រូបភាព​ទីក្រុង ​និង​ទីប្រជុំ​ជន​នា​សម័យ​អង្គរ​បង្ហាញ​កាន់​តែ​ច្បាស់​តាមរយៈ​រូប​ថត​កាំរស្មី​ឡេស៊ែរ

លោក Damian Evans (ដេមៀន អេវេនស៍) ដែលធ្វើការសហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌កម្ពុជាផងដែរ បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងបុរាណជាច្រើនក្នុងសម័យអង្គរ ដែលចាប់ផ្តើមពីគ.ស.៩០០ដល់គ.ស.១៥០០មុនពេលការរើរាជធានីសម័យនោះ ត្រូវបានរកឃើញជាបន្តបន្ទាប់។

រូបភាព​ទីក្រុង ​និង​ទីប្រជុំ​ជន​នា​សម័យ​អង្គរ​បង្ហាញ​កាន់​តែ​ច្បាស់​តាមរយៈ​រូប​ថត​កាំរស្មី​ឡេស៊ែរ

ភ្នំពេញ — នៅថ្ងៃអង្គារនេះ ក្រុមមន្ត្រី និងអ្នកជំនាញប្រវត្តិសាស្ត្រខ្មែរសាទរចំពោះរបកគំហើញថ្មីនៃទីក្រុងបុរាណនានាក្នុងសម័យអង្គរ ដែលជាពន្លឺបន្ថែមទៀតសម្រាប់ការសិក្សាស្រាវជ្រាវ និងបញ្ជាក់ពីភាពរុងរឿងនៃអរិយធម៌អាណាចក្រខ្មែរ។

ការលើកឡើងរបស់ក្រុមអ្នកជំនាញកម្ពុជានេះធ្វើឡើងមិនបានប៉ុន្មានថ្ងៃទេ ក្រោយពេលដែលអ្នកសិក្សាស្រាវជ្រាវមួយរូបដែលធ្វើការជាមួយសាលាបារាំងចុងបូពាណ៌ (EFEO) គឺលោក Damian Evans (ដេមៀន អេវេនស៍) បានបង្ហាញភស្តុតាងថ្មីៗអំពីទីក្រុងបុរាណរបស់អាណាចក្រខ្មែរ ក្រោយពីការស្រាវជ្រាវដោយប្រព័ន្ធកាំរស្មីឡេស៊ែរពីលើអាកាស ឬហៅថា Lidar (ឡៃដារ)។

រូបភាព​ទីក្រុង ​និង​ទីប្រជុំ​ជន​នា​សម័យ​អង្គរ​បង្ហាញ​កាន់​តែ​ច្បាស់​តាមរយៈ​រូប​ថត​កាំរស្មី​ឡេស៊ែរ

លោក Damian Evans (ដេមៀន អេវេនស៍) ដែលធ្វើការសហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌កម្ពុជាផងដែរ បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងបុរាណជាច្រើនក្នុងសម័យអង្គរ ដែលចាប់ផ្តើមពីគ.ស.៩០០ដល់គ.ស.១៥០០មុនពេលការរើរាជធានីសម័យនោះ ត្រូវបានរកឃើញជាបន្តបន្ទាប់។ លោកក៏បានបញ្ជាក់ពីការរកឃើញទីក្រុងបុរាណឈ្មោះថា មហិន្ទ្របព៌ត (មហេន្ទ្របវ៌្វត) ឬ Mahendraparvata ដែលអ្នកប្រវត្តិសាស្ត្រគិតថា ជារាជធានីដំបូងនៃសម័យអង្គររបស់ព្រះបាទជ័យវរ្ម័នទី២នាសតវត្សរ៍ទី៩ រួមទាំងរចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រក្នុងតំបន់នោះ។ រាជធានីដំបូងនៃសម័យអង្គរត្រូវបានរកឃើញស្ថិតនៅក្រោមស្លឹកឈើយ៉ាងក្រាស់លើភ្នំគូលែន ខេត្ដសៀមរាប។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ប្រាប់ VOA នាថ្ងៃអង្គារនេះថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាថ្មី ដោយការបាញ់កាំរស្មីឡេស៊ែរពីលើអាកាសហៅថា Lidar (ឡៃដារ)ក្នុងទ្រង់ទ្រាយតូចជុំវិញអង្គរ និងតំបន់ក្បែរនោះ តាំងពីឆ្នាំពី២០១២មកម្ល៉េះ។ យ៉ាងណាក៏ដោយ លោក ឡុង កុសល ថ្លែងថា ការសិក្សាបន្ថែមទៀតនាឆ្នាំ២០១៥នេះគឺបញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀតអំពីហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុង និងធារាសាស្រ្តរបស់ទីក្រុងបុរាណនានា បន្ថែមពីលើឯកសារប្រវត្តិសាស្ត្រ និងការនិទានតៗគ្នានោះ។

