បញ្ជាការដ្ឋានអង្គរក្ស និងមហាផ្ទៃ បង្ហាញភាពខ្លាំងថ្ងៃបើកឆាកដូចគ្នា

ក្រុមម្ចាស់​ជើង​ឯកបញ្ជាការសដ្ឋាន​អង្គរក្ស និង​ក្រុម​ម្ចាស់​ជើង​ឯក​រង ក្រសួង​មហាផ្ទៃ សុទ្ធ​បាន​បង្ហាញ​ភាព​ខ្លាំង ក្នុង​ការ​ប្រកួត​ជម្រុះបើក​ឆាក​​តាម​ពូល​ដណ្តើម​ពាន​ធំ​​ក្របខ័ណ្ឌ Division A ​នៃ​​ព្រឹត្តិការណ៍​​​​បាល់ទះ​ថ្នាក់​ជាតិពាន​រង្វាន់​ស្រាបៀ​រលីអូ ប្រចាំ​ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) តាម​រយៈ​ការ​​យក​ឈ្នះ​លើ​គូ​ប្រកួតជាមួយ​លទ្ធ​ផល​ស​សិត​ដាច់(៣-០) ដូច​គ្នា។

leocupa

តាម​រយៈ​ការ​ប្រកួត នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​​ថ្ងៃ​អង្គារ ម្សិល​មិញនោះ ក្រុម​បញ្ជាការដ្ឋាន-​អង្គរក្ស ដែល​បាន​ឈ្នះ​ទាំងពាន​តូច​​ក្របខ័ណ្ឌ Division B និង​ពាន​ធំ ក្នុង​ក្របខ័ណ្ឌ Division A កាល​ពី​ឆ្នាំ​២០១៥​នោះ បាន​យក​ឈ្នះ​ក្រុម​កង​ពល​តូច​លេខ​៣១​ការពារកោះ​ឆ្នេរ ដែល​ទើប​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​​ក្នុង​ក្របខ័ណ្ឌ Division B ប្រចាំ​ឆ្នាំ​២០១៦ ក្នុង​លទ្ធ​ផល ៣-០ ដោយ​មិន​សូវ​ពិបាក​នោះ​ទេ គឺ​ជាមួយ​គ្រាប់​បាល់ ២៥-២១ ២៥-១២ និង ២៥-២១ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល​Aជាបណ្តោះ​អាសន្ន។

leocupa2

ចំណែក​​ក្រុម​ឈរ​នៅ​ពូល​ជាមួយ​គ្នា កង​ពល​ធំអន្តរាគមន៍​លេខ​៣ បាន​យក​ឈ្នះ​ក្រុម​សាលា​ខេត្តកំពង់​ចាម ក្នុង​លទ្ធ​ផល ៣-២ យ៉ាង​ស្វិតស្វាញ និង​តាន​តឹង​បំផុត។ ក្រុម​ទាំង​២​នេះ បាន​យក​ឈ្នះ​២​សិត​ជាប់ៗ​គ្នា​ដូច​គ្នា គឺ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ បាន​ឈ្នះ​២​សិត​មុន ជាមួយ​គ្រាប់​បាល់ ២៥-១៩ ២៥-១៩ បន្ទាប់​មក សាលា​ខេត្តកំពង់​ចាម បាន​ឈ្នះ ២៥-២៣ ២៥-២២ វិញ ប៉ុន្តែ​ការ​ប្រកួត​កាត់​សេចក្តី​នៅសិត​ទី​៥ កងពល​ធំ បាន​ឈ្នះ ១៥-៩ ដើម្បី​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​​ បន្ទាប់​ពី​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស។

ដោយ​ឡែក ក្រុម​ក្រសួង​មហាផ្ទៃ ដែល​​ធ្លាប់​បាន​ឈ្នះ​ពាន​ច្រើន​ជាង​គេ ប្រចាំ​ព្រឹត្តិការណ៍នេះ បាន​យក​ឈ្នះ​ក្រុម​សាកល​វិទ្យាល័យ​ជាស៊ីម​ចំចាយ​មារ ៣-០ ដោយ​មិន​សូវពិបាក​ដូច​គ្នា គឺ​ជាមួយ​គ្រាប់​បាល់ ២៥-១៩ ២៥-១៣ និង ២៥-១៩ ដើម្បី​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំ​ពូល​B ជាបណ្តោះ​អាសន្ន។

ចំណែក​នៅ​ថ្ងៃ​ពុធ​នេះមាន​ការ​ប្រកួត​ចំនួន​៣​គូ ក្នុង​នោះ៖

  • ក្រុម​វិសាខា ជួប ​ក្រុម​សាកលវិទ្យាល័យ​ជាស៊ីម​ចំចាយ​មារ នៅ​​ម៉ោង ១៤:​០០
  • ​ក្រុម​​​កង​ពល​តូច​លេខ​៣១​ការពារកោះ​ឆ្នេរ ជួប ​ក្រុមសាលា​ខេត្ត​កំពង់​ចាម ម៉ោង ១៥:៣០
  • ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ជួប ​ក្រុម​កង​ពលធំ​អន្តរាគមន៍​លេខ​៣ នៅ​ម៉ោង ១៦:៣០