន​អំបែង ចំណែក​រូប​គាត់​ក៏​មិន​បាន​លក់​ដែរ ។

ចំណែក​ក្មេង​ប្រុស​ម្នាក់ ឈ្មោះ​ទូច វាសនា អាយុ​១៣​ឆ្នាំ ដែល​រស់នៅ​ជាមួយ​ស្ត្រី​ឈ្មោះ​សេង នាង ដែល​ត្រូវ​គេ​ចោទប្រកាន់​បានឱ្យ​ដឹង​ថា គឺ​ប្រពន្ធ​មេ​ភូមិ​ដែល​មានឈ្មោះ​សៅ ច​ន្ថា ដែល​ជា​មេការ​របស់​ខ្ចុះ​ព្រះរាជអាជ្ញា​រង បាន​បង្ខំ​ឱ្យ​រូបគេ​និយាយ​ចោទប្រកាន់​ថា ឈ្មោះ​សេង នាង បាន​ប្រើ​ខ្លួន​យក​អំបែង​ដប​ទៅ​បោះចោល​នៅ​ទីនោះ ដោយ​មានការ​ភ័យ​ខ្លាច​រូបគេ​ក៏​ឆ្លើយ​តាម​ប្រពន្ធ​មេ​ភូមិ​បង្គាប់​តែ​ម្តង ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ មិថុនា ២០១៦ មាន​ភ្ញៀវ​ទេសចរ​មួយ​ចំនួន មក​ពី​ខេត្តបាត់ដំបង​បាន​នាំ​គ្រួសារ​ទៅ​លេង​នៅ​រម​នី​យ​ដ្ឋា​ន​ភ្នំ​ដំបង ដោយ​ចូល​ទៅ​កំសាន្ត​នៅ​ក្យូសរបស់​លោក​សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ។ លុះ​ក្រោយមក ពួក​គេ​ក៏​បាន​ចុះ​ទៅ​ហែល​លេង​នៅ​ក្នុង​ទឹកស្ទឹង ស្រាប់តែ​មាន​មនុស្ស​ក្មេង​ចាស់​ចំនួន​៦​នាក់ មុត​អំបែង​ដប​ដែល​គេ​យក​ទៅ​បោះចោល​នៅ​ក្នុង​ស្ទឹង​នោះ បណ្តាល​ឱ្យ​ចេញ​ឈាម ។ បន្ទាប់​ពី​ប្រពន្ធ​មេ​ភូមិ​បាន​ទៅ​មើល រួច​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ត្រួតពិនិត្យ​ទឹកស្ទឹង រួច​ក៏​ធ្វើការ​ចោទប្រកាន់ទៅ​លើ​ម្ចាស់​ហាង​ដែល​លក់​នៅ​ក្បែរ​គ្នា​នោះ​ថា បាន​ប្រើ​ក្មេង​ឱ្យ​យក​ទៅ​បោះចោល​ទីនោះ កាលពី​វេលា​ម៉ោង​៦​យប់ ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦ ថ្មី​ៗ​នេះ តែ​ប្រភព​បាន​បញ្ជាក់​ថា បើ​តាម​ការ​សន្និដ្ឋាន អំបែង​ដប​នោះ ត្រូវ​គេ​បោះចោល​អស់​រយៈពេល​ជា​យូរ​មក​ហើយ ព្រោះ​មាន​ស្លែ​រុំ មិនមែន​ទើបតែ​បោះចោល​នៅ​ប៉ុន្មាន​ថ្ងៃនេះ​ទេ ។

ប្រភព​បាន​បង្ហើប​ប្រាប់​បន្ត​ទៀត​ថា ការ​សួរ​ចម្លើយ​ទៅ​លើ​ក្មេង​ប្រុស​លើក​ទី​១ ក្មេង​នោះ​ឆ្លើយ​ថា គឺ ស្ត្រី ឈ្មោះ សេង នាង បាន​ប្រើ​រូបគេ​ឱ្យ​យក​ទៅ​បោះចោល​នៅ​ទីនោះ​មែន រួច​ពេល​សាកសួរ​ទៅ​លើ​ក្មេង​ប្រុស​នោះ​ជា​លើក​ទី​២ ស្រាប់តែ​គេ​ឆ្លើយ​ថា ចម្លើយ​របស់​គេ​ខាងលើត្រូវ​ប្រពន្ធ​លោក​មេ​ភូមិ​ដែល​ជា​មេការ​នៅ​ក្យូសព្រះរាជអាជ្ញា​រង​នោះ​បង្ខំ​ឱ្យ​គេ​ឆ្លើយ ចោទប្រកាន់​ទៅ​លើ​ស្ត្រី​ដែល​ខ្លួនស្នាក់​នៅ​ជាមួយ​រាល់ថ្ងៃ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ខាង​កងរាជអាវុធហត្ថ​ខេត្ត​បានរៀបចំ​សំណុំរឿងបញ្ជូន​ស្ត្រី​ខាងលើទៅ​អយ្យការ​អម​សាលាដំបូង ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី ។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បង្កើត​បញ្ហា ដោយសារ​មុត​អំបែង​ដប​ក្នុង​ស្ទឹង

បង្កើត​បញ្ហា ដោយសារ​មុត​អំបែង​ដប​ក្នុង​ស្ទឹង