លោក ឡុង កុសល៖ «អញ្ចឹងគឺថា លទ្ធផលដែលយើងបានទទួលមកនេះគឺដូចលទ្ធលដែលបានពីឆ្នាំ២០១២បង្ហាញអញ្ចឹង គឺថា មានសណ្ឋាននៃការវិវត្តទីក្រុងសណ្ឋាននៃការរស់នៅរបស់មនុស្សនាសម័យនោះគឺមានសណ្ឋានធំធេងណាស់បាទ! លើសពីអ្វីដែលយើងធ្លាប់បានដឹងកន្លងមក។ អញ្ចឹងលទ្ធផលនៃ Lidar នេះគឺផ្តល់មកឲ្យយើងនូវអ្វីជារបកគំហើញមួយថ្មី ដែលអាចឲ្យយើងបានដឹងអំពីប្រវត្តិសាស្ត្រអំពីកម្ពុជាយើងរបស់អាណាចក្រខ្មែររបស់យើងនាពេលនោះ អំពីការរៀបចំក្រុងអំពីអារ្យធម៌អំពីអ្វីៗជាច្រើនទៀត ដែលយើងកន្លងមកបានដឹងគ្រាន់តែថា បានដឹងតែមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់»។

រូបភាព​ទីក្រុង ​និង​ទីប្រជុំ​ជន​នា​សម័យ​អង្គរ​បង្ហាញ​កាន់​តែ​ច្បាស់​តាមរយៈ​រូប​ថត​កាំរស្មី​ឡេស៊ែរ

អ្នកជំនាញរូបនេះក៏ឲ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០១៥មក អាជ្ញាធរអប្សរាសហការជាមួយសាលាបារាំងចុងបូព៌ា និងក្រសួងវប្បធម៌ផងដែរ បានពង្រឹកទំហំនៃការស្រាវជ្រាវ ដោយការបាញ់កាំរស្មីឡេស៊ែរពីលើអាកាស ឬហៅថា Lidar (ឡៃដារ) ពីទំហំ៣៧០ទៅ១៩១០គីឡូម៉ែត្រក្រឡា ដែលលាតសន្ធឹងដល់ទៅតំបន់ប្រាសាទបឹងមាលា សម្បូរព្រៃគុហ៍ ប្រាសាទព្រះខ័ន នៅកំពង់ស្វាយ និងទីក្រុងលង្វែកថែមទៀត ដើម្បីស្វែងយល់ពីការវិវត្តទីក្រុងនៃប្រទេសកម្ពុជា។

«អញ្ចឹងបច្ចេកវិទ្យា Lidar នេះគឺថា ឲ្យយើងបានដឹងច្រើន ហើយវាជាពន្លឺនាំឲ្យយើងអាចធ្វើការសន្និដ្ឋាន ឬក៏ស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើងឡើងវិញ ក៏អាចថា បានដែរបាទ ជាពិសេសពាក់ព័ន្ធជាមួយការរស់នៅរបស់មនុស្សពាក់ព័ន្ធជាមួយនឹងអារ្យធម៌របស់មនុស្សខ្មែរយើង។ វាជាសម័យដ៏រុងរឿងដ៏ខ្ពង់ខ្ពស់ជាទីបំផុតនោះ»។

លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយកនៃអគ្គនាយដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏បានបញ្ជាក់ពីផលវិជ្ជមាននៃការរកឃើញថ្មីៗទាំងនេះផងដែរ។ លោកនិយាយថា វានឹងក្លាយជាឯកសារ និងភស្តុតាងដ៏សំខាន់បញ្ជាក់ពីការរីកចម្រើន ក៏ដូចជាការវិវត្តន៍នៃអរិយធម៌ខ្មែរពីបុរាណ។ លើសពីនេះទៀត វាក៏ជាឯកសារសំខាន់សម្រាប់ការស្រាវជ្រាវបន្តទៀតរបស់បូរាណវិទូ។

«ក្រសួងវិញគឺថា ឧទាហរណ៍យើងឃើញទ្រង់ទ្រាយអញ្ចឹងគឺវាងាយស្រួល វាងាយស្រួលមែនទែន! ងាយស្រួលក្នុងការគ្រប់គ្រងថា អូ! យើងឃើញទ្រង់ទ្រាយទីក្រុងយើងហើយ ច្បាស់ហើយនែ! កន្លងមកយើងពឹងផ្អែកទៅលើភ្នែក ដែលយើងទៅមើលទៅដើរផ្ទាល់ ចុះទៅសង្កេតផ្ទាល់។ អញ្ចឹងទៅវាមានការពិបាកមើលដែរពេលខ្លះ ហើយបើព្រៃទៀត យើងត្រូវចុះទៅរុកព្រៃមើលថា តើវាមានរូបរាងយ៉ាងម៉េច?ដល់ពេលគេស្កេនចេញមកជារូបរាងអញ្ចឹង យើងមើលអាហ្នឹង យើងចុះទៅ វាមានភាពងាយស្រួលក្នុងការថែរក្សា ក្នុងការគ្រប់គ្រង ហើយប្រសិនបើយើងចង់ធ្វើការស្រាវជ្រាវ ធ្វើកំណាយ ធ្វើអីទៀត វាងាយតែម្តង គឺយើងយកតាមទិន្នន័យនៃស្កេនហ្នឹង»។

លោក ប្រាក់ សុណ្ណារ៉ា ឲ្យដឹងផងដែរថា ក្រសួងក៏បានយកឯកសារពីកាំរស្មីឡេស៊ែរពីលើអាកាស ឬ Lidar (ឡៃដារ) ធ្វើជាឯកសារបន្ថែមសម្រាប់ដាក់ប្រាសាទសម្បូរព្រៃគុហ៍ក្នុងខេត្តកំពង់ធំ ជាសម្បតិ្តបេតិកភណ្ឌពិភពលោក។

លោក សំបូ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ពីភាពរីករាយប្រាប់ VOA ថា ការតាំងទីក្រុងបុរាណ ដែលមានឈ្មោះថា មហិន្ទ្របព៌ត (មហេន្ទ្របវ៌្វត) ឬ Mahendraparvata ដែលជារាជធានីដំបូងនៃសម័យអង្គររបស់ព្រះបាទជ័យវរ្ម័នទី២ នាសតវត្សរ៍ទី៩នោះគឺជាការបញ្ជាក់ពីព្រហ្មញ្ញសាសនានៅក្នុងប្រទេសកម្ពុជា និងការរីកចម្រើននាសម័យនោះ។

លោក សំបូ មាណ្ណារ៉ា ឲ្យដឹងផងដែរថា៖

«ចំពោះទស្សនៈរបស់ខ្ញុំដែលជាអ្នកសិក្សាប្រវត្តិសាស្ត្រនេះ គឺជាជ័យជំនះមួយទៀត នៅក្នុងគំនិតដែលយើងរកឃើញទីក្រុងថ្មី ហើយដែលនិយាយថា បរិមាណស្ទើរតែប៉ុននឹងទីក្រុងភ្នំពេញ ហើយនៅក្នុងព្រៃនៅលើដងភ្នំ ហើយដែលបានរកឃើញដូចនេះ។ ខ្ញុំសូមអបអរសាទរ និងសូមដឹងគុណជានិច្ចចំពោះអ្នកដែលបានប្រឹងប្រែង ដើម្បីបង្កើតបាននូវអច្ឆរិយ្យវត្ថុខ្មែរនៅក្នុងតម្លៃជាប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាននេះ។ ហើយយើងសង្ឃឹមថា រាជរដ្ឋាភិបាលក្តី អ្នកស្រាវជ្រាវក្តីនឹងនាំគ្នាប្រឹងប្រែងបំពេញបេសកម្មដើម្បីពន្លេចនៃទីក្រុងខ្មែរនៅសតវត្សរ៍ទី៩នេះ សម្រាប់ជាតិយើង សាសន៍យើងឲ្យយើងបានដឹងបន្តទៀតផងដែរ បាទ!»

រូបភាព​ទីក្រុង ​និង​ទីប្រជុំ​ជន​នា​សម័យ​អង្គរ​បង្ហាញ​កាន់​តែ​ច្បាស់​តាមរយៈ​រូប​ថត​កាំរស្មី​ឡេស៊ែរលោកបូរាណវិទូ Damian Evans ដែលធ្វើការសិក្សាស្រាវជ្រាវរឿងនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន The Cambodia Daily ដែលចេញផ្សាយនាថ្ងៃច័ន្ទថា ក្រុងមហិន្ទ្របព៌តក៏ដូចជារាជធានីអង្គរ និងទីក្រុងធំៗសម័យអង្គរផ្សេងៗទៀតដែលទើបរកឃើញថ្មី ដូចជាក្រុងនៅព្រះខ័នកំពង់ស្វាយ ត្រូវបានព្រះមហាក្សត្រខ្មែរបោះបង់ចោលនាចុងសតវត្សរ៍ទី១៥ ដោយសារតែ«កោលាហលផ្នែកនយោបាយ» នាពេលនោះ។

យ៉ាងណាក៏ដោយ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាថ្លែងថា មិនមានការសន្និដ្ឋានណាមួយឲ្យច្បាស់នៅឡើយទាក់ទិននិងការរុះរើនៃរាជធានីអង្គរដ៏ល្បីល្បាញរបស់ខ្មែរនៅឡើយនោះទេ។ លោកនិយាយថា ការធ្វើកំណាយនៅទីកន្លែងដែលរកឃើញថ្មីៗនោះនឹងអាចធ្វើឡើងនាពេលខាងមុខ ដើម្បីស្រាវជ្រាវឲ្យច្បាស់ថែមទៀត។

លោក ឡុង កុសល បន្ថែមថា៖

«ទិន្នន័យដែលបានបង្ហាញមកនេះ គឺយើងត្រូវធ្វើការសិក្សាបន្ថែមហើយបន្ថែមទៀតដើម្បីបញ្ជាក់ឲ្យច្បាស់ ក្រៅតែពីទិន្នន័យដែលបានបញ្ជូនពី Lidar។ ដូចខ្ញុំបានជម្រាបអញ្ចឹងគឺ យើងកន្លែងខ្លះគឺយើងត្រូវទៅធ្វើការបញ្ជាក់បន្ថែម ដោយធ្វើកំណាយ ទៅធ្វើការសិក្សា ដោយមនុស្សទៅទីកន្លែងនោះ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា តើអ្វីដែល Lidar បញ្ជូនមក និងអ្វីដែលមានលក្ខណៈជាក់ស្តែងហ្នឹង វាមានភាពខុសគ្នាយ៉ាងដូចម្តេច?»

របកគំហើញថ្មីនេះ និងសេចក្តីសន្និដ្ឋានមួយរបស់បូរាណវិទូ Damian Evans ត្រូវបានគេចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្របូរាណវិទ្យា (Journal of Archaeological Science) នាថ្ងៃច័ន្ទនេះ ហើយលោកក៏គ្រោងធ្វើបទបង្ហាញអំពីការរកឃើញរបស់លោកនាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនាថ្ងៃអង្គារនេះផងដែរ៕

ប្រភពៈ VOA