ព្រឹក​នេះ វ៉ាន់ នីឡា ចាប់​​ផ្ដើម​ធ្វើ​ការ​ជា​​មួយ​មេធាវី​ “សមាគសិល្បៈ​ស្ម័គ្រ​ចិត្តជួយ​សង្គម”

​​ព្រឹក​នេះ នីឡា ​​នឹង​ទៅ​ជួប​ពិភាក្សា​ជា​មួយ​មេធាវី​ដែល​ “សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម” ​​​​ផ្ដល់​ឲ្យ​ ​ដើម្បី​ពិភាក្សា ​និង​​រក​វិធីសាស្ត្រ​ជុំវិញ​ការ​​បង្ហោះ​រូប​​អាក្រាត​កាយ​របស់​នាង​​លើ​Facebook ។

 

ព្រឹក​នេះ វ៉ាន់ នីឡា ចាប់​​ផ្ដើម​ធ្វើ​ការ​ជា​​មួយ​មេធាវី​ “សមាគសិល្បៈ​ស្ម័គ្រ​ចិត្តជួយ​សង្គម”

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក សុខ ជំនោរ ដែល​ជា​បង​បង្កើត​របស់​កញ្ញា វ៉ាន់ នីឡា នៅ​ព្រឹក​ម៉ោង​៩​នេះ​​ប្អូន​ស្រី​របស់​ខ្លួន​នឹង​ទៅ​ប្រឹក្សា​ជា​មួយ​មេធាវី​ ក៏​ដូច​ជា បង្ហាញ​ភស្តុតាង​នានា លើ​ករណី​​ដែល​បាន​ប្ដឹង​ទៅ​តុលាការ។ “មេធាវី យើង​ប្រជុំ​ជា​មួយ “​សមាគម​អ្នក​សិល្ប:ស្ម័គ្រចិត្ត​ជួយ​សង្គម”​ នៅ​ថ្ងៃ​ស្អែក ហើយ​យើង​នឹង​សម្រេច​យក​នៅ​ថ្ងៃ​ស្អែក អាច​សួរ​បង​ចន ច័ន្ទ​ ខ្លះ​ក៏​បាន”។ កវីនិពន្ធ​ សុខ ជំនោរ ថ្លែង​ប្រាប់​Sabay ​​ម្សិល​មិញ។

 

ចំពោះ​​មេធាវី​ដែល​​ទទួល​ជួយ​ការពារ​ក្ដី​នេះ នៅ​មិន​ទាន់​​ស្គាល់​ឈ្មោះ​នៅ​ឡើយ​ទេ តែ​ករណី​​នៃ​បណ្ដឹង​​លោក សុខ ជំនោរ បាន​​បញ្ជាក់​ថា បាន​​​បញ្ជូន​ដល់​​តុលាការ​រួច​ហើយ ដោយ​ព្រះរាជអាជ្ញា​រង​ម្នាក់​ជា​អ្នក​កាន់ និង​កំពុង​អោយ​សមត្ថកិច្ច បើក​ការ​ស៊ើប​អង្កេត។ តាម​ការ​លើក​ឡើង​របស់​លោក សុខ ជំនោរ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​មិន​ទាន់​ចេញ​ដីកា​​កោះ​ហៅ ​កញ្ញា វ៉ាន់ នីឡា ទៅ​បំភ្លឺ​លើ​​ករណី​ខាង​លើ​​នៅ​ឡើយ​ទេ ។

 

លោក ហេង ឡុង តំណាង​ឲ្យ​ពី​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម និង​ជា​គូ​ស្នេហ៍​ថ្មី​របស់ អ្នកនាង ចន ច័ន្ទ​លក្ខិណា បាន​ប្រាប់​ថា មូលហេតុ​ដែល​នាំ​ឲ្យ លោក​ផ្ដល់​មេធាវី​ជូន​ដល់ ​កញ្ញា វ៉ាន់ នីឡា ​ក៏​ព្រោះ​​តែ សមាគម​របស់​លោក បង្កើត​ឡើង​ គឺ​ដើម្បី​ជួយ​ដល់​អ្នក​សិល្បៈ លើ​ផ្លូវ​ច្បាប់​ ក៏​ដូច​ជា កិច្ចការ​សង្គម​​ជា​ដើម។ លោក​ថា សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម មិន​មែន​ជួយ​តែ​លើ​ករណី​កញ្ញា វ៉ាន់ នីឡា​មួយ​ទេ មាន​ន័យ​ថា គ្រប់​អ្នក​សិល្បៈ​ទាំង​អស់​ដែល​មាន​បញ្ហា​ផ្លូវ​ច្បាប់​ដោយសារតែ​ការងារ​របស់​ខ្លួន​ អាច​មក​រក សេវា​ពី​សមាគម​លោក​បាន។

 

ឈ្មោះ​មេធាវី ដែល​ទទួល​កាន់​រឿង​ក្ដី ​កញ្ញា វ៉ាន់ នីឡា អនាគត​ស្វាមី​របស់​អ្នកនាង ចន ចាន់លក្ខិណា រូប​នេះ​ ក៏​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​​ទេ។” ចាំ​មើល​យើង​ប្រជុំ​សិន បើ​មេធាវី​គាត់ ឲ្យ​ប្រាប់​​ឈ្មោះ​ និង​លេខ​ទូសព្ទ ខ្ញុំ​នឹង​ប្រាប់​វិញ​នៅ​ពេល​ក្រោយ” លោក ហេង ឡុង លើក​ឡើង។

 

ដោយ​មាន​ការ​គាំទ្រ​ផ្នែក​ផ្លូវ​ច្បាប់​ពី​សមាគម​ខាង​លើ​ បន្ថែម​លើ​ភស្តុតាង​ដែល​មាន​ក្នុង​ដៃ លោក សុខ ជំនោរ បញ្ជាក់​ថា លោក​កាន់​តែ​ជឿ​ជាក់​ថា ប្អូន​ស្រី​របស់​លោក នឹង​ទទួល​បាន​​យុត្តិធម៌​៕

 


អត្ថបទ៖ ខុត សីហា