​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ពិភាក្សា​ស្តីពី​កិច្ចការ​អភិរក្ស និង​បញ្ហា​ប្រឈម​នៅ​ភ្នំ​គូលែន

​សៀមរាប:
អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​សិក្ខាសាលា​មួយ ក្រោម​ប្រធានបទ “​ការអភិរក្ស និង​បញ្ហា​ប្រឈម​នៅ​ភ្នំ​គូលែន​”​នៅ​ថ្ងៃ​សុក្រ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ ខាងមុខនេះ​។ សិក្ខាសាលា​នេះ នឹងមាន​ការចូលរួម​ពី​វាគ្មិន​សំខាន់ៗ​ដូចជា លោក Tsugawa Takahisa សហប្រធាន​អាយ​ស៊ី​ស៊ី អង្គរ​ភាគី​ជប៉ុន លោក​សាស្ត្រាចារ្យ Azedine Beshaouch លេខា​វិទ្យាសាស្ត្រ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន រួម​នឹង​មន្ត្រី​ជំនាញ​ជាច្រើនរូប​ទៀត​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​ស្រាវជ្រាវ​ផ្សេងៗ​។ សិក្ខាសាលា​នេះ នឹង​ដំណើរការ​ចាប់ពី​ម៉ោង ៧:៤៥​នាទី​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ នៅ​សាលសន្និសីទ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ប្រធានបទ​សំខាន់ៗ​ដែល​នឹងត្រូវ​លើកមកបង្ហាញ​ក្នុង​សិក្ខាសាលា​នេះ​មានដូចជា ទស្សនវិស័យ​នាពេល​អនាគត​ស្តីពី​ភ្នំ​គូលែន គំនូរ​លើ​ថ្ម​បុរេប្រវត្តិសាស្ត្រ​លើ​ភ្នំ​គូលែន ភ្នំ​ម​ហិ​ន្ទ្រ​ប​ព៌​ត​(​ភ្នំ​គូលែន​)​ក្នុង​អារ្យធម៌​ខ្មែរ កំណាយ​ស្រាវជ្រាវ និង​លទ្ធផល​ពិសោធន៍​LiDAR​។​ល​។ មិនតែប៉ុណ្ណោះ ផែនការមេ​ស្តីពី​ការគ្រប់គ្រង​បរិស្ថាន​ភ្នំ​គូលែន ក៏​នឹងត្រូវ​លើកមកបង្ហាញ​ក្នុង​សិក្ខាសាលា​នេះដែរ ដោយ​មន្ត្រី​ជំនាញ​ពី​ក្រសួងបរិស្ថាន​។ ជាមួយគ្នានេះ មន្ត្រី​នៃ​មូលនិធិ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ADF ក៏​នឹង​បង្ហាញ​អំពី​តំបន់​ការពារ​បុរាណវិទ្យា និង​សហគមន៍​លើ​ខ្នងភ្នំ​គូលែន និង​ដំណោះស្រាយ​សម្រាប់​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​។ ជា​ចុងក្រោយ គឺជា​វេទិកា​សំណួរចម្លើយ​រវាង​អ្នកចូលរួម និង​វាគ្មិន ដែល​អាច​ឈានដល់​ការធ្វើ​សេចក្តីសន្និដ្ឋាន​រួមមួយ​។​

​នេះ​ជា​សិក្ខាសាលា​មួយ ដែល​នឹង​ផ្តល់ឱកាស​ឲ្យ​អ្នកចូលរួម​ទាំងអស់​បាន​ស្តាប់ និង​សួរ​សំណួរ​ពាក់ព័ន្ធ​នានា​ទៅកាន់​អ្នកជំនាញ​លើ​ការងារ​អភិរក្ស និង​បញ្ហា​បរិ​ស្ថា​នៅលើ​ភ្នំ​គូលែន​។ អាជ្ញាធរ​ជាតិ​អប្សរា​សូម​អញ្ជើញ​អ្នកស្រាវជ្រាវ​ជាតិ អន្តរជាតិ អ្នកសារព័ត៌មាន មគ្គុទ្ទេសក៍​ទេសចរណ៍ សិស្ស និស្សិត និង​សាធារណជន​ចូលរួម​ដោយ​មេត្រីភាព​។ សូម​ចូលទៅ​កាន់​អាសយដ្ឋាន http:/goo.gl/forms/1i9af8900V6xq06O2 ដើម្បី​ចុះឈ្មោះ​ចូលរួម ឬ​ទូរស័ព្ទ​ទៅកាន់​លោក សេន សែត មន្ត្រី​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​៕s​