វីង សិក្សា​​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី​សម្រាប់​ផ្ទេរ​ប្រាក់​ពី​កូរ៉េ​មក​កម្ពុជា

ធនាគារ​ឯកទេស វីង បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដៃគូ​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន Gmoney Trans ដែល​ជា​ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​របស់​កូរ៉េខាងត្បូង ដើម្បី​សិក្សា​ពី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី​សម្រាប់​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​ នៅ​ក្នុង​កម្មវិធី​បង្ហាញ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី កាល​ពី​ថ្ងៃ​ទី​១៣-មិថុនា នៅ​សណ្ឋាគារ Raffle Hotel Le Royal។

 

កម្មវិធី​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​លោក ចូចូ មាឡូឡូស អគ្គនាយក​ធនាគា​រឯកទេស វីង លោក គីម ជុងម៉ូ អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Gmoney Trans នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ព្រម​ទាំង​តំណាង​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ រួម​ទាំង​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ទៀត។

 

វីង សិក្សា​​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី​សម្រាប់​ផ្ទេរ​ប្រាក់​ពី​កូរ៉េ​មក​កម្ពុជា

 

ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​នេះ ទាំង​ប្រជាជន​កូរ៉េ​ និង​ពលករ​កម្ពុជា​រស់​នៅ​កូរ៉េ​ខាងត្បូង​ទាំង​អស់ អាច​ផ្ញើ​ប្រាក់​ពី​កូរ៉េ​មក​កម្ពុជា តាម​រយៈ​ការ​ប្រើប្រាស់​គណនី វីង បាន​យ៉ាង​រហ័ស សុវត្ថិភាព និង​មាន​ភាព​ងាយ​ស្រួល។

 

លោក ចូចូ មាឡូឡូស អគ្គនាយក​ប្រតិបត្តិ​ធនាគារ​ឯកទេស វីង បាន​ឲ្យ​ដឹង​ថា “កិច្ច​ព្រមព្រៀង​នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​បទពិសោធន៍​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន ជា​ពិសេស​ពលករ​ដែល​រស់នៅ​កូរ៉េ​ក្នុង​ការ​ផ្ទេរ​ប្រាក់​មក​ផ្ទះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​រក្សា​នូវ​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​តាម​រយៈ​វីង​ផង​ដែរ។ នេះ​ជា​សមិទ្ធផល​មួយ​ថ្មី​ទៀត​ដែល​វីង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​ភាព​ងាយ​ស្រួល ទុក​ចិត្ត និង​មាន​សុវត្ថិភាព​ទាំង​ការ​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

 

យោង​ទៅ​តាម​កិច្ច​ព្រមព្រៀង ក្រុមហ៊ុន​ទាំង​ពីរ​ជឿជាក់​ថា ពួកគេ​អាច​សិក្សា​ស្វែង​យល់ និង​ឆ្លើយ​តប​ចំពោះ​កំណើន​នៃ​ចំនួន​ពលករ​កម្ពុជា​ទៅ​កូរ៉េ។ ការ​សិក្សា​ស្វែង​យល់​នេះ គឺ​អាច​ជួយ​ឲ្យ​ភាគី​ទាំង​ពីរ មាន​ភាព​ងាយ​ស្រួល​ក្នុង​ការផ្តល់​នូវ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​ពលករ​កម្ពុជា​ជាមួយ​នឹង សេវាកម្ម​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​ដែល​មាន​ទំនុក​ចិត្ត គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង។

 

ចាប់​តាំង​ពី​ការ​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០០៩ មក វីង បាន​បង្កើត​នូវ​មធ្យោបាយ​ថ្មីៗ​ក្នុង​ការ​ផ្ទេរ​ប្រាក់​យ៉ាង​ងាយ​ស្រួល ឆាប់​រហ័ស និង​មាន​សុវត្ថិភាព ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន។ តាម​រយៈ​ផលិតផល និង​សេវាកម្ម​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​របស់​ខ្លួន វីង បាន​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​អាច​ប្រើប្រាស់​នូវ​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន ដូចជា ការ​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទិញ​កាត​ទូរសព្ទ ទូទាត់​វិក្កយបត្រ វីង​គិត​លុយ (ការទូទាត់​ដោយ​ប្រើ​កាត វីង នៅ​ហាង​លក់​រាយ) និង​ការ​ទូទាត់​លើ​បណ្ដាញ​អ៊ីនធឺណិត។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​វិបសាយ www.wingmoney.com ឬ​ទាក់​ទង​លេខ ០២៣ ៩៩៩ ៩៨៩ ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម