ជីវិតអ្នករស់នៅទីក្រុងនឹងគ្មានន័យ បើដាច់ចរន្តទាំង ៣យ៉ាងនេះ

មិនបាច់ទៅអង្គុយ​ ឬដេកស្រម៉ៃថា​នឹងមានអ្វីមួយមកជំនួស​ ឬផ្លាស់ប្ដូរនៅ២០ ឬ៥០ឆ្នាំខាងមុខនោះទេ ​មើលតែស្ថានភាពបច្ចុប្បន្ននៃជីវិតរស់នៅរបស់អ្នកទីក្រុង​ ដ្បិតតែមើលតែពីខាងក្រៅទៅ ​ពួកគេហាក់បីដូចជា​មានជីវិត​រស់នៅស្រស់បំព្រង និងមានសេចក្ដីសុខណាស់​ តាមរយៈការមាន​សម្ភារៈ​ប្រើប្រាស់ទំនើបៗ,​ មានគេហដ្ឋានធំៗ ខ្ពស់ៗ ថ្លៃៗ ​ដែលសាងសង់ពីបំណែកថ្មភ្នំ,​ ឥដ្ឋ និងគ្រឿងសង្ហារឹមនាំចូលពីបរទេស, ​និងមានម៉ាស៊ីនត្រជាក់ចាំបម្រើ២៤ម៉ោងជាដើម​ ប៉ុន្តែបើគេពិនិត្យឱ្យលម្អិតជ្រៅជាងនេះបន្តិចទៀត គេនឹងឃើញថាជីវិតអ្នកទីក្រុង ​គឺនឹងគ្មានន័យអ្វីទាំងអស់​ ប្រសិន​បើគ្មានចរន្តសំខាន់ៗ៣យ៉ាងនេះនៅទ្រទ្រង់ជីវភាពរបស់ពួកគេនោះ​ ។​
ទឹក​ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈ ​គឺជាធនធាន៣យ៉ាងដ៏ចាំបាច់របស់អ្នកទីក្រុងនាយុគសម័យដ៏ជ្រើមជ្រួលនេះ ​។ ​ទឹក៖ផ្នត់គំនិត​ និងទម្លាប់រស់នៅអ្នកទីក្រុង​ គឺខុសឆ្ងាយស្រឡះពីអ្នករស់នៅតាមទីជនបទ​ ឬរស់នៅតាមលក្ខណៈធម្មជាតិ ​ដែលហ៊ុំព័ទ្ធទៅដោយធនធានធម្មជាតិដែលអាចប្រាស្រ័យជីវិតបាន ​។ ​ទឹក គឺមានសារសំខាន់ណាស់សម្រាប់មនុស្ស​​ ទោះជាគេទៅរស់នៅទីណាក៏ដោយ​ ​ដើម្បីបានទឹកប្រើ ​​គឺមនុស្សរស់នៅទីក្រុង​ ​គេត្រូវការប្រើប្រាស់មធ្យោបាយ​ដោយរៀបប្រព័ន្ធទឹកខ្វាត់ខ្វែង​ ​ដែលបង្កប់ទុកនៅក្នុងដី​ ដែលបានបូម ​ចម្រាញ់ ​​និងតម្កល់ទុក មកពីប្រភពទឹកសាបដូចជា៖​ ទន្លេ ឬបឹងជាដើម​ ។ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនមនុស្សនៅទីក្រុងកាន់តែមានចំនួនច្រើនឡើងៗជាលំដាប់​ ដូច្នេះមនុស្សត្រូវការពង្រីកផ្ទៃដី និងលុបបឹងធំៗជាច្រើន ដើម្បីសាងសង់លំនៅដ្ឋាន ដែលជាហេតុនាំឱ្យបឹងធម្មជាតិធំៗ ដែលកើតចេញពីគោលនយោបាយទឹករបស់ដូនតាពីអតីតកាលដើម្បីតម្កល់ទឹកទុកសម្រាប់ប្រើប្រាស់ក្រោយវស្សានរដូវ ជំនួសទឹកទន្លេ ឬស្ទឹងម្ដងម្កាលៗ និងជាពិសេសគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកក្នុងខែប្រាំងនោះ ត្រូវបានលុបចោល ដោយហេតុផលរាប់ពាន់មិនចេះអស់ ។ កាលណា ចំនួនមនុស្សក្នុងទីក្រុងចេះតែកើនឡើងៗជាអតិបរមា ដោយគ្មានគោលនយោបាយគ្រប់គ្រងប្រជាសាស្រ្តឱ្យបានច្បាស់លាស់ ហើយពួកគេត្រូវរំពឹងទៅលើប្រភពទឹកមេ (ប្រភពទឹកពីទន្លេ) តែមួយមុខនោះ ពិតណាស់ វានឹងជះឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅរបស់អ្នកទីក្រុងទាំងមូល ។ សាកស្រម៉ៃមើលថា៖ ប្រសិនបើទីក្រុងទាំងមូលត្រូវដាច់ចរន្តទឹកអស់រយៈពេល៣ថ្ងៃ ឬ១សប្ដាហ៍ ទៅ១៥ថ្ងៃ តើជីវិតរបស់អ្នកទីក្រុងនឹងទៅជាយ៉ាងណា? តើពួកគេមានពាង ឬអាងផ្ទាល់ខ្លួនសម្រាប់តម្កល់ទឹកទុកប្រើប្រាស់នៅតាមផ្ទះនីមួយៗរបស់ពួកគេដូចអ្នករស់នៅតាមទីជនបទដែរទេ? តើនៅតាមសង្កាត់ ឬខណ្ឌរបស់គេ មានស្រះ ឬបឹងសម្រាប់តម្កល់ទឹកទុកដែរទេ? តើអ្នកទីក្រុងអាចទៅរែកទឹកពីទន្លេឡើងទៅជាន់ទី២ ទី៥ ទី១០ ទី២០ ឬទី៣០ ឬជាន់ផ្ទាល់ដីដូចអ្នករស់នៅតាមទីជនបទបានទេ? ពិតណាស់ គឺមិនអាចឡើយ ។ ដូច្នេះ បើថ្ងៃណាមួយចរន្តទឹកក្នុងទីក្រុងទាំងមូលត្រូវដាច់បណ្ដោះអាសន្នក្នុងរយៈពេលយូរ ឬលែងដំណើរការ នោះមនុស្សភាគច្រើននៅក្នុងទីក្រុងអាចនឹងត្រូវបោះបង់លំនៅស្ថានដើមរបស់ពួកគេ, ចាកចេញពីទីក្រុង, ឬត្រូវស្លាប់ក្នុងទីក្រុងផងក៏អាចមាន ជាពិសេស គឺសម្រាប់ប្រជាជនក្រីក្រ ។
ថាមពលអគ្គិសនី ឬភ្លើង៖​ ​ព្រោះចរិក​រស់នៅរបស់មនុស្ស​ក្នុងទីក្រុងភាគច្រើន​តែងត្រូវការ ​ការរស់នៅប្រភេទណាដែលមានលក្ខណៈ ​បែបទំនើបៗ​ ស្រួលស្រណុក និងស៊ីវីល័យឆើតឆាយខុសរឿងនានា​ ដូច្នេះពួកគេត្រូវការរៀបចំតប្រព័ន្ធអគ្គិសនីខ្វាត់ខ្វែង​ ដើម្បីដំណើរការដល់គ្រឿងចក្រដូចជា​៖ ​ម៉ាស៊ីនដំណើរការក្នុងរោងចក្រ, ​សហគ្រាស, រង្គសាល,​ ក្លឹបការ៉ាអូខេ, ​បនល្បែង, ​ភោជនីយដ្ឋាន,​ និងក្រុមហ៊ុន, ​និងគ្រឿងអេឡិចត្រូនិកដូចជា៖ ​កុំព្យូទ័រ, ទូរស័ព្ទ, ទូរទស្សន៍, ម៉ាស៊ីន​ ឬឧបករណ៍ផ្គត់ផ្គង់សេវាអ៊ីធើណេត ​(Wifi), ម៉ាស៊ីនត្រជាក់ជាដើម, ​អំពូលភ្លើងបំភ្លឺផ្ទះ​, ផ្លូវ​ និងអ្វីដែលសំខាន់​ជាងនេះទៅទៀតនោះ ​គឺគេត្រូវការថាមពលអគ្គិសនីសម្រាប់បញ្ជូនសម្ពាធទឹកស្អាតទៅតាមចរន្តទឹកនានា​ ទៅកាន់គេហដ្ឋាននីមួយៗនៅក្នុងទីក្រុង និងម៉្យាងវិញទៀត ​ថាមពលអគ្គិសនីពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ចរាចរណ៍ដឹកទំនិញ​ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ ​បរិភោគប្រចាំថ្ងៃសម្រាប់មនុស្សក្នុងទីក្រុង ​ព្រោះសម័យនេះអ្នកទីក្រុងគេមិនអាចទៅប្រើប្រាស់មធ្យោបាយដូចជា៖​ រទេះគោ ឬរទេះសេះ​ ឬរែកឥវ៉ាន់ ដូចកាលពីមុនវិញបានឡើយ​ និងរឹតតែមិនអាចត្រឡប់ទៅប្រើប្រាស់ចង្កៀងខ្លាញ់ត្រី, ​ទៀន, ​ឬចន្លុះសម្រាប់បំភ្លឺគេហដ្ឋានទៅរបស់ពួកគេដូច​​កាលពីមុនទៅទៀត​ ​។ បើចំណុចដូចដែលបានលើកឡើងនៅខាងលើនេះ ​​សុទ្ធតែអ្នកទីក្រុងមិនអាចធ្វើបានទៅហើយនោះ​ ពិតណាស់​ ​អ្នកទីក្រុងនឹងមិនអាចរស់នៅដោយគ្មានថាមពលអគ្គិសនីបានទេ​ ។​ បើដាច់ចរន្តអគ្គិសនី ​នោះចរន្តទឹកស្អាតក៏នឹងត្រូវដាច់ដូចគ្នា ។​
