ប្រយ័ត្ន ! ប្លន់​ញឹក​ណាស់​ឥឡូវ ប្លន់​ស្ទើរតែ​រាល់ថ្ងៃ​រាល់​យប់

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​ប្រើ​កាំភ្លើង​ខ្លី​ភ្ជង់​ព្រមទាំង​វាយ​ជន​រង​គ្រោះ​នឹង​ស្នាប់​កាំភ្លើង​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាពកាលពី​វេលា​​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងកើត​គល់​ស្ពាន​លី​យ៉ុ​ង​ផាត់​ប្រមាណ​១០០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ជួន វណ្ណៈ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​មុខរបរ​ជាងដែក និង​ម្នាក់​ទៀត​ឈ្មោះ ប៉ាវ ចិន្ដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ ទាំង​២​នាក់​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​មួយ​កន្លែង​ក្បែរ​ស្ថានីយទូរទស្សន៍ PNN ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។ ចំណែក​ម៉ូតូ​ដែល​ចោរប្លន់​ទៅ​បាត់​នោះ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-4461 ។

បើ​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​ និង​ ឈ្មោះ ប៉ាវ ចិន្ដា បាន​ជិះ​ម៉ូតូ​ចេញពី​ការដ្ឋាន​បំណង​ទៅ​រក​ទិញ​អី​ហូប​នៅ​គល់​ស្ពាន​លី​យ៉ុ​ង​ផាត់​ត្រើយ​ខាងលិច ពេល​ដែល​ជិះ​ចេញពី​ការដ្ឋាន​បាន​ប្រមាណ​៥០០​ម៉ែត្រ​​ជិត​ដល់​គល់​ស្ពាន​លី​យ៉ុ​ង​ផាត់​តែ​មិន​ទាន់​បាន​ឆ្លង​ផង​ក៏​មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក SL មួយ​គ្រឿង និង​ម៉ាក MSX មួយ​គ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក បាន​ជិះ​ទៅ​ជិត និង​ដក​កាំភ្លើង​ភ្ជង់​ថែម​ទាំង​វាយ​រូប​គាត់​២​ស្នាប់​កាំភ្លើង​ថែម​ទៀត​បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ជោក​ខ្លួន តែ​មិត្តភក្តិ​ដែល​រួម​ដំណើរ​ជាមួយ​មិន​មាន​រង​របួស​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​ឃើញ​ជនសង្ស័យ​មាន​កាំភ្លើង​ក្នុង​ដៃ ជន​រង​គ្រោះ​ក៏​បាន​ផ្ដួល​ម៉ូតូ និង​ដក​សោ​រត់​ចោល​ម៉ូតូ​តែ​ម្ដង​ ហើយ​ជនសង្ស័យ​ក៏​លើក​ម៉ូតូ​របស់​គាត់​ជិះ​គេចខ្លួន​បាត់ស្រមោល ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ដើរមក​កន្លែង​ស្នាក់​នៅ​របស់​ខ្លូ​ន​វិញ ​ប្រមាណ​កន្លះ​ម៉ោង​ក្រោយ​ទើប​មាន​កម្លាំង​ប៉ូលិស និង​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ទៅ​សួរនាំ និង​ធ្វើ​កំណត់ហេតុ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ទឹកដី​ខណ្ឌ​ជ្រោយចង្វា ជា​ពិសេស​នៅ​ចំណុច​ជិត​គល់​ស្ពាន​លី​យ៉ុ​ង​ផាត់​គឺ​តែងតែមាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ជា​ញឹកញាប់ ហើយ​ករណី​ខ្លះ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ថែម​ទៀត​ផង ចំណែកឯ​ជនសង្ស័យ​គឺជា​មុខសញ្ញា​ចាស់​ដដែល​ៗ តែ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ក៏​ដូច​ជា​កម្លាំង​កងរាជអាវុធហត្ថ​នៅ​មិន​ទាន់​បង្ក្រាប​បាន​នៅឡើយ ៕