ក្រុមស្រាវជ្រាវរដ្ឋាភិបាល​​រកឃើញភាព​មិនប្រក្រតីលើស្នាមមេដៃថ្វាយព្រះមហាក្សត្រ​

មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាខ្លួនរកឃើញស្នាមមេដៃស្ទួនគ្នានៅលើញត្តិដែលគណបក្សសង្រ្គោះជាតិបានដាក់ថ្វាយព្រះមហាក្សត្រ។

ក្រុមស្រាវជ្រាវរដ្ឋាភិបាល​​រកឃើញភាព​មិនប្រក្រតីលើស្នាមមេដៃថ្វាយព្រះមហាក្សត្រ​

លោក កង សុខន អគ្គស្នងការរងនគរបាលជាតិ ប្រាប់វីអូឌីថាក្រុមស្រាវជ្រាវរកឃើញស្នាមមេដៃដូចគ្នា តែលោកមិនអាចបញ្ជាក់ថាមានចំនួនច្រើនឬយ៉ាងណានោះទេ។ លោកមានប្រសាសន៍ថា៖ “យើងគ្រាន់តែរកឃើញមានឈ្មោះមួយចំនួនដែលមានស្នាមមេដៃគាត់ផ្ដិតជាន់ទៅលើឈ្មោះផ្សេងៗទៀត។ ចំនួនជាក់ស្ដែងយើងមិនអាចឆ្លើយបានទេគ្រាន់ថាបញ្ហារកឃើញវាអញ្ចឹង”។ លោកបដិសេធអត្ថាធិប្បាយលម្អិតលើបញ្ហានេះ។

វីអូឌីមិនអាចសុំការឆ្លើយតបពីមន្រ្តីគណបក្សសង្រ្គោះជាតិបាននៅឡើយទេ។

គួររំឭកថាកាលពីថ្ងៃទី៣០ ខែឧសភា តំណាងរាស្រ្តគណបក្សប្រឆាំងបានហែរញត្តិដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នានេះថ្វាយព្រះមហាក្សត្រម្តងរួចមកហើយ ដោយក្នុងញត្តិនោះមានស្នាមមេដៃប្រជាពលរដ្ឋជាង១៧ម៉ឺននាក់។ ទោះយ៉ាងណា ក្រោយការថ្វាយញត្តិនេះ មានលេចឭព័ត៌មានទាក់ទងនឹងភាពមិនប្រក្រតីចំពោះការប្រមូលស្នាមមេដៃនិងនៅមួយថ្ងៃបន្ទាប់ពីថ្ងៃដាក់ញត្តិ ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចឲ្យក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវរកម្ចាស់ស្នាមមេដៃដោយផ្ទាល់និងថាធ្វើកោសលវិច្ច័យទៅលើស្នាមមេដៃទាំង១៧៣១៤៤នាក់ តាមបញ្ជារបស់នាយករដ្ឋមន្រ្តី។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)ដែលធ្វើឡើងនៅកោះពេជ្រកាលពីថ្ងៃចន្ទ លោក ហ៊ុន សែន បានថ្លែងលោកមិនបានចោទថាស្នាមមេដៃទាំងនោះជាស្នាមមេដៃក្លែងក្លាយនោះទេ តែលោកថាចង់ឲ្យមានការស្រាវជ្រាវថាតើស្នាមមេដៃទាំងនោះពិតឬមិនពិត ដោយលោកថាកន្លងទៅមានការក្លែងបន្លំមេដៃជាបន្តបន្ទាប់។

គណបក្សសង្គ្រោះជាតិបានប្រមូលស្នាមមេដៃម្តងទៀត ដោយបានប្រកាសកាលពីថ្ងៃចន្ទថាខ្លួនបានទទួលស្នាមមេដៃជាង២៣ម៉ឺនពីតំណាងប្រជាពលរដ្ឋមកពីបណ្តារាជធានី-ខេត្តទាំង២៥ ដែលស្នាមមេដៃទាំងនេះត្រូវគណបក្សថាសម្រាប់ដាក់ជាញត្តិថ្វាយព្រះមហាក្សត្រព្រះរាជអន្តរាគមន៍ឲ្យស្ថាប័នរដ្ឋគោរពសិទ្ធិប្រជាពលរដ្ឋនិងអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត។ ក្នុងដំណើការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនេះ មន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិមួយចំនួនត្រូវបានអាជ្ញាធរឃាត់ខ្លួននិងបានឲ្យចុះកិច្ចសន្យាបញ្ឈប់ការដើរប្រមូលស្នាមមេដៃនេះហើយពួកគេត្រូវបានដោះលែវវិញនៅថ្ងៃដដែល៕

ប្រភពៈ VOD