Toyota ​​​​អនុញ្ញាត​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ពី​ផ្ទះ​

ក្រុមហ៊ុន​ Toyota Motor Corporation ​​គ្រោង​បង្កើត​កម្មវិធី​ Telecommute ​មុន​ខែ​សីហា​ខាង​មុខ​ សម្រាប់​បុគ្គលិក​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ ដើម្បី​អាច​ឲ្យ​ពួក​គេ​បំពេញ​កិច្ចការ​ពី​ផ្ទះ​មក​បាន។

 

Toyota ​​​​អនុញ្ញាត​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ពី​ផ្ទះ​

 

កម្មវិធី​នេះ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​បុគ្គលិក​ចំនួន​ ២៥ ០០០ នាក់​ ដែល​​ស្ថិត​នៅ​តាម​ផ្នែក​ដូច​ជា​ ធន​ធាន​មនុស្ស, គណនី, ផ្នែក​លក់,​ R&D និង​ ការងារ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​វិស្វកម្ម។ បុគ្គលិក​ដែល​អាច​ចូល​រួម​កម្មវិធី​នេះ​បាន​ លុះ​ត្រា​តែ​ពួក​គេ​មាន​​លិខិត​បញ្ជាក់​ដែល​ទទួល​បាន​ក្រោយ​ពី​បំពេញ​កិច្ចការ​បាន​ប្រាំ​ឆ្នាំ។

 

ក្រុមហ៊ុន​យានយន្ត​ដ៏​ធំ​នេះ​សង្ឃឹម​​ថា​ កម្មវិធី​ ​Telecommute នឹង​អាច​ជួយ​រក្សា​បុគ្គលិក​​ឆ្នើម​មាន​បទ​ពិសោធន៍​ខ្ពស់​របស់​ខ្លួន​ឲ្យ​នៅ​គង់វង្ស ព្រោះ​ថា​កម្មវិធី​នេះ​អាច​ឲ្យ​បុគ្គលិក​បុរសៗ​ចំណាយ​ពេល​លើ​ការ​ចិញ្ចឹម​កូនៗ​បាន​ច្រើន​ និង​ជួយ​ឲ្យ​បុគ្គលិក​ស្រ្ដី​​បន្ត​ការងារ​របស់​ពួក​គេ​បាន​បន្ទាប់​ពី​រៀបការ​និង​បង្កើត​កូន​រួច។

 

មិន​តែ​ប៉ុណ្ណោះ​​ក្រុមហ៊ុន​ Toyota ក៏​សង្ឃឹម​ថា​ កម្មវិធី​នេះ​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​ ដែល​កន្លង​មក​មាន​បុគ្គលិក​ជា​ច្រើន​លា​ឈប់​ ឬ​ ផ្លាស់​ប្ដូរ​​ការងារ​ ដើម្បី​មើល​ថែ​មនុស្ស​ចាស់​ជរា​ក្នុង​គ្រួសារ។ តាម​ការ​ស្ទង់​មតិ​របស់​ក្រសួង​កិច្ចការ​និង​ទំនាក់​ទំនង​របស់​ជប៉ុន​ បង្ហាញ​ថា​​ជា​រៀង​រាល់​ឆ្នាំ​មនុស្ស​ជាង​ ១០០ ០០០ នាក់​ លា​ឈប់​ ឬ​ ផ្លាស់​ប្ដូរ​​ការងារ ដើម្បី​មើល​ថែ​សមាជិក​គ្រួសារ​របស់​ពួក​គេ៕​​​​​​​​​​​
​​

ចុច​អាន៖ Hacker​ ​រក​ឃើញ​ Bug កើត​មាន​ពាសក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​មន្ទីរ​បញ្ចកោន​អាមេរិក

 

ប្រែ​សម្រួល៖ ហៃ​ សុខហេង
ប្រភព៖ Nikkei