ប្រេងឥន្ធនៈ ៖ ​ប្រេងឥន្ធនៈ ​គឺជាថាមពលមួយដ៏មានសារសំខាន់ផងដែរ​ សម្រាប់ប្រជាជននៅទូទាំងពិភពលោក ​បន្ទាប់ពីថាមពលអគ្គិសនី ព្រោះថាមពលទាំងពីរនេះត្រូវការពឹងអាស្រ័យគ្នាទៅវិញទៅមកជានិច្ច។ ​គេត្រូវការប្រេងឥន្ធនៈដើម្បីដំណើរការដល់គ្រឿងយន្តនានា ​ជាពិសេសគឺ​ (យានយន្ត)​ សម្រាប់មធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនទំនិញ និងសម្ភារៈនានា​ និង (គ្រឿងចក្រធំៗ) នៅតាមសហគ្រាស​ និងរោងចក្រ ដើម្បីដំណើរការផលិតកម្ម​ ។ ដូចបានលើកឧទាហរណ៍នៅខាងលើស្រាប់! ​គឺអ្នកទីក្រុងមិនអាចទៅប្រាស្រ័យការបររទេះគោ ​ឬរទេះសេះដូចកាលពីមុនវិញបានឡើយ ​។ កុំថាឡើយឱ្យទៅបររទេះ​ មានអ្នកខ្លះ ជីវភាពខ្លួនមិនសូវជាមានប៉ុន្មានទេ ​ប៉ុន្តែប្រកាន់ឫកពារដូចជាខ្ពង់ខ្ពស់ណាស់​ មិនចង់ជិះកង់ទេ​ ព្រោះសូញសាញថាមកពីនេះពីនោះ ​លេសរាប់ពាន់មិនចេះចប់មិនចេះអស់ ទោះបីជាគេអាចជិះកង់បានក៏ដោយ​ ។ ​​សម្រាប់អ្នកទីក្រុង​ ជីវិតរបស់គេ ​គឺត្រូវពឹងផ្អែក​លើថាមពលនៃប្រេងឥន្ធនៈ​(សាំង)​ ជាប្រចាំ ព្រោះបើគ្មានប្រេងឥន្ធនៈ​ទេ​ គឺពួកគេនឹងមិនអាចបើកឡាន​ ឬជិះម៉ូតូ, ​ដឹកទំនិញ និងគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចេញចូលទីក្រុង​បានឡើយ ​ហើយម៉្យាងវិញទៀត​ដែលសំខាន់​នោះ​​ គឺសម្រាម​​នៅក្នុងទីក្រុង​នឹងឡើងគរ​ ក្លិនស្អុយអសោចនឹងកើតមានដោយសារគ្មាន​ប្រេងឥន្ធនៈសម្រាប់ដំណើរការរថយន្តដើម្បីដឹកកាកសំណល់(សម្រាម) ​យកទៅចោលឱ្យឆ្ងាយពីទីក្រុង​ ។​
កុំថាឡើយ ​ដាច់ចរន្តសំខាន់ៗទាំងបីខាងលើនេះ ​គ្រាន់តែដាច់ចរន្ដទឹកត្រឹមតែ២-៣ថ្ងៃ ជីវិតអ្នកទីក្រុងនឹងច្បាស់ជាសោះកក្រោះ ព្រោះនៅជុំវិញផ្ទះរបស់ពួកគេគ្មានស្ទឹង ​បឹង ស្រះ ឬអណ្ដូងដូចអ្នករស់នៅតាមទីជនបទឡើយ ​។ សូម្បីតែម្ហូបចំណីអាហារ គឺត្រូវតែប្រើលុយទៅទិញពីផ្សារ ​មិនមែន​ដូចអ្នករស់នៅទីជនបទដែលអាចដាំពហុបន្លែផ្លែឈើនៅក្បែរៗផ្ទះរបស់ខ្លួនឯងបានឡើយ ​។ ដូច្នេះការអភិវឌ្ឍន៍សង្គមដែលមិនបានមើលឱ្យសព្វគ្រប់ជ្រុងជ្រោយ​ពីការមកដល់នៃសេចក្ដីវិនាស គឺជាការបរាជ័យក្នុងអភិបាលកិច្ចដ៏ធ្ងន់ធ្ងរយ៉ាងក្រៃលែង​ ។ រីឯការបណ្ដែតបណ្ដោយឱ្យប្រជាជន​រស់នៅ​ស្រណុកស្រួលហួសព្រំដែន​ ក៏ជាបញ្ហាដ៏ធំនៅក្នុងសង្គមជឿនលឿន​ផងដែរ ​៕​

ជីវិតអ្នករស់នៅទីក្រុងនឹងគ្មានន័យ បើដាច់ចរន្តទាំង ៣យ៉ាងនេះដោយ៖ ឈូក ស
Cool FM 100.7