គ្រូបង្វឹក Adam Levine ធ្វើ​បុណ្យសព​ឱ្យ​នាង​គ្រី​ស្ទី​ណា គ្រី​មី

សមាជិក​ក្រុម​ចម្រៀង​អា​មេ​រិ​ក Maroon 5 និង​ជា​គ្រូបង្វឹក​ក្នុង​កម្មវិធី The Voice អា​មេ​រិ​កបាន​ចំណាយ​ប្រាក់​ធ្វើ​បុណ្យសព​នាង​គ្រី​ស្ទី​ណា គ្រី​មី​ជា​កូនក្រុម​របស់​លោក​បន្ទាប់​ពី​នាង​ត្រូវ​បុរស​ម្នាក់​បាញ់​សម្លាប់​ក្នុងអំឡុងពេល​ប្រគំ​តន្ត្រី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

តារាចម្រៀង​វ័យ​៣៧​ឆ្នាំ និង​ជា​គ្រូបង្វឹក​របស់​នាង​គ្រី​ស្ទី​ណា គ្រី​មី​ក្នុង​កម្មវិធី The Voice រដូវ​កាល​ទី​៦ ឆ្នាំ​២០១៤ បាន​ប្រាប់​ប្អូនស្រី​របស់​នាង​គ្រី​ស្ទី​ណា គ្រី​មី គឺ​លោក​ម៉ា​គុ​ស ថា លោក​នឹង​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ធ្វើ​បុណ្យសព​ឱ្យ​នាង​គ្រី​ស្ទី​ណា គ្រី​មី ទាំងស្រុង ។

Adam Levine និយាយ​ទាំង​អារម្មណ៍​ក្តុកក្តួល​ថា «​ខ្ញុំ និង​ភរិយា​ក្រៀមក្រំ​យ៉ាង​ខ្លាំង​ក្រោយ​ពី​ទទួល​បាន​ដំណឹង​ការ​ស្លាប់​ម​របស់​គ្រី​ស្ទី​ណា គ្រី​មី ។ បេះដូង​របស់​ពួក​យើង​បាន​ដក់​ជាប់​នឹង​គ្រួសារ​របស់​នាង ។ នាង​គ្រី​ស្ទី​ណា គ្រី​មី ជា​បេ​ក្ខ​នារី​មាន​ទេព​កោសល្យ​ខ្ពស់ តែ​នាង​បាន​ចាក​ចេញពី​ពួក​យើង​លឿន​ពេក​ហើយ​» ។

អ្នកគ្រប់គ្រង​របស់​នាង​គ្រី​ស្ទី​ណា គ្រី​មី លោក Brian Teefey បាន​បង្កើត​មូលនិធិ​ឈ្មោះ GoFundMe ដើម្បី​គ្រប់គ្រង​ការ​ចំណាយ​នានា​ក្នុងអំឡុងពេល​បុណ្យសព​នាង​គ្រី​ស្ទី​ណា គ្រី​មី​។ ក្រោយ​ពី​បានឃើញ​ការ​យកចិត្តទុកដាក់​របស់​គ្រូបង្វឹក អ្នកគ្រប់គ្រង និង​មហាជន លោក​ម៉ា​គុ​ស​គ្មាន​អ្វី​និយាយ​ក្រៅពី​ថ្លែងអំណរគុណ ខណៈ​រូប គេ​សោកស្តាយ​ខ្លាំង​ចំពោះ​ការ​បាត់បង់​បងស្រី​របស់​ខ្លួន ៕