ម៉ម ឃុនហួរ សិស្ស​ខ្លាំង​រូបវិទ្យា ប្រាប់​គន្លឹះ​រៀន​ ពូកែ

ជា​សិស្ស​រៀន​ពូកែ​ប្រចាំ​ខេត្ត​សៀមរាប និង ជា​សិស្ស​ពូកែ​ជាប់​លេខ ៨ ទូទាំង​ប្រទេស​ផ្នែក​រូបវិទ្យា យុវជន ម៉ម ឃុនហួរ រៀន​នៅ​វិទ្យាល័យ ១០ មករា បាន​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ការ​រៀន​សូត្រ ឲ្យ​ក្លាយ​ជា​សិស្ស​ពូកែ។

 

វៀន​នៅ​ថ្នាក់​ទី ១២ I វិទ្យាល័យ​ ១០ មករា ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប ឃុន​ហួរ បាន​ធ្វើ​ឲ្យ​សាលា​ក៏​ដូចជា ក្រុម​គ្រួសារ ទទួល​បាន​មោទនភាព ដោយ​ក្លាយ​ជា​សិស្ស​ពូកែ​​រូបវិទ្យា។ ដូច្នេះ ឃុនហួរ បាន​បង្ហើប​ពី​គន្លឹះ នៃ​ការ​រៀន​ឲ្យ​ពូកែ​ ដូច្នេះ​ថា៖

 
ម៉ម ឃុនហួរ សិស្ស​ខ្លាំង​រូបវិទ្យា ប្រាប់​គន្លឹះ​រៀន​ ពូកែ

 

១. តើ​រៀន​ដើម្បី​អ្វី? ការ​ចោទ​សួរ​នេះ​ គឺជា​ផ្នែក​មួយ​សំខាន់​នៅ​ក្នុង​ការ​ពង្រឹង​ស្មារតី​របស់​ខ្លួន ដើម្បី​ឲ្យ​ការ​រៀន​សូត្រ​មាន​គោល​ដៅ​ច្បាស់លាស់។ ឃុនហួរ បាន​ប្រឹង​រៀន​ដើម្បី​ម៉ាក់ ព្រោះ​ម៉ាក់​ជា​ក្ដី​សង្ឃឹម ដែល​តែងតែ​ណែនាំ​កូន​ៗ​ឲ្យ​ដើរ​ផ្លូវ​ល្អ និង ម៉ាក់​តែង​ប្រាប់​ថា កូន​ត្រូវ​ប្រឹង​រៀន​ ពូជ​របស់​យើង​សុទ្ធតែ​ជា​អ្នក​រៀន​ពូកែ​ដែរ។

 

២. ត្រូវ​ស្វែង​រក​គូប្រជែង៖ ការ​មាន​គូរ​ប្រជែង​ អាច​​ជា​ផ្នែក​មួយ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​យើង​ប្រឹងប្រែង​រៀន​សូត្រ​នៅ​ពេល​មាន​គូប្រជែង​សុទ្ធតែ​ជា​អ្នក​ខ្លាំង​ដូចគ្នា។ យុវជន​រូប​នេះ​បាន​លើក​ដំណើរ​រឿង​របស់​ខ្លួន​ថា ដើម​ឡើយ​មាន​សិស្សពូកែ​ ៥ នាក់ ប៉ុន្ដែ ៤នាក់​បាន​បោះបង់​ឱកាស​នៃ​ការ​ប្រលង​សិស្ស​ពូកែ ដោយ​នៅ​សល់​តែ ឃុនហួរ នៅ​រៀន​វគ្គ​បំប៉ន ៣ខែ ប៉ុន្ដែ លោក​គ្រូ បាន​ជ្រើសរើស​សិស្ស​ពូកែ​ពី​សាលា​ផ្សេងៗ​ទៀត​ឲ្យ​ចូលរួម​ប្រកួត​សិស្សពូកែ​។ ដូច្នេះ ហើយ​ដែល​ធ្វើ​ ឃុនហួរ មាន​ការ​បារម្ភ​ចាញ់​អ្នក​ថ្មី ខណៈ​ហួរ បាន​រៀន​ ៣ ខែ​រួច​ហើយ ម៉្លោះហើយ ហួរ​កាន់តែ​ប្រឹង​រៀន​រហូត​ជោគជ័យ។

 

 

៣. ទម្លាប់​ល្អ និង ការ​បែង​ចែក​ពេល​រៀន៖ ការ​ដាក់​កំហិត​នៃ​ការ​ក្រោក​ពី​ដំណេក និង ពេល​វេលា​ចូល​គេង គឺជា​ ចំណុច​សំខាន់។ ឃុនហួរ តែងតែ​ចូល​គេង​នៅ​ម៉ោង ១១យប់ និង ក្រោក​ពី​ដំណេក​នៅ​ម៉ោង ៥ ព្រឹក ហើយ​ទៅ​រៀន​បំប៉ន រូបវិទ្យា គីមីវិទ្យា នៅ​ម៉ោង ៦ព្រឹក។ ក្រៅ​ពី​ម៉ោង​សិក្សា​រដ្ឋ ហួរ រមែង​ធ្វើ​ខ្លួន​ឲ្យ​រវល់ ដោយ​ចង់​កាត់​បន្ថយ​ការ​ដើរ​កម្សាន្ដ​ឥតប្រយោជន៍ ងាក​មក​ទន្ទេញ​មេរៀន និង ធ្វើ​លំហាត់​នៅ​ពេល​យប់​មុន​ពេល​ចូល​គេង។

 

៤. កុំ​លេង​ហ្វេសបុក ក្នុង​អំឡុង​ពេល​សិក្សា៖ ខ្ញុំ​មិន​ជំទាស់​ទៅ​នឹង​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ហ្វេសបុក ប៉ុន្ដែ នៅ​ពេល​យើង​កំពុង​សិក្សា​គួរ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​ងាក​មក​យក​ពេល​វេលា​ផ្ដោត​លើ​ការ​សិក្សា សិក្សា​ឲ្យ​បាន​ច្រើន​នៅ​មុខ​វិជ្ជា ឬ កន្លែង​ណា​មួយ​ដែល​យើង​នៅ​ខ្សោយ។

 

៥. ត្រូវ​មាន​គ្រឹះ៖ ការ​រៀន​រូបវិទ្យា​ក្ដី គណិតវិទ្យា​ក្ដី គឺ​សំខាន់​យើង​ត្រូវ​មាន​មូលដ្ឋាន​គ្រឹះ​រាប់​ពី​រូបមន្ដ​កាក់ល្អិត​ ហើយ​យើង​សន្សំ​វា​ពី​បាត​មក​លើ តែ​សំខាន់​មួយ​ទៀត​ត្រូវ​ឧស្សាហ៍​ធ្វើ​លំហាត់​ទើប​ជា​ការ​ល្អ។

 

ម៉ម ឃុនហួរ សិស្ស​ខ្លាំង​រូបវិទ្យា ប្រាប់​គន្លឹះ​រៀន​ ពូកែ

ម៉ម ឃុនហួរ កំពុង​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​ក្រុម​ការងារ Sabay កាល​ពី​ថ្ងៃ​ទី ១៣ មិថុនា ២០១៦ នៅ​វិទ្យាល័យ ១០ មករា 

 

ម៉ម ឃុនហួរ មាន​បងប្អូន ៤ នាក់​ស្រី ៣ និង ប្រុស​១ ហើយ​ហួរ​ជាកូន​ទី ៣ នៅ​ក្នុង​ក្រុមគ្រួសារ ដែល​មាន​ម្ដាយ​ឈ្មោះ ជា លីន និង ឪពុក​ឈ្មោះ ម៉ម ជីង រស់​នៅ​ភូមិ​បឹង​ដូន​ប៉ា ឃុំ​ស្លក្រាម ស្រុក​សៀមរាប ខេត្ត​សៀមរាប។

 

ជាសិស្ស​ពូកែ ផ្នែក​រូបវិទ្យា ឃុនហួរ ក្ដី​ប្រថ្នា​របស់​ឃុនហួរ គឺចង់​ក្លាយ​ជា​វិស្វករ​ម្នាក់​នៅ​ពេល​អនាគត ហើយ​ប្ដេជ្ញា​យក​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​ប្រលង​បាក់ឌុប​ពេល​ខាង​មុខ​នេះ៕

 

ម៉ម ឃុនហួរ សិស្ស​ខ្លាំង​រូបវិទ្យា ប្រាប់​គន្លឹះ​រៀន​ ពូកែ

អត្ថបទ៖ វិបុត្រ