ណាហ្គាវើល ត្រៀមទប់ប៉ូលិស ដើម្បីបើកឱកាសឲ្យក្រុមមកពីខេត្ត

ក្រុម​ណាហ្គាវើល ហាក់​បង្ហាញ​ពី​ចេតនា ក្នុង​ការ​ផ្តល់ឱកាស​ឲ្យ​ក្រុម​មក​ពី​ខេត្ត​ឡើង​ទៅ​វគ្គ១/៤ផ្តាច់​ព្រ័ត្រ នៃ​​​ពាន​រង្វាន់​សម្តេចហ៊ុនសែន លើក​ទី​១០ ឆ្នាំ​២០១៦ តាម​រយៈ​ការ​ត្រៀម​​ជួយ​ទម្លាក់​ក្រុម​ស្នង​ការនគរ​បាលជាតិ(ប៉ូលិស) ក្នុង​ការ​ប្រកួត​កាត់​សេចក្តីលើក​ចុង​ក្រោយ​ នៅ​ថ្ងៃ​ពុធ​នេះ រីឯក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា(ស៊ីម៉ាក់) ត្រូវ​​ប្រកួត​ដណ្តើម​យក​លេខ​១ និង​លេខ​២ ប្រចាំ​ពូល​C ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន។

soccermatch1

តា​ម​ពិត​ទៅ ការ​ឈ្នះ​ទាំង៤​ប្រកួត បាន​ជួយ​ឲ្យ​ក្រុម​ណាហ្គាវើល ​ទទួលបាន​​ចំណាត់​ថ្នាក់​លេខ​១ប្រចាំ​ពូល​D ​ដោយ​ស្វ័យ​ប្រវត្តិទៅ បើ​ទោះបី​ជា​ពួក​គេ​ត្រូវ​ចាញ់​ក្រុម​​ប៉ូលិស ក្នុង​ការ​ប្រកួត​លើក​ទី​៥​ចុង​ក្រោយ​នេះ​ក៏​ដោយ ប៉ុន្តែ​ក្រុម​ប៉ូលិស ដែល​មាន​៨ពិន្ទុជាមួយ​ការ​ឈ្នះ​២ និង​ស្មើ​២​ដង ត្រូវ​ការ​យក​ឈ្នះ​ជា​ដាច់​ខាត ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន។

បើ​សិន​ជា ប៉ូលិស ​ចាញ់វិញ​នោះ គឺ​ពួក​គេ​អាច​នឹងធ្លាក់ ព្រោះ​ក្រុម​សៀម​រាបអង្គរ និង​ក្រុមខេត្ត​ស្វាយ​រៀង ដែល​​មាន​៧ពិន្ទុ ជាមួយ​ការ​ឈ្នះ​២ ស្មើ​១ និង​ចាញ់​១​ប្រកួត​ដូច​គ្នា សុទ្ធ​តែ​មាន​ឱកាស​ប្រជែង​យក​លេខ​២ គឺ​មាន​ន័យ​ថា រវាង​ក្រុម​ទាំង​២ ក្រុមណាឈ្នះ​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​ឡើង​ទៅ​វគ្គបន្ត បើ​ក្រុមប៉ូលិស​ចាញ់។ ផ្ទុយ​ទៅ​វិញ ​បើ​សៀម​រាបអង្គរ និង​ខេត្ត​ស្វាយ​រៀង ស្មើ​គ្នា​នោះ គឺ​ក្រុម​ប៉ូលិស នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត​ បើ​ទោះ​បីពួក​គេ​ចាញ់​ណាហ្គាវើល ក៏​ដោយ។

soccermatch2

ជាមួយ​នឹងស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់​នេះ លោក អ៊ុង កនយ៉ានិត គ្រូ​បង្វឹក​ក្រុម​ប៉ូលិស បាន​និយាយ​​ថា៖​«យើង​​​ត្រូវ​រក​ជ័យ​ជម្នះ​ឲ្យ​បាននៅ​ក្នុងការ​ប្រកួតដ៏​សំខាន់​នេះ ព្រោះ​ការ​ទទួល​បាន​​ត្រឹម​លទ្ធ​ផល​ស្មើ​ ក៏​យើង​​មាន​បញ្ហា​ដែរ។ ខ្ញុំ​មាន​ការ​ជឿ​ជាក់ទៅ​ឆន្ទៈ​កូន​ក្រុម​របស់​ខ្ញុំ ហើយ​ក្រុម​ណាហ្គាវើល ក៏​អាច​នឹង​ដាក់​កីឡាករ​ក្មេងៗ​ឲ្យលេង​ផង​ដែរ ខណៈ​ពួក​គេ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ហើយនោះ ហេតុ​នេះ​យើងទាម​ទារ​យក​ឈ្នះ​ឲ្យ​បាន»។

ប៉ុន្តែ លោក មាស ចាន់ណា គ្រូ​បង្វឹក​ណាហ្គាវើល បាន​​បញ្ជាក់​ថា លោក​នឹងមិន​បន្ធូ​ដៃ​ឲ្យ​ក្រុម​ប៉ូលិសនោះ​ទេ។ លោក​បាន​និយាយថា៖​«​​យើង​នឹងដាក់​កីឡាករ​ក្មេងៗ​ឲ្យលេង​ទាំង​អស់ ចៀស​វា​ការ​ជួប​បញ្ហា​របួស ប៉ុន្តែយើង​មិន​បន្ធូ​ដៃ​ឲ្យ​ក្រុម​ប៉ូលិស​នោះ​ទេ។ ក្មេងៗ​របស់​ខ្ញុំ ​នឹង​ប្រឹង​ប្រែង​ប្រកួត​ឲ្យ​បាន​១០០​ភាគ​រយ ហើយ​ពួក​គេ​​អាច​នឹង​លេង​បាន​ល្អ​ជា​ង​ក្រុមចាស់ៗ​ក៏​ថា​បាន ដោយ​សារ​ពួក​គេ​មាន​អារម្មណ៍​ល្អ​ និង​មាន​ទឹក​ចិត្តក្នុង​ការ​ប្រកួតណាស់ ស្រប​ពេល​​ក្រុម​យើង នៅ​តែ​ត្រូវ​ការ​ឈ្នះ​ បើ​ទោះ​បីជា​យើង​ បាន​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យ​ប្រវត្ត​​ហើយ​ក៏​ដោយ»។

soccermatch3

ដោយ​ឡែក ភ្នំពេញ​ក្រោន និងស៊ីម៉ាក់ នឹង​ត្រូវ​ប្រកួតកាត់​សេចក្តី​​រក​ក្រុម​​លេខ​១ និង​លេខ​២​ប្រចាំ​ពូលC ព្រោះ​ក្រុម​ទាំង​២​នេះ បាន​ឈ្នះ​៤​ប្រកួត នឹង​មាន​១២ពិន្ទុ​ស្មើ​គ្នា ប៉ុន្តែ​ភ្នំពេញ​ក្រោន មាន​ប្រៀប​ជាង​ក្រុម​ស៊ីម៉ាក់ ព្រោះ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង ហេតុ​នេះ​ការ​ទទួល​បាន​ត្រឹម​លទ្ធ​ផល​ស្មើ​ ក៏​ភ្នំពេញ​ក្រោន បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១​ដែរ៕

tablesoccer1

tablesoccer2