ទំនៀមទម្លាប់​ឡើងអ្នកតា​របស់​អ្នកស្រុក​ចំណុះជើងវត្ត​អា​ធ្វា​នៅ​តំបន់​អង្គរ​

Videos


ជារៀងរាល់ឆ្នាំ ឱ្យតែដល់ខែពិសាខ អ្នកភូមិកក្រាញ់និងអ្នកភូមិចំណុះជើងវត្តអាធ្វា ស្រុកសៀមរាប តំបន់អង្គរ តែងតែនាំគ្នាធ្វើពិធីឡើងអ្នកតា ដើម្បីឱ្យអ្នកតាបាន រាំរែក សប្បាយ ហើយគេតែងតែមកធ្វើពិធីនេះ ជុំគ្នានៅនឹងប្រាសាទវត្តអាធ្វា ទួលយាយ ប៉ុក និងទួលតា មឿង មិនដែលខកខានឆ្នាំណាឡើយ ។

បុព្វហេតុនៃការធ្វើពិធីនេះ ព្រោះវាជាទំនៀមទម្លាប់តាំងពីដូនតា ក្រៅពីនោះអ្នក ស្រុកអ្នកភូមិ មានជំនឿថា ការឡើងអ្នកតានាំមកនូវសេចក្តីសុខចម្រើនដល់ស្រុកភូមិផង ប្រជាជនផង ឱ្យចៀសផុតពីរោគាព្យាធិ គ្រោះកាចឧបទ្រពចង្រៃ កូនចៅសុខកាយសប្បាយចិត្ត។ ពិសេសគឺអរគុណដល់អ្នកតា ម្ចាស់ទឹក ម្ចាស់ដីដែលផ្តល់ទឹកភ្លៀង ដីមានជីជាតិ ធ្វើឱ្យកសិកម្មរបស់គាត់បានទទួលផលល្អ ទើបបន្តធ្វើមកដល់សព្វថ្ងៃ ដោយការគោរពនិងជឿជាក់បំផុត ។

ទំនៀមទម្លាប់​ឡើងអ្នកតា​របស់​អ្នកស្រុក​ចំណុះជើងវត្ត​អា​ធ្វា​នៅ​តំបន់​អង្គរ​

អ៊ំស្រី លាភ សម្បត្តិ អ្នកភូមិកក្រាញ់ ដែលបានមកចូលរួមក្នុងពិធីនេះជារៀងរាល់ឆ្នាំបានប្រាប់ថា មិនថាតែគាត់ទេ អ្នកភូមិនៅទីនេះគឺមានជំនឿណាស់លើពិធីឡើងអ្នកតាមិនហ៊ានខកខានធ្វើមួយឆ្នាំណាទេ ព្រោះខ្លាចអ្នកតាខឹង ហើយធ្វើឱ្យស្រុកភូមិមិនសុខសប្បាយ ឬជួបគ្រោះផ្សេងៗ អ៊ីចឹងហើយឱ្យតែដល់ខែដល់ថ្ងៃ ទាំងគាត់ ទាំងគេ ទោះអត់ឬមានយ៉ាងណាក៏នាំគ្នារៀបចំពិធីនេះដែរ ។

ទំនៀមទម្លាប់​ឡើងអ្នកតា​របស់​អ្នកស្រុក​ចំណុះជើងវត្ត​អា​ធ្វា​នៅ​តំបន់​អង្គរ​

ក្នុងមួយឆ្នាំគេឡើងអ្នកតា ២ ដង ដែលលើកទី ១ គេធ្វើនៅថ្ងៃ៣កើតខែមាឃធំ គេហៅថាបញ្ជូនអ្នកតាទៅទន្លេ ខែទឹកស្រក រីឯលើកទី ២ គេធ្វើនៅថ្ងៃ៣កើតខែពិសាខនេះឯង គេហៅថាបញ្ជូនអ្នកតាឡើងភ្នំ (ភ្នំគូលែន) ជាខែទឹកឡើង រដូវធ្វើស្រែធ្វើចម្ការ។ គេធ្វើពិធីនេះដើម្បីឱ្យអ្នកតាបានរាំរែកសប្បាយ ឱ្យពរកូនចៅរួចផុតទុក្ខភ័យ ហើយឱ្យការធ្វើស្រែចម្ការបានល្អ ។

ទំនៀមទម្លាប់​ឡើងអ្នកតា​របស់​អ្នកស្រុក​ចំណុះជើងវត្ត​អា​ធ្វា​នៅ​តំបន់​អង្គរ​

អ៊ំស្រី សម្បត្តិ ក៏បានសម្តែងនូវការចាប់អារម្មណ៍ដែរចំពោះពិធីនេះលើយុវវ័យថា មានកំលោះក្រមុំតិចតួចណាស់ដែលមកចូលរួមពិធីនេះ ព្រោះពួកគេរវល់នឹងការរៀនសូត្រ ការរកស៊ី និងមិនសូវចាប់អារម្មណ៍ប៉ុន្មាន ព្រោះអាងមានម៉ែ ឪ យាយ តា មកចូលរួមហើយ ។ នេះជាកង្វល់មួយដែរ ខ្លាចវាបាត់បង់នៅថ្ងៃណាមួយ បើកូនចៅមិនខ្វល់ ទើបអ៊ំក៏ចេះតែដឹកនាំកូនចៅធ្វើ ដើម្បីរក្សាជំនឿនេះតទៅទៀតទុកជាឫសគល់នៃជំនឿខ្មែរ ណាមួយការធ្វើពិធីវាក៏មិនខាតបង់ឬក៏ឆោតល្ងង់អីដែរ ព្រោះវាជាជំនឿរបស់ខ្មែរ ហើយវាមានតែនាំមកនូវសេចក្តីចម្រើនដល់កូនចៅតែប៉ុណ្ណោះ។

ទំនៀមទម្លាប់​ឡើងអ្នកតា​របស់​អ្នកស្រុក​ចំណុះជើងវត្ត​អា​ធ្វា​នៅ​តំបន់​អង្គរ​

ដោយឡែកទាក់ទងនឹងការរៀបចំពិធីឡើងអ្នកតានៅខែពិសាខវិញ គឺមាន លក្ខណៈដូចនឹងការឡើងអ្នកតានៅថ្ងៃ ៣ កើតខែមាឃធំដែរ ទើបមិនមានការរៀប គ្រឿងរណ្តាប់ខុសគ្នាឡើយ អ្វីដែលខុស គឺ ៣ កើតមាឃធំ គេធ្វើដើម្បីបញ្ជូនអ្នកតា ទៅស្រុក (ទន្លេ) ឯ៣កើតខែពិសាខ គឺធ្វើដើម្បី បញ្ជូនអ្នកតាឡើងភ្នំ (ភ្នំគូលែន)។ គ្រឿងរណ្តាប់ទាំងនោះមានដូចជា វង់ភ្លេងពិណពាទ្យ ជម៤សម្រាប់អ្នកស្នងរូប ជម៤សម្រាប់វង់ភ្លេង ស្លាធម៌បាយសី ធូប ទៀន អង្ករ សុរា ភេសជ្ជៈ បាយសម្លរ បង្អែមចម្អាបនំនេក ក្បាលជ្រូក មាន់ស្ងោរ ។ល។

ទំនៀមទម្លាប់​ឡើងអ្នកតា​របស់​អ្នកស្រុក​ចំណុះជើងវត្ត​អា​ធ្វា​នៅ​តំបន់​អង្គរ​

ចំពោះទិដ្ឋភាពនៃពិធីវិញ គឺអ្នកស្រុកបានយកបាយសម្ល គ្រឿងសំណែនមកជួប ជុំគ្នានៅតាមទីតាំងនៃពិធីមាននៅវត្តប្រាសាទអាធ្វា ទួលយាយ ប៉ុក និងទួលតា មឿង ហើយរៀបចំឱ្យមានរៀបរៀបរយ ទុកសែនព្រែនឱ្យអ្នកតាម្ចាស់ទឹកម្ចាស់ដី។ បន្ទាប់ មកអ្នកស្នងរូបក៏ចាប់ផ្តើមអង្គុយដើម្បីរំឭកគុណគ្រូនិងម្ចាស់រូបឱ្យចូលមកសណ្ឋិតក្នុងខ្លួន ឯក្រុមអ្នកភ្លេងក៏ចាប់ផ្តើមប្រគុំបទរំឭកគុណគ្រូភ្លេងរបស់គ្រូខ្លួនដែរមុនលេងភ្លេងហូរ ហែតាមទម្លាប់និងការចង់បានរបស់អ្នកតា ដែលបទទាំងអស់សុទ្ធសឹងតែជាបទប្រពៃណី និង ប្រជាប្រិយ ។

ទំនៀមទម្លាប់​ឡើងអ្នកតា​របស់​អ្នកស្រុក​ចំណុះជើងវត្ត​អា​ធ្វា​នៅ​តំបន់​អង្គរ​

នៅពេលគ្រូចូលសណ្ឋិតហើយ រូបនោះក៏ទ្រង់គ្រឿងនូវរបស់ម្ចាស់រូបចូលចិត្ត មានខោអាវ ដំបងជាដើម ហើយរាំរែក ហ៊ោរកញ្ជ្រៀវម្នាក់ឯងផង កេះកៀវ ឌឺដងជាមួយអ្នកភ្លេង ដែលខ្លះមានចរិតលក្ខណៈដូចនាគ ខ្លះជាស្តេចយមរាជ មានឫកពាម៉ឺងម៉ាត់ លេងសើចផង និងខ្លះទៀតដូចកូនក្មេង តាមរូបដែលចូលមកសណ្ឋិត។ ភ្លេងគឺសំខាន់ណាស់សម្រាប់អ្នកចូលរូបបើលេងភ្លេងមិនតាមតម្រូវការរបស់រូបដែលចូលមកទេ រូបនោះនឹងងរង៉ក់ មិនរាំរែកឡើយ ហើយខឹងសម្បារទៀតផង ។

ទំនៀមទម្លាប់​ឡើងអ្នកតា​របស់​អ្នកស្រុក​ចំណុះជើងវត្ត​អា​ធ្វា​នៅ​តំបន់​អង្គរ​

ពិធីចូលរូបក្នុងពិធីឡើងអ្នកតានេះគឺសំខាន់ណាស់ ព្រោះអ្នកស្នងរូប គឺជាអ្នកដែលឆ្លងឆ្លើយរវាងអ្នកស្រុកនិងអ្នកតា ម្ចាស់ទឹកម្ចាស់ដី និងអរូបផ្សេងៗ ដែលអាចឱ្យអ្នកស្រុកដឹងថា ពួកគាត់ខឹងអី ចង់បានអី និងការសុំពរសុំជ័យពីពួកគាត់ផងដែរ ។ អ្នកតានិងអរូបសំខាន់ៗដែលថែរក្សានៅទីនេះ មានដូចជាស្តេចនាគខៀវ នាគក្រហម ស្តេចយមរាជ យមបាល ចៅប្រុក ចៅប្រុញ (មកពីព្រះវិហារ) មហារាជ មហាជម្ពូ ព្រះនាងខ្មៅ តាមឿង យាយប៉ុកជាដើម ដែលអ្នកស្រុកគោរពនិងជឿជាក់ណាស់ ។

ទំនៀមទម្លាប់​ឡើងអ្នកតា​របស់​អ្នកស្រុក​ចំណុះជើងវត្ត​អា​ធ្វា​នៅ​តំបន់​អង្គរ​

ក្រោយពីអ្នកតារាំសប្បាយអស់ចិត្ត អស់ចង់ហើយ គេក៏រៀបចំសែនព្រែននំចំណី បាយសម្ល ក្បាលជ្រូក មាន់ស្ងោរ ជូនដល់អ្នកតានិងអរូបផ្សេងៗបានសេពសោយឱ្យឆ្អែតបរិបូណ៌ ហើយឱ្យពរកូនចៅត្រជាក់ត្រជុំ រួចផុតទុក្ខភ័យទាំងពួង ពិសេសធ្វើស្រែធ្វើស្រូវបានល្អប្រសើរ ។ រួចហើយគេក៏យកសំណែននោះទៅចោលនៅទីណាមួយសម រម្យ ដែលសន្មត់ថាជាទីកន្លែងរបស់អ្នកតានោះឯង ៕ សុថាត់

ទំនៀមទម្លាប់​ឡើងអ្នកតា​របស់​អ្នកស្រុក​ចំណុះជើងវត្ត​អា​ធ្វា​នៅ​តំបន់​អង្គរ​