ឥទ្ធិពល​ទឹក​ប្តូរ​និស្ស័យ ប្រល័យ​មនុស្ស​ម្នាក់

ខេត្តកំពត ៖ កម្មករ​ធ្វើការ​ក្នុង​ការដ្ឋាន​មួយ​កន្លែង​បាន​នាំ​គ្នា​ផឹកស្រា​ជុំ​គ្នា​ពេល​ម៉ោង​សម្រាក​ពី​ការងារ​រហូត​ស្រវឹង​រៀង​ៗ​ខ្លួន​ក៏​មានការ​ឈ្លោះ​គ្នា​រហូត​កាប់​ក្បាល​៣​ពូថៅ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​វាល​វែង ស្ថិត​ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។

សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សាយ ហាក់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ដី​ឆ្នាំង ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មានមុខរ​បរជា​អ្នកបើកបរ​អា​ប៊ុល នៅ​ការដ្ឋាន​កន្លែង​កើតហេតុ ត្រូវ​ជនល្មើស​កាប់​នឹង​ពូថៅ​ត្រូវ​ក្បាល​៣​កន្លែង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ។ ចំណែក​ជនល្មើស​មានឈ្មោះ ម៉ៅ សៅ​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​មនុស្ស​ចំណូល​ថ្មី (​ទើប​មក​ពី​ស្រុក​ថៃ​) មានស្រុក​កំណើត​នៅ​ភូមិ​កំពង់ក្របី ឃុំ​អន្លុង​វិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ហើយ​មាន​ឪពុក​ម្តាយ​ជា​កម្មករ​ធ្វើការ​នៅ​ការដ្ឋាន​ចំណុច​វាល​វែង​នោះ​ដែរ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ផឹកស្រា​លេង​ជាមួយ​គ្នា​រហូត​ស្រវឹង​រៀង​ៗ​ខ្លួន ក្រោយ​មក​ជន​រង​គ្រោះ​បាន​ប្រឡែង​លេង​ជាមួយ​ជនសង្ស័យ ពេល​នោះ​ជនសង្ស័យ​ខឹង​ជន​រង​គ្រោះ​ថា​លេង​ដៃ​ធ្ងន់​ពេក​ក៏​ទាញ​ពូថៅ​នៅ​ក្បែរ​នោះ​កាប់​៣​ពូថៅ​ចំ​ក្បាល​ផ្ទួន​ៗ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង រួច​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