នាំ​ខ្លួន​លោក​នី ចរិយា​មក​សាកសួរ​​បន្ថែម​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី

នាំ​ខ្លួន​លោក​នី ចរិយា​មក​សាកសួរ​​បន្ថែម​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី



ភ្នំពេញ ​៖ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែ​មិថុនា ឆ្នាំ​២០១៦​នេះ​ បាន​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​PJ នាំ​ខ្លួន​លោក នី ចរិយា មកកាន់​សាលាដំបូង​ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​ករណី​ឃុំខ្លួន​លោក​នៅ​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី។

សូមបញ្ជាក់ថា អតីត​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) លោក នី ចរិយា ដែល​កំពុង​ជាប់ពន្ធនាគារ​PJ ភ្នំពេញ បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័ន​គ​.​ជ​.​ប ជួយ​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​បន្ត​ការងារ​របស់​លោក ខណៈ​គណៈកម្មការ​មួយ​ពី​ គ ជ ប បាន​ទៅ​សាកសួរ​សុខទុក្ខ​លោក​នី ចរិយា កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។

កាលពី​ថ្ងៃទី​២ ខែឧសភា លោក នី ចរិយា ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​មន្ទីរឃុំឃាំង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​ការចោទប្រកាន់​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ក្នុង​សំណុំរឿង​នាង ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​ត្រូវបាន​គេ​ទម្លាយ​ថា​ជា​ស្រី​កំណាន់​របស់លោក កឹម សុខា។

លោក នី ចរិយា បានស្នើ​ឲ្យ​គ​.​ជ​.​ប ជួយ​រក​លទ្ធភាព​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​បន្តការងារ​រៀបចំ​ការបោះឆ្នោត​។​

ជាការ​ឆ្លើយតប លោក គួ​យ ប៊ុន​រឿន មានប្រសាសន៍ថា​លោក​នឹង​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គ​.​ជ​.​ប និង​ពិនិត្យ​លទ្ធភាព​ផ្លូវច្បាប់​តាម​ការ​ស្នើសុំ​របស់​លោក នី ចរិយា។ ពេល​ចុះ​សួរសុខទុក្ខ​នៅ​ម៉ោង​៩​ព្រឹក​នេះ​ លោក គួ​យ ប៊ុន​រឿន មានប្រសាសន៍ថា​ អ្នកច្បាប់​៤​នាក់​បាន​ជួប​លោក​នី ចរិយា ផង​ដែរ។

មេធាវី​លោក នី ចរិយា គឺ​លោក សំ សុ​គង់ មានប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កន្លងទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​លោក នី ចរិយា នៅក្រៅ​ឃុំ ក្រោម​មូល​ហេតុ​ថា​បារម្ភ​ខ្លាច​ពី​សុវត្ថិភាព​និង​សន្តិសុខ​របស់​លោក នី ចរិយា និង​បារម្ភ​ថា​លោក​មិន​បង្ហាញខ្លួន​នៅ​តុលាការ​។ លោក​បន្តថា​លោក​បាន​ប្តឹង​ឧទ្ធរណ៍ ​ហើយ​ថា​សាលាឧទ្ធរណ៍​បានកំណត់​ថ្ងៃទី​១៣ ខែមិថុនា វេលា​ម៉ោង​៨​ព្រឹក បើកសវនាការ​សុំ​នៅក្រៅ​ឃុំ។ លោក​បញ្ជាក់ថា ​លោក​សង្ឃឹមថា​កូនក្តី​របស់លោក​បាន​នៅក្រៅ​ឃុំ ដោយសារតែ​លោក​មាន​តួនាទី​ច្បាស់លាស់​នៅ​ស្ថាប័ន​ឯករាជ្យ ជា​អតីតមន្ត្រី​សង្គម​ស៊ីវិល​ ដែល​មេធាវី​ថា​មិន​ដែល​មាន​សត្រូវ​នោះទេ។ លោក​មេធាវី​បន្ត​ថា​លោក នី ចរិយា មាន​ក្រុម​គ្រួសារ​ និង​អាសយដ្ឋាន​ច្បាស់លាស់​ដែល​លោ​កថា​មិន​អាច​គេចខ្លួន​នោះទេ​។​

ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​លោក នី ចរិយា មន្ត្រី​អា​ហុក​៤​រូប ក៏ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ទាក់ទង​នឹង​បទ​ចោទ​សូកប៉ាន់​សាក្សី​។​

លោក នី ចរិយា ជា​អតីត​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​អាដហុក​។ លោក​បាន​ឈប់​ការងារ​នេះ នៅពេល​លោក​បាន​ជាប់​ជា​អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ និង​ទទួល​តំណែង​ផ្លូវការ​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

យោងតាម​ក្រមព្រហ្មទណ្ឌ​មាត្រា​២៩​និង​៥៤៨ ពីបទ​សមគំនិត​និង​បទ​សូកប៉ាន់​សាក្សី មន្ត្រី​អាដហុក​៤​រូប និង​លោក នី ចរិយា អាច​ប្រឈម​នឹង​ការផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​។ ក្នុង​ក្រមព្រហ្មទណ្ឌ​ដូចគ្នា​ដែរ មាត្រា​៥៤៧​ចែង​ពី​បទ​ស៊ីសំណូក​របស់​សាក្សី ដើម្បី​ធ្វើ​សក្ខីកម្ម​ក្លែងក្លាយ​ក៏ត្រូវ​ផ្ដន្ទាទោស​ពី​៥​ទៅ​១០​ឆ្នាំ​ដូចគ្នា៕
នាំ​ខ្លួន​លោក​នី ចរិយា​មក​សាកសួរ​​បន្ថែម​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី