នគរ​បាល​​និយាយ​ថា ​ក្រុម​អ្នក​បើក​បរក្បួន​រថយន្ត​យោធាដែល​ដឹកឈើ​​​ប្រណីត ​​​​គេច​​ខ្លួន​បាត់​អស់

នគរបាលខេត្តត្បូងឃ្មុំបាននិយាយកាលពីម្សិលមិញថា ពេលនេះខ្លួនកំពុងស្រាវជ្រាវតាមរកអ្នកបើកបរក្បួនរថយន្តយោធាមួយដែលត្រូវកម្លាំងនគរបាលបានឃាត់ឲ្យឈប់កាលពីថ្ងៃច័ន្ទ ហើយឆែកឃើញដឹកឈើគ្រញូងខុសច្បាប់ដែលទំនងជាឆ្ពោះទៅប្រទេសវៀតណាម។ យោងតាមរបាយការណ៍មួយដែលនគរបាលជាតិបានចេញផ្សាយតាមប្រព័ន្ធអុីនធឺណិតកាលពីថ្ងៃអង្គារបង្ហាញថា រថយន្តយោធាធុនធំពីរគ្រឿង និងរថយន្តមួយបាំងកន្លះមួយគ្រឿងដែលបើកស៊ីរ៉ែននាំមុខ ត្រូវបានឃាត់ឆែកឆេរ ប៉ុន្តែមិនបានលើកឡើងថា រថយន្តទាំងនោះដឹកឈើចំនួនប៉ុន្មាន ឬមានការចាប់ខ្លួនឬក៏អត់ឡើយ។ កាលពីម្សិលមិញ លោក ម៉ៅ ពៅ ស្នងការខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា មនុស្សក្នុងរថយន្តទាំងនោះបានគេចខ្លួនបាត់អស់ ប៉ុន្តែ មិនបានបញ្ជាក់លម្អិតអំពីស្ថានភាពនោះទេ។ លោកថ្លែងថា នគរបាលបានរកឃើញឈើគ្រញូងសរុបចំនួន១៩៥ដុំនៅក្នុងរថយន្តធុនធំ និងឈើធ្នង់៤៨កំណាត់នៅក្នុងរថយន្តស៊ីរ៉ែនមួយបាំងកន្លះដែលសុទ្ធតែជាឈើប្រណីត ហើយត្រូវបានប្រគល់ឲ្យទៅរដ្ឋបាលព្រៃឈើចាប់តាំងពីពេលនោះ។ លោកបន្តថា ”យើងកំពុងបន្តស៊ើបអង្កេត” ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។ យោងតាមរបាយការណ៍របស់នគរបាលជាតិបង្ហាញថា រថយន្តទាំងនោះជាកម្មសិទ្ធិរបស់កងពលតូចដឹកជញ្ជូនលេខ៩៩ក្រោមការបញ្ជារបស់ឧត្ដមសេនីយ៍ទោ ហ៊ុល សំអុន។ ទោះជាយ៉ាងណា ឧត្ដមសេនីយ៍រូបនេះមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ។ លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទបានអះអាងថា កងពលតូចនេះមិនមែនជាអ្នកទទួលខុសត្រូវទេ ដោយបន្ទោសការប្រព្រឹត្តល្មើសទៅលើបុគ្គលទាហានដែលបើកបររថយន្តទាំងនោះ។ លោកបានលើកឡើងទៀតថា “មេបញ្ជាការមិនដែលបញ្ជាឲ្យកូនចៅរបស់ខ្លួនធ្វើរឿងបែបនេះទេ ពីព្រោះពួកគេដឹងថាបើធ្វើ ពួកគេនឹងបាត់បង់តំណែង។ វាជាកំហុសរបស់បុគ្គល មិនមែនអង្គភាពទេ”។ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ថា មន្ត្រីរបស់លោកក៏កំពុងស៊ើបអង្កេតករណីនេះដែរ។ លោកក៏បានលើកឡើងដែរថា អ្នកបើកបរទាំងនោះបានគេចខ្លួនអស់ហើយ ប៉ុន្តែរឿងផ្សេង ទៀត លោកមិនដឹងទេ។ ការស៊ើបអង្កេតមួយចំនួនដោយអង្គការក្លូប៊ល វីតណេស (Global Witness) ជាអង្គការការពារបរិស្ថានរបស់អង់គ្លេស បានរកឃើញភ័ស្តុតាងបញ្ជាក់ពីការពាក់ព័ន្ធជាប្រព័ន្ធរបស់យោធានៅក្នុងជំនួញឈើខុសច្បាប់ដែលរាលដាលរបស់កម្ពុជា ចាប់ពីការដឹកជញ្ជូនរហូតដល់ការកាប់ឈើ។ ក្រុមការងារពិសេសមួយស្ថិតក្រោមការបញ្ជារបស់កងរាជអាវុធហត្ថដែលបានចាប់ផ្ដើមចុះធ្វើប្រតិបត្តិការនៅភាគឦសាននៃប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់ក្នុងតំបន់នោះ ហាក់មិនបានអើពើទាល់តែសោះចំពោះកងកម្លាំងប្រដាប់អាវុធដែលមានលិខិតស្នាមត្រឹមត្រូវ។ ពេលសួរអំពីការធ្វេសប្រហែសនេះកាលពីខែមេសា ឧត្ដមសេនីយ៍ត្រី អេង ហ៊ី បានឆ្លើយតបថា “អ្នកឯងមិនយល់ទាល់តែសោះ” ហើយក៏ផ្ដាច់ទូរស័ព្ទរបស់អ្នកយកព័ត៌មាន៕ សុខុម © 2016, ខេមបូឌា […]

The post នគរ​បាល​​និយាយ​ថា ​ក្រុម​អ្នក​បើក​បរក្បួន​រថយន្ត​យោធាដែល​ដឹកឈើ​​​ប្រណីត ​​​​គេច​​ខ្លួន​បាត់​អស់ appeared first on The Cambodia Daily